រៀនចប់បរិញ្ញាបត្រខាងប្លង់ តែយុវជន អ៊ឹង លាងឆេង មកចាប់របរលក់ទាស្ទីមទឹកឃ្មុំ កំពុងលក់ដាក់ខ្លាំង
យុវជន អ៊ឹង លាងឆេង គឺជានិស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកប្លង់ និង មានស្រុកកំណើតនៅខេត្តកំពង់ចាម បានចាប់មុខរបរដុតទាលក់តាមវិធីថ្មីដោយមិនប្រើពាង និង ប្រើធ្យូង ដោយប្រើឆ្នាំងអ៊ីណុកធ្វើជាឡ ព្រមទាំងហ្កាសដុតទា ព្រោះវាមិនធ្វើឱ្យធំក្លិនឈ្ងៀមផ្សែងភ្លើង ស្បែកស្រួយ សាច់ផុយ និង រសជាតិឆ្ងាញ់ប្លែក ។
ពេលនេះរបរលក់ទាដុតរបស់យុវជនរូបនេះហាក់ទទួលជោគជ័យគួរកត់សម្គាល់ ដោយខុសប្លែកពីពេលមុនដែលទើបចាប់ផ្តើមរកស៊ីដំបូងគ្មានអ្នកណាស្គាល់ ហើយក៏លក់មិនសូវដាច់ដែរ តែបច្ចុប្បន្នថែមទាំងអាចពង្រីកសាខាលក់បានដល់ ៣ កន្លែងនៅខណ្ឌសែនសុខ ក្នុងនោះមួយកន្លែងនៅកែងស្តុប ២៤ ម៉ោងទៅផ្សារបឹងបៃតង មួយកន្លែងទៀតនៅក្បែរសាលាសង្កាត់ក្រាំងធ្នង់ និង មួយទៀតនៅជិតវិទ្យាល័យ ជាស៊ីម ឈូកវ៉ា ដោយមួយថ្ងៃលក់ទាបានរាប់រយក្បាល ។
យុវជន អ៊ឹង លាងឆេង បញ្ជាក់ថា ទាស្ទីមទឹកឃ្មុំអាចនិយាយបានថា គ្មានកន្លែងណាធ្វើដូចឡើយ ហើយទាដែលយកមកអាំងលក់នេះគឺជាទាស្រែធម្មជាតិសុទ្ធសាធ នៅពេលដែលអាំងរួច ១ ក្បាលតម្លៃ ២០០០០ រៀលតែប៉ុណ្ណោះ ។ ចំពោះរសជាតិវិញពិសេសខុសគេតែម្តង ពោលគឺស្បែកស្រួយ សាច់ផុយឆ្អិនល្អ មិនមានក្លិនសារ ឬ រងាន់ឡើយ ។ ចំណែកគ្រឿងផ្សំសម្រាប់អាំងទាវិញគឺ ផ្សំដោយការច្នៃប្រឌិតខ្លួនឯងផ្ទាល់តែម្តង ។
ថ្វីបើដាក់រទេះលក់តាមដងផ្លូវមែន តែទាស្ទីមទឹកឃ្មុំលក់ដាច់ហូរហែចាប់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ៨ យប់គឺលក់ដាច់អស់មិនដែលសល់ទេ ។ ជាមួយការលក់ ទាស្ទីមទឹកឃ្មុំ ក៏មានលក់ទាង៉ាំង៉ូវ ក្នុងមួយក្បាល ២០.០០០ រៀល និង ខជើងទាលាយគ្រឿងក្នុងមួយប្រអប់ ១០.០០០ រៀលផងដែរ ។
រំលឹកពីមូលហេតុដែលនាំឱ្យរូបគេចាប់របរលក់ទាស្ទីមទឹកឃ្មុំនេះយុវជន អ៊ឹង លាងឆេង រៀបរាប់ប្រាប់ថា ក្រោយពីបញ្ចប់បរិញ្ញាបត្រខាងប្លង់នាឆ្នាំ ២០១៦ រូបគេក៏បានចាប់អាជីវកម្មលក់ទាដុតនេះដោយសម្រេចដាក់ឈ្មោះថា «ទាស្ទីមទឹកឃ្មុំ» ។ ក្នុងការចាប់អាជីវកម្មនេះបានប្រើប្រាស់ទុនចំនួន ២.៥០០ ដុល្លារ ដែលជាប្រាក់សន្សំនិង បានពីឪពុកម្តាយ ។
ដោយសារចង់ធ្វើអ្វីដែលជារបស់ខ្លួនមិនស្ថិតក្រោមសម្ពាធអ្នកដទៃ ទើបគេសម្រេចចិត្តថាត្រូវរកចាប់របរអាជីវកម្មផ្ទាល់ខ្លួន ដោយក្នុងនោះក៏បានធ្វើការប្រៀបធៀបថា «ការធ្វើការឱ្យគេគឺយើងមានប្រាក់ចំណូលមួយទៀងទាត់ទៅតាមកម្រិតប្រាក់ខែរបស់យើង ចំណែកការរកស៊ីវិញចំណូលមិនទៀងនោះទេ ពោលគឺអាចមានហានិភ័យទៀតផង ដូច្នេះយើងត្រូវមានទំនួលខុសត្រូវលើអាជីវកម្មរបស់ខ្លួនឯង បើយើងមានទំនួលខុសត្រូវខ្ពស់លើអាជីវកម្ម យើងនឹងជោគជ័យហើយចំណូលក៏បានច្រើនជាងធ្វើការឱ្យគេ» ៕