មិនធម្មតា ត្រឹម ៦០ ថ្ងៃ កសិករ សង សុភាក់ រកចំណូលពីដំណាំត្រសក់ផ្អែម បាន ២៤ លានរៀល
ដោយសារមើលឃើញដំណាំត្រសក់ផ្អែមមានទីផ្សារល្អនោះ ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យមួយចំនួន បាននាំគ្នាងាកមកប្រកបរបរដាំត្រសក់ផ្អែមនេះវិញ ។ ទីផ្សារត្រសក់ផ្អែម នាពេលបច្ចុប្បន្ននេះគឺមានតម្លៃ ៣ ០០០ រៀលក្នុងមួយគីឡូក្រាម ឱ្យតែដល់រដូវប្រមូលផលគឺមានម៉ូយទៅទិញដល់ចម្ការតែម្តង ។
ត្រសក់ផ្អែមត្រូវបានគេទិញយកទៅដាក់លក់នៅតាមបណ្តាផ្សារធំៗ ឬ ផ្សារទំនើបមួយចំនួន ។ ប្រភេទដំណាំត្រសក់ផ្អែមនេះ ទើបតែមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប៉ុណ្ណោះ ។
លោក សង សុភាក់ ជាកសិករម្នាក់នៅក្នុងភូមិអូរតាមេង ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាសមាជិកនៅក្នុងសមាគមត្រសក់ផ្អែម សៀមរាប មានជ័យ ។ លោកមានផ្ទៃដីដាំត្រសក់ទំហំ ៣ ០០០ម៉ែត្រការ៉េ ដោយលោកបានដាំដំណាំត្រសក់ផ្អែមនេះ ចំនួន ៨ ០០០គុម្ព ។ លោក សង សុភាក់ មានប្រសាសន៍ថា ក្នុងមួយគុម្ពលោកបានចំណាយដើមទុនអស់ចំនួន ១០០០ រៀល ។ ជាមធ្យមក្នុងមួយរដូវ លោកអាចប្រមូលផលបានប្រមាណជា ១២ ០០០ គីឡូក្រាម ហើយលក់ក្នុងតម្លៃ ៣០០០ រៀលក្នុងមួយគីឡូក្រាម ឱ្យសមាគម ត្រសក់ផ្អែមសៀមរាប មានជ័យ ដោយទទួលបានប្រាក់ចំណេញដុលចំនួន ២៤ លានរៀល ក្នុងរយៈពេល ៦០ ថ្ងៃ ទៅ ៦៥ ថ្ងៃ ៕
ប្រភព៖ក្រសួងកសិកម្ម