បុណ្យផ្កាយ ឬ ជាភាសាជប៉ុនហៅថា បុណ្យ តាណាបាតា គឺជាពិធីបុណ្យប្រពៃណីជប៉ុនមួយដែលតែងតែប្រព្រឹត្តទៅជារៀងរាល់ឆ្នាំក្នុងខែកក្កដា នៅក្នុងប្រទេសជប៉ុន ក៏ដូចជាការចែករំលែកវប្បធម៌ជប៉ុននៅក្នុងប្រទេសកម្ពុជា ។ ដោយឡែកក្នុងឆ្នាំនេះ ដោយសារតែមានវិបត្តិនៃការរាតត្បាតនៃវីរុសកូវីដ ១៩ ទើប ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអនឡាញវិញ ។
បុណ្យ តាណាបាតា នឹងប្រព្រឹត្តទៅចំនួន២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកក្កដានេះ តាមរយៈប្រព័ន្ធអនឡាញ ដែលរួមមានបញ្ជូលនូវកម្មវិធីផ្សេងទាក់ទងនឹងវប្បធម៌ ប្រពៃណី និង ភាសាជប៉ុនផងដែរ ។
សូមបញ្ជាក់ថា បុណ្យតាណាបាតា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៧ ខែកក្កដា នៅក្នុងប្រទេសជប៉ុន ស្របទៅនឹងរឿងព្រេងមួយដែលបានតំណាលពីក្តីស្នេហាដ៏ស្មោះស្ម័គ្ររបស់ព្រះនាងតម្បាញនៅលើឋានសួគ៌ និង អ្នកគង្វាលគោ ដែលពួកគេត្រូវបានកាត់ផ្តាច់ឱ្យនៅឆ្ងាយពីគ្នាដោយ ទន្លេ Amanogawa ហើយត្រូវបានអនុញ្ញាតឱ្យជួបគ្នាបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅក្នុងថ្ងៃទី ០៧ ខែកក្កដា ។ នៅក្នុងកំឡុងពេលនោះ ប្រជាជនជប៉ុនតែងតែសរសេរនូវបំណងប្រាថ្នារបស់ពួកគេ ចងភ្ជាប់ទៅនឹងដើមឬស្សី ចំណែកបំណងប្រាថ្នារបស់ពួកគេគឺឱ្យដូចគូរស្នេហ៍ទាំងពីរនោះ ដោយសារគូស្នេហ៍ទាំងពីរសុទ្ធតែជាអ្នកដែលប្រឹងប្រែងធ្វើការ និង មានជំនាញខ្ពស់ ។
ចាប់តាំងពីឆ្នាំ ២០១៨ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា រួមជាមួយនឹងដៃគូសហការផ្សេងទៀត ក៏បានបង្កើតកម្មវិធីនេះឡើងនៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងចែករំលែក វប្បធម៌រវាងប្រទេសទាំង២ ៕
តោះចង់ដឹងថាបុណ្យផ្កាយ តាណាបាមានកម្មវិធីអ្វីខ្លះ សូមមើលនៅក្នុងរបៀបវារៈខាងក្រោម ៖