មុខរបរចិញ្ចឹមមាន់ ធ្វើឱ្យកសិករ ចាន់ សាមុត អាចរកប្រាក់ចំណូលបានពី ១០០០ ទៅ ១៣០០ ដុល្លារក្នុង ១ ខែ
នៅពេលដែលជំងឺកូវីដ ១៩ បានរាតត្បាតនៅពាសពេញពិភពលោកនោះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ជាយុទ្ធសាស្ត្រដើម្បីលើកកម្ពស់វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែសម្បូរបែប ជាពិសេសគឺការដាំដុះបន្លែ ផ្លែឈើ និង ការចិញ្ចឹមត្រី សាច់ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ សម្រាប់ជួយដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងគ្រាដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច ដោយសារការរាតត្បាតនៃជំងឺកូវីដនេះ ។
កសិករ ចាន់ សាមុត រស់នៅក្នុងភូមិល្វា ឃុំពេជចង្វា ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង លោកត្រូវបានគេចាត់ទុកថា ជាកសិករគំរូរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ដែលទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ។ បច្ចុប្បន្ន កសិករ ចាន់ សាមុត ចិញ្ចឹមមេមាន់ចំនួន ៣៧០ក្បាល ដោយសារតែមុខរបរចិញ្ចឹមមាន់នេះ ក្នុងមួយខែៗ កសិកររូបនេះ អាចរកចំណូលបានចន្លោះពី ១ ០០០ដុល្លារ ទៅ ១៣០០ដុល្លារ ដែលធ្វើឱ្យជីវភាពគ្រួសាររបស់គាត់មានភាពល្អប្រសើរជាងមុន ។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។
ដូច្នេះសម្រាប់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ ស្រុកស្រែចម្ការ ដែលមានដីទំនេរ មិនមានការងារធ្វើ ហើយមិនដឹងប្រកបរបររកស៊ីអ្វីនោះ អាចចាប់ផ្តើមជាមួយការប្រកបរបរចិញ្ចឹមមាន់ស្រែ ដើម្បីលក់ផ្គត់ផ្គង់នៅលើទីផ្សារ ព្រោះមាន់ស្រែ នាពេលបច្ចុប្បន្ននេះ មានទីផ្សារល្អ ហើយតម្លៃរបស់វាក៏ខ្ពស់ដែរ ៕