រៀនចប់ IT ទៅធ្វើការនៅថៃ ៦ ឆ្នាំ ត្រឡប់មកវិញ បើកកសិដ្ឋានចិញ្ចឹមត្រី កង្កែប កាក់កបណាស់
ពិតជាគួរឱ្យសរសើរខ្លាំងណាស់ ដែលយុវជនម្នាក់បានរៀនចប់ បរិញ្ញាប័ត្រ IT ហើយក៏បានស្វះស្វែងរកការងារធ្វើនៅប្រទេសថៃរយៈពេល ៦ឆ្នាំ ហើយនៅពេលចុងក្រោយ ក៏បានវិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីមកដល់ស្រុកកំណើតរូបគេក៏បានសម្រេចចិត្តមកធ្វើវារីវប្បកម្ម នៅភូមិកំណើតរបស់ខ្លួន ដោយទទួលបានជោគជ័យជាទីគាប់ចិត្តបំផុត ។
យុវជន រី វុទ្ធី រស់នៅនៅ ភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបព្ចាប់ការសិក្សាជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) នៅសកលវិទ្យាល័យបន្ទាយមានជ័យ ហើយបានទៅធ្វើការផ្នែកបច្ចេកវិទ្យាពត៌មាននៅប្រទេសថៃចំនួន ៦ ឆ្នាំ ។ នៅឆ្នាំ ២០១៦ រូបគាត់បានសម្រេចចិត្តវិលត្រឡប់មកស្រុកភូមិរបស់គាត់វិញ ដោយបានចាប់ផ្តើមសាកល្បងបង្កាត់ភ្ញាស់កូនកង្កែប ដែលលោកបានទិញមេពូជកង្កែបចំនួន៤គូរ ពីមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (បាទី) ខេត្តព្រៃវែង មកសាកល្បងក្នុងឆ្នាំទីមួយ ។ រហូតដល់ឆ្នាំទីបួននេះ គាត់បានទទួលជោគជ័យ ដោយក្តីមោទនភាពបំផុត ។
រហូតមកដល់ពេលនេះ រី វុទ្ធី បានបង្កើតកសិដ្ឋានមួយ ដោយដាក់ឈ្មោះថា «មាគ៌ាជលសា »គាត់បានផលិត និង លក់កូនកង្អែបពូជប្រហែល ១០ ម៉ឺនកូន កង្កែបសាច់ ៦ តោន និង ត្រីទីឡាព្យាសាច់ ១២ តោន ។ នៅកំឡុងពេលជំងឺកូវីដ ១៩ កសិដ្ឋានមាគ៌ាជលសារបស់គាត់ កាន់តែមានការមមាញឹកក្នុងការលក់កូនកង្កែប និង ត្រីសាច់ ។ នៅក្នុងឆ្នាំនេះ គាត់មានមេពូជកង្កែបចំនួន ៣០០០ គូរ សម្រាប់ផលិតកូនកង្កែប ។
នៅកំឡុងពេល ចុះទៅពិនិត្យកសិដ្ឋាន មាគ៌ាជលសា កាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានបញ្ចាក់ថា នេះជាបទពិសោធន៍មួយដ៏ល្អប្រសើរ សម្រាប់យុវជន និង កសិករដទៃទៀត រៀនសូត្រ និង ចាប់យករបរនេះ។ អ្វីដែលយុវជន រី វុទ្ធី បានធ្វើនោះគឺ មិនគ្រាន់តែចាប់មុខរបបចិញ្ចឹមយកសាច់លក់ប៉ុណ្ណោះទេ ប៉ុន្តែបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសេជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងការជួយផលិតស្បៀងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ចែកចាយពូជកង្កែប និង ត្រីដល់យុវជន និង កសិករ ដែលបានកើតចេញពីការបង្កើតកសិដ្ឋានវារីវប្បកម្មរបស់ខ្លួន ។ បើបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញកូនត្រី និង កង្កែបអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០១២ ៤១១ ៨២៨ / ០៨១ ៤១១ ៨២៨ /០៩៦៣៦៩៨០០២ ៕
ប្រភព៖ ទំព័រហ្វេសប៊ុក ឯកឧត្តម វេង សាខុន