អ្នកចិញ្ចឹមត្រចៀកកាំយកសម្បុកទឹកមាត់ កំពុងត្រូវប៉ាន់ ទោះជួបបញ្ហាទីផ្សារខ្លះដោយសារជំងឺកូវីដក្តី
ដោយមើលឃើញទឹកមាត់ត្រចៀកកាំមានទីផ្សារល្អ និង មានតម្លៃខ្ពស់នោះ មានប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាងាកមកប្រកបរបរចិញ្ចឹមសត្វត្រចៀកកាំយកសម្បុកទឹកមាត់លក់វិញ ។ ប៉ុន្តែនៅពេលជំងឺកូវីដបានរាតត្បាតនៅពាសពេញពិភពលោកនោះ បានធ្វើឱ្យការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំពីប្រទេសកម្ពុជាជួបបញ្ហាទីផ្សារខ្លះដែរ ។ ហើយទីផ្សារសំខាន់សម្បុកទឹកមាត់ត្រចៀកកាំរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះគឺទីផ្សារប្រទេសចិន ។
**បទពិសោធន៍ក្នុងការចិញ្ចឹមសត្វត្រចៀកកាំ
លោក ស្រី សុផល គឺជាអ្នកចិញ្ចឹមសត្វត្រចៀកកាំមុនដំបូងគេ ហើយក៏ជាម្ចាស់ហាងលក់សម្បុកទឹកមាត់ត្រចៀកកាំមួយមានឈ្មោះថា Angkor Bird Nest ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្បែរស្ពានអាកាស ៧មករា(មន្ទីរពេទ្យព្រះសង្ឃ) ។ លោក សុខចិត្តបោះបង់អាជីពជាគ្រូពេទ្យចោលមកប្រកបរបរចិញ្ចឹមសត្វត្រចៀកកាំនេះវិញ រហូតមកដល់ពេលនេះ លោកមានផ្ទះត្រចៀកកាំផ្ទាល់ខ្លួនជាង ៣០ផ្ទះ និង បានពង្រីកផ្ទះត្រចៀកកាំឱ្យភ្ញៀវបានចំនួន ៣០៦ផ្ទះផងដែរ ។ លោក មានប្រសាសន៍ថា មូលហេតុ ដែលនាំឱ្យខ្ញុំបោះបង់អាជីពជាវេជ្ជៈបណ្ឌិតចោល ហើយមកប្រកបរបរចិញ្ចឹំសត្វត្រចៀកកាំនេះវិញ ដោយសារមានមូលហេតុពីរដែលសំខាន់គឺទី១ ការចិញ្ចឹមសត្វត្រចៀកកាំនេះ ធ្វើឱ្យយើងទទួលបានកម្រៃសមរម្យ ដែលធ្វើឱ្យយើងរស់បានក្នុងជីវភាពមួយសមរម្យ ។ ហើយមួយទៀតខាងវិជ្ជាពេទ្យយើងត្រូវការដុសខាតសម្លៀងឱ្យមុតដើម្បីយើងយកទៅព្យាបាលជំងឺ ឱ្យមានប្រសិទ្ធិភាព ។ ដូចខ្ញុំមិនសូវបានដុសខាតខាងផ្នែកវិជ្ជាពេទ្យទេ ទើបខ្ញុំសម្រេចចិត្តបោះបង់វិជ្ជាពេទ្យនេះចោល មករកវិស័យចិញ្ចឹមត្រចៀកកាំនេះវិញ ។ ការដែលយើងចាប់ផ្តើមចិញ្ចឹមដំបូងទីផ្សារនៅទូលំទូលាយ មិនសូវមានអ្នកធ្វើ យើងក៏ចាប់ផ្តើមធ្វើ ហើយទីផ្សារក៏កាន់តែធំឡើងៗនៅពេលដែលជីវភាពយើងមានការរីកចម្រើន ហើយស្រុកចិនក៏មានការរីកចម្រើន ចឹងតម្រូវការក៏ខ្ពស់ ខ្ញុំក៏ចាប់យកឱកាសដើម្បីចិញ្ចឹមបានច្រើន។ តាមគម្រោងនៃការសាងសង់ផ្ទះត្រចៀកកាំនេះគឺមានគម្រោងតាំងពីឆ្នាំ២០០៧ម្ល៉េះ ដោយយើងបានទៅស្រុកម៉ាឡេឃើញគេចិញ្ចឹម តែគម្រោងនាពេលនោះមិនទាន់បានចេញជារូបរាងនោះទេ ទើបនៅឆ្នាំ ២០១០ ទើបចាប់ផ្តើមចិញ្ចឹមនៅទីតាំងក្បែរស្ពានអាកាស៧មករានេះតែម្តង ។ ការសាងសង់ផ្ទះចិញ្្ចឹមសត្វត្រចៀកកាំដំបូងមិនទាន់ទទួលបានជោគជ័យឡើយ នៅរយៈពេល៤ឬ៥ខែដំបូង ដល់ខែទី៧ទើបបានជោគជ័យ រហូតមកដល់ថ្ងៃនេះយើងបេះបាន៦,៥គីឡូក្រាមក្នុងមួយខែ។ ដោយសារផ្ទះត្រចៀកកាំនៅទីនេះ មានអាគារស្រាបទំហំ ៥គុណ ១៦ ដូច្នេះយើងចំណាយថវិការអស់ចំនួន ១៧០០០ដុល្លារ ។ ឥឡូវយើងទទួលបានផល ៦,៥គីឡូក្រាមក្នុង១ខែគិតជាលុយប្រហែលជាង ៤០០០ដុល្លារសម្បុកយើងមិនទាន់រើស តែបើសម្បុកយើងរើសហើយអាចបានខ្ទង់ពី ៦០០០ទៅ ៧០០០ដុល្លារ ។ ដើម្បីឱ្យយើងជោគជ័យ យើងត្រូវរើសទីតាំងក្នុងការសាងសង់ផ្ទះរបស់វា តែសំណាងណាស់ នៅស្រុកខ្មែរយើងកន្លែងណាក៏ចិញ្ចឹមបានដែរ ប៉ុន្តែមានកន្លែងល្អ និង កន្លែងមិនល្អ ហើយកន្លែងដែលល្អនោះគឺកន្លែងមានបរិស្ថានល្អ អត់មានរោងចក្របង្ហុយផ្សែង ទើបយើងធ្វើទៅទទួលបានជោគជ័យ ហើយតំបន់នោះត្រូវមានដើមឈើខ្ពស់ខ្លះ ទាបខ្លះ និង មានដំណាំផ្សេងទៀត មានទឹកស្ទឹង ទឹកបឹង ទន្លេជាដើម ។ បន្ទាប់ពីយើងរើសបានទីតាំងដែលល្អហើយ ត្រូវគូសប្លង់ផ្ទះត្រចៀកកាំឱ្យត្រូវទៅតាមបច្ចេកទេស ធ្វើយ៉ាងម៉េចឱ្យមានខ្យល់ចេញចូលនៅក្នុងនោះឱ្យសាក់សមនឹងសត្វនឹង ថាតើសត្វនេះវាចូលចិត្តខ្យល់ប៉ុន្មាន ?បន្ទាប់ពីយើងសង់អាគារត្រូវទៅតាមបច្ចេកទេសហើយ យើងត្រូវបំពាក់សម្ភារឱ្យត្រូវទៅតាមស្តង់ដាររបស់វា ត្រូវមានសម្លេងត្រូវមានអំភ្លី បន្ទាប់ពីបំពាក់សម្ភារៈត្រឹមត្រូវហើយ យើងត្រូវប្រើសម្លេងហៅឱ្យត្រឹមត្រូវទៀត។ បន្ទាប់ពីនេះត្រូវមានប្រព័ន្ធទឹកគ្រប់គ្រងសំណើមនៅក្នុងផ្ទះនោះអស់ហើយធ្វើឱ្យអត្រាជោគជ័យខ្ពស់ ។
នៅស្រុកខ្មែរ តាមបទពិសោធន៍ខ្ញុំ ចាប់ពី៩ខែ ទៅ ១២យើងអាចប្រមូលផលលើកទី ១ នៅតាមតំបន់នីមួយៗ ។ នៅស្រុកខ្មែរ យើងគួរធ្វើតាមអាកាសធាតុនៅស្រុកខ្មែរ កុំចម្លងពីប្រទេសគេ ព្រោះអាកាសធាតុខុសគ្នា នៅស្រុកខ្មែរយើងមានបច្ចេកទេសជោគជ័យមួយនៅស្រុកខ្មែរ ការថែទាំគឺមិនពិបាកនោះទេគឺមានការងាយស្រួលនៅពេលយើងធ្វើបានត្រឹមត្រូវតាមបច្ចេកទេស។
ចំពោះការសាងសង់ផ្ទះត្រចៀកកាំ បើសិនជាភូមិសាស្ត្រនៅឆ្ងាយ តាមវាលស្រែយើងអាចធ្វើ ត្រឹមមួយជាន់បាន ៨គុណ ២០ មួយជាន់ស្មើដីបាន ហើយដើមទុនវាអស់ប្រហែលជា ៣៧០០០ដុល្លារសរុបទាំសម្ភារ និង សំណង់ ប៉ុន្តែនៅក្នុងក្រុងគឺយើងធ្វើមិនកើតនោះទេ ដោយសារវាទៀបពេក ។ រយៈពេលពី៥ ទៅ៦ឆ្នាំ ទើបយើងអាចប្រមូលផលពីវាបានពេញបន្ទុក ប្រៀបដូចជាយើងមានធនាគារមួយនៅពីក្រោយខ្នង។
**ទីផ្សារសម្បុកទឹកមាត់ត្រចៀកកាំ
លោក ស្រី សុផល មានប្រសាសន៍ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទីផ្សារសម្បុកទឹកមាត់ត្រចៀកកាំអត់មានអ្វីជាបញ្ហានោះទេ ប៉ុន្តែទើបតែពេលថ្មីៗនេះ ដោយសារជំងឺកូវីដ ដែលជាបញ្ហាសាកល វាធ្វើឱ្យប៉ះពាល់ដល់ទីផ្សារសម្បុកទឹកមាត់ត្រចៀកកាំខ្លះ ប៉ុន្តែវាមិនមានបញ្ហាធំដុំនោះទេ វានឹងវិលត្រឡប់មកវិញ នៅពេលយើងបើកប្រទេសឡើងវិញ។ តម្លៃសម្បុកទឹកមាត់ត្រចៀកកាំ នាពេលបច្ចុប្បន្ននេះ ចន្លោះពី ៦០០ ទៅ ៩០០ដុល្លារក្នុងមួយគីឡូក្រាមសម្រាប់សម្បុកមិនទាន់រើសឬសម្អាត ប៉ុន្តែសម្អាតហើយវាមិនចុះច្រើននោះទេ តម្លៃរបស់វាចន្លោះពី ១២០០ ទៅ ជាង ២០០០ដុល្លារដដែល ។ ខ្លួនខ្ញុំផ្ទាល់មិនពង្រីកអីច្រើនប៉ុន្មាននោះទេ គឺខ្ញុំពង្រីកល្មមទេ ហើយផ្ទះចាស់ខ្លះខ្ញុំបានចែកទៅឱ្យមិត្តភក្តិបរទេសខ្លះ ប៉ុន្តែអ្វីដែលខ្ញុំបានពង្រីកនោះគឺប្រឹក្សាឱ្យភ្ញៀវសាងសង់ផ្ទះត្រចៀកកាំលើសពី ៣០០ផ្ទះហើយ ដែលជាសក្តានុពលមួយនៅថ្ងៃក្រោយ ហើយក្នុងចំណោមផ្ទះទាំងនោះគឺយើងចាត់ទុកជាដៃគូរបស់យើង ថ្ងៃក្រោយយើងត្រូវការសម្បុក អាចយកមកពីពួកគាត់បាន ព្រោះគុណភាពដូចរបស់ខ្ញុំ ។ ផ្ទះត្រចៀកកាំជាង ៣០០ផ្ទះនោះគឺគុណភាពដូចផ្ទះខ្ញុំទាំងអស់ ដែលយើងអាចប្រកួតប្រជែងទីផ្សារបាននៅថ្ងៃក្រោយ ។ឥឡូវនេះយើងបានវិវឌ្ឍន៍ធ្វើផ្ទះត្រចៀកកាំទូទាំងស្រុកខ្មែរហើយ កាលពីដើមយើងបានធ្វើតែនៅតាមមាត់សមុទ្រ ដូចជាកំពង់សោម កំពត កោះកុងនោះទេ ។
សម្រាប់ខ្លួនខ្ញុំប្រមូលសម្បុកទឹកមាត់ត្រចៀកកាំក្នុង១ខែចន្លោះពី ១០០ ទៅ ១៥០គីឡូក្រាម សម្រាប់ភ្ញៀវយើង បើយើងប្រមូលទាំងអស់បានចន្លោះពី៥០០ទៅ១០០០គីឡូក្រាម ។ រាល់ថ្ងៃនេះ ខ្ញុំមានផ្ទះខ្លួនឯង និង សហការណ៍មានចំនួន ៣៥ផ្ទះ ការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំនេះ វាមិនមានអ្វីជាផ្លូវការនោះទេ ដូចជាភ្ញៀវចិន តៃវ៉ាន សាំងហ្គាពួរ ពេលដែលភ្ញៀវមកគឺពួកគាត់ទិញយកទៅតែម្តង ។ ហើយបើឱ្យនាំជាផ្លូវការអត់ទាន់មានធំដុំទេ ចឹងភាគច្រើនភ្ញៀវគាត់មកទិញដល់កន្លែងតែម្តង ។ ភាគច្រើនគឺពួកគាត់ទិញសម្បុកដែលរើសសម្អាតហើយ ហើយខ្មែរយើង ដែលមានជីវភាពធូរធារគេចាប់ផ្តើមទិញច្រើន ។ អ្វីដែលជាការប្រឈមក្នុងការធ្វើផ្ទះត្រចៀកកាំនោះគឺមានអ្នកខ្លះចេះតែធ្វើតាមគ្នា អត់មានបច្ចេកទេសច្បាស់លាស់ នៅពេលខុសបច្ចេកទេស ការថែទាំមានការពិបាក ខ្លះរត់អត់រួចក៏បោះបង់ចោលកណ្តាលទីតែម្តង។ យើងធ្វើយ៉ាងម៉េចយកបច្ចេកទេសឱ្យសមស្របនៅក្នុងស្រុកខ្មែរយើង ទើបទទួលបានជោគជ័យខ្ពស់ ។ ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាលជួយស្វែងរកទីផ្សារ ជាពិសេសនៅស្រុកចិនតែម្តង ឱ្យទៅជាទីផ្សារផ្លូវការ ឥឡូវនេះយើងមិនទាន់មានបញ្ហាទីផ្សារនោះទេ តែខ្ញុំបានមើលឃើញថា នៅថ្ងៃក្រោយសម្បុកត្រចៀកកាំនឹងមានច្រើន ដូច្នេះអាចមានបញ្ហាទីផ្សារបើខាងរដ្ឋាភិបាលអត់ជួយពួកយើង ។ ហើយមួយទៀតខ្ញុំសំណូមពរឱ្យអ្នកដែលចិញ្ចឹមត្រចៀកកាំ និង អ្នកដែលប្រឹក្សាដល់អ្នកចិញ្ចឹមត្រចៀកកាំទាំងអស់មេត្តាសូមកុំប្រើថ្នាំណា ដែលប៉ះពាល់ដល់គុណភាពសម្បុកនោះ ដើម្បីយើងនាំចេញទៅក្រៅកុំឱ្យខូចក្រេឌីតផលិតផលរបស់យើង ។ ហើយមួយទៀតសុំឱ្យអ្នកចិញ្ចឹមទាំងអស់មកសុំលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅពេលចងក្រងបានគ្នាច្រើនទៅ យើងអាចស្នើសុំនៅប្រទេសគេដើម្បីនាំចូលបាន រាល់ថ្ងៃមានច្រើនតែអត់មាននៅក្នុងបញ្ជីអត់មានអ្វីទៅបង្ហាញគេទេ ។ ទីផ្សារសម្បុកត្រចៀកកាំយើងបច្ចុប្បន្ននេះមាននាំចេញ ទៅចិន តៃវ៉ាន់ និង ហុងកុងជាដើម ។ បើតាមខ្ញុំដឹងនោះ ការនាំចេញមិនផ្លូវការគឺមានភាគច្រើន ។ បើយើងធ្វើឱ្យទៅជាផ្លូវការមែនទែនទៅគឺចំណេញដល់ប្រទេសជាតិ និង ប្រជាជនយើងអ្នកចិញ្ចឹមច្រើន ។
ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ វិស័យចិញ្ចឹមសត្វត្រចៀកកាំមានភាពផុសផុលច្រើនមែនទែនផ្នែកសាងសង់ផ្ទះត្រចៀកកាំ ប៉ុន្តែសម្រាប់ការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារអន្តរជាតិ នៅមិនទាន់បានទូលំទូលាយឡើយ ។ អ្នកនាង ជិន លីឃីម ជាអ្នកចិញ្ចឹមត្រចៀកកាំ និង ជាម្ចាស់ហាងថ្មទិព្វលក់សម្បុកទឹកមាត់ត្រចៀកកាំ ដែលមានទីតាំងនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧កមរា បានមានប្រសាសន៍ថា ខ្ញុំចាប់ផ្តើមចិញ្ចឹម និង លក់សម្បុកទឹកមាត់ត្រចៀកកាំតាំងពីឆ្នាំ ២០០៧ម្ល៉េះ សម្បុកត្រចៀកកាំកាលពីពេលមុនតម្លៃរបស់វាថ្លៃ ហើយភ្ញៀវនៅក្នុងស្រុកខ្មែរយើងមិនទាន់ស្គាល់ពីអត្ថប្រយោជន៍ពីទឹកមាត់ត្រចៀកកាំប៉ុន្មាននោះទេ ។ ឥឡូវនេះ មានអ្នកស្គាល់ពីអត្ថប្រយោជន៍វាច្រើន ។ នៅមុនពេលជំងឺកូវីដចូលរាតត្បាតទីផ្សារសម្បុកទឹកមាត់ត្រចៀកកាំល្អ គឺមានឈ្មួញបាននាំចេញទៅខាងក្រៅច្រើន ដូចជាទៅប្រទេសចិន និង វៀតណាមបានច្រើន ប៉ុន្តែសព្វថ្ងៃនេះ នៅពេលមានបញ្ហាកូវីដអ៊ីចឹង ការនាំចេញមានការធ្លាក់ចុះរហូតដល់៩០% សម្រាប់ភ្ញៀវនៅក្នុងស្រុកមិនមានការប៉ះពាល់ច្រើននោះទេ ចុះដែរ តែចុះបន្តិចបន្តួចប៉ុណ្ណោះ ព្រោះអីអ្នកទទួលទានគឺនៅតែទទួលទានដដែល គឺធ្លាក់ចុះប្រហែលជា១០ ទៅ ២០%ប៉ុណ្ណោះ ។ តាមធម្មតាសម្បុកទឹកមាត់ត្រចៀកកាំ គេអាចយកទៅចំហុយបរិភោគ ព្រោះវាជាឳសថប៉ូវកម្លាំងដ៏ពិសេសមួយ ហើយគេយកវាទៅធ្វើជាគ្រឿងកែសម្ផស្ស ឬ គ្រឿងសំអាងជាដើម ។ ហើយទីផ្សារចិនគឺជាទីផ្សារត្រចៀកកាំដ៏ធំបំផុតរបស់កម្ពុជា ។ ជាទូទៅហាងថ្មទិព្វយើងខ្ញុំ មានលក់ជាប្រភេទសម្បុកទឹកមាត់ត្រចៀកកាំ ដែលសម្អាតរោមហើយ កែច្នៃហើយមាន៤ឬ៥ប្រភេទ ជាទូទៅគឺភ្ញៀវយកទៅចំហុយធ្វើម្ហូបដោយខ្លួនឯង ហើយមានភ្ញៀវខ្លះទៀតគឺពួកគាត់អញ្ជើញយកជាដប ដែលយើងបានចំហុយរួចស្រេច។ ហើយសម្បុកទឹកមាត់ត្រចៀកកាំដែលមានដាក់លក់នៅក្នុងហាងយើងខ្ញុំនេះ គឺមានសម្បុកយកមកពីផ្ទះត្រចៀកកាំខ្លួនឯងខ្លះ និង ទិញពីគេខ្លះ ។ កន្លងមកខ្ញុំក៏បានទៅសិក្សាក្សាពីផ្ទះត្រចៀកកាំ ពីការធ្វើផ្ទះត្រចៀកកាំ បានចូលរួមនៅខាងប្រទេសម៉ាឡេស៊ីជាមួយក្រុមហ៊ុន ដែលផលិតសម្បុកទឹកមាត់ត្រចៀកកាំទាំងអស់ ។
ហើយហាងថ្មទិព្វយើងខ្ញុំបានបើកដំណើរការចិញ្ចឹម និង លក់សម្បុកទឹកមាត់ត្រចៀកកាំអស់រយៈពេលជាង ១០ឆ្នាំមកហើយ ហើយមានអតិថិជន ដែលបានគាំទ្រច្រើន ដែលពួកគាត់បានស្គាល់ពីសម្បុកទឹកមាត់ត្រចៀកកាំថ្មទិព្វនេះជាយូរមកហើយ ហើយបានបន្តការគាំទ្ររហូតមកដល់សព្វថ្ងៃនេះ ។ ហើយខ្ញុំបានបើកនៅកំពង់សោមកាលពីជាង ១០ឆ្នាំមុន ហើយមកបើកនៅភ្នំពេញនេះគឺមានរយៈពេល៩ឆ្នាំមកហើយ ដែលខ្ញុំបានឈរលើវិស័យទឹកមាត់ត្រចៀកកាំនេះ អាចនិយាយថា យូរដែរហើយ អ៊ីចឹងអីវ៉ាន់របស់ខ្ញុំគឺបញ្ជាក់នូវគុណភាពសុទ្ធ ១០០%អត់មានលាយអ្វីទាំងអស់ ដែលភ្ញៀវទាំងអស់មានការទទួលស្គាល់សម្បុកទឹកមាត់ត្រចៀកកាំនៅក្នុងហាងថ្មទិព្វយើងខ្ញុំនេះ ។ ទឹកមាត់ត្រចៀកកាំគឺអាចជួយបំប៉នសារពាង្គកាយយើងឱ្យរឹងមាំល្អ ការពារប្រព័ន្ធធាតុផ្សាំ ជួយឱ្យប្រព័ន្ធអាហារយើងដើរស្រួល ជួយដល់ថ្លើម សួត គ្រលៀន ឱ្យដំណើរការបានល្អ ជួយឱ្យស្បែក និង សម្រស់ក្មេងជាងវ័យ ហើយចំពោះស្ត្រីដែលមានផ្ទៃពោះគឺអាចទទួលទានសម្បុកទឹកមាត់ត្រចៀកកាំល្អណាស់ អាចជួយទាំងម្តាយ ជួយទាំងទារកក្នុងផ្ទៃ ។
លោកឧកញ៉ា ណាង សុធី ប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជាមានប្រសាសន៍ថា មកដល់ពេលនេះយើងនៅមិនទាន់មានជាស្ថិតិពិតប្រាកដពីផ្ទះត្រចៀកកាំនៅឡើយទេ តែជាការប៉ាន់ស្មាននៅទូទាំងប្រទេសមានចន្លោះពី១៨០០ ទៅ ១៩០០ផ្ទះ ដែលមាននាពេលបច្ចុប្បន្ននេះ ។ នៅលើពិភពលោក ដែលដំណើរការរកស៊ីត្រចៀកកាំ ដែលមានតម្លៃស្មើនឹង ១៥ពាន់លានដុល្លារនោះ គឺ ៩០ភាគរយហើយទៅទីផ្សារប្រទេសចិន( ចិនដីគោក តៃវ៉ាន់ ហុងកុង ) ហើយ១០ភាគរយទៀតទៅកាន់ទីក្រុងធំៗដូចជាទីក្រុងប៉ារីស ទីក្រុងនៅអាមេរិក ដែលមានជនជាតិចិនរស់នៅ ។ ចំពោះសម្បុកទឹកមាត់ត្រចៀកកាំកម្ពុជា ដែលធ្វើការនាំចេញទៅប្រទេសចិននោះ មានតាមផ្លូវសមុទ្រ ផ្លូវគោក ផ្លូវអាកាសគឺទៅតាមលទ្ធភាព ដែលពួកគេធ្វើបាន តែក៏មានជនជាតិខ្មែរយើង ដែលគេរកស៊ីលើវិស័យនេះក៏គេធ្វើការនាំចេញទៅដែរ ប៉ុន្តែក្រៅផ្លូវច្បាប់នោះទេ ។ បើតាមការប៉ាន់ស្មានការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំពីប្រទេសកម្ពុជាគឺមានក្នុងចន្លោះពី ១៥០០គីឡូក្រាមទៅ ២០០០គីឡូក្រាមក្នុងមួយខែ ។ មកដល់ពេលនេះ យើងអាចមានកិច្ចព្រមព្រៀងជាលក្ខណៈក្រុមហ៊ុន ដូចជាការផ្គត់ផ្គង់ទៅប្រទេសវៀតណាម ទៅប្រទេសសីង្ហបុរី ទៅហុងកុង ទៅប្រទេសថៃ និង ការផ្គត់ផ្គង់ទៅប្រទេសម៉ាឡេស៊ីគឺគេសុទ្ធតែមានខ្សែបណ្តាញពាណិជ្ជកម្មរបស់គេ ដែលគេបានធ្វើជាលក្ខណៈក្រុមហ៊ុន ប៉ុន្តែជាផ្លូវការរវាងរដ្ឋ និង រដ្ឋ ហើយឯកជនយើងនាំចេញទៅចិន នៅពុំទាន់មានជាផ្លូវការនៅឡើយទេ នៅរងចាំការចុះហត្ថលេខាជាផ្លូវការរបស់ក្រសួងកសិកម្ម ជាមួយទីចាត់ការគយរបស់ប្រទេសចិនដើម្បីអនុញ្ញាតឱ្យផលិតផលយើងនាំចេញទៅប្រទេសចិនជាផ្លូវការ ៕