ជីវិតតស៊ូ ពីរនាក់បងប្អូនរែកនំបញ្ចុកលក់ជិត ២០ ឆ្នាំ ប្តូរមកលក់តាមរទេះរុញ ស្រួលកម្លាំង លក់បានច្រើន
នំបញ្ចុកជាអាហារសម្រន់ដែលម្តងម្កាលអាចជំនួសបាយបានយ៉ាងពេញនិយម ហើយការប្រកបរបរលក់នំបញ្ចុកបានក្លាយជាមុខរបរ និង ជាប្រភពចំណូលដល់មនុស្សមិនតិចនាក់ឡើយ ។ នំបញ្ចុកខ្មែរគេឃើញមានលក់តាមគ្រប់រូបភាព ដូចជាលក់តាមរទេះរុញ ឬ គេរែកដើរលក់ ឬ លក់តាមហាងភោជនីយដ្ឋាន ឬ សណ្ឋាគារក៏មាន ជាដើម ។
តាមការដ្ឋានសំណង់ រោងចក្រ និង ទីសាធារណៈ ការរែកនំបញ្ចុកលក់ នៅតែជារបរមួយដែលស្រ្តីមួយចំនួនបានចាប់យក និង បានយិតយោងជីវភាពពួកគាត់ឱ្យចាកផុតពីភាពក្រីក្រ ។ តាមផ្សារតូចធំ ទីណាក៏មានរាន ឬ តូបលក់នំបញ្ចុកនេះដែរ ក្រៅពីនេះនៅតាមហាង ភោជនីយដ្ឋាន រហូតក្នុងសណ្ឋាគារធំៗ លំដាប់ផ្កាយក៏មានតាំងលក់នំបញ្ចុកខ្មែរនេះដែរ គ្រាន់តែឱជារស និង តម្លៃខុសគ្នាទៅតាមកន្លែង តាមឋានៈ និង វណ្ណៈរបស់អ្នកបរិភោគតែប៉ុណ្ណោះ ។
ជាធម្មតាកម្មករស៊ីប្រាក់ឈ្នួលប្រចាំថ្ងៃ ឬ ប្រចាំអាទិត្យ អ្នកដំណើរ និង នៅសហគមន៍មិនរៀបរយមិនសូវរើសទេ នំបញ្ចុកអម្រែកជាអាហារជម្រើសទីមួយសម្រាប់ពួកគាត់ និង កូនចៅ ដែលជាទូទៅអាចចំណាយត្រឹមតែ ៣ ទៅ ៥ ពាន់រៀល កូនចៅពីរបីនាក់ គឺអាចហូបបាន ។ ការលក់នំបញ្ចុកដោយអម្រែកនៅតែនិយមសម្រាប់កម្មករប្រាក់ខែតិច ពេលខ្លះពួកគាត់មានប្រាក់តែ ៣ ពាន់រៀល ក៏អាចហូបនំបញ្ចុកបានមួយចានដែរ ដើម្បីសម្រន់ការឃ្លាន ។
បើតាមស្រ្តីពីរនាក់បងប្អូនដែលមកជួលផ្ទះគេនៅដើម្បីប្រកបរបររែកនំបញ្ចុកលក់ជិត ២០ ឆ្នាំ នៅក្នុងក្រុងភ្នំពេញម្តុំបេនឡានក្រុងផ្សារដើមគរ និង ម្តុំអតីតអ៊ីនធ័រកុងទីណង់តាល់ បានរំលឹកពីការតស៊ូក្នុងជីវិតជាអ្នករែកនំបញ្ចុកដើរលក់ថា ទើបតែជាង ១ ឆ្នាំនេះទេដែលពួកគាត់បានប្តូរពីការរែកមកធ្វើជារទេះរុញដើរលក់វិញព្រោះកាលពីនៅរែកនំបញ្ចុកដើរលក់យ៉ាប់កម្លាំងមែនទែន ឡើងក្រិនស្មាអស់ហើយដោយសារតែត្រូវរែកនំបញ្ចុកផង ចានផង ឆ្នាំងសម្លនំបញ្ចុកផង… ម្ល៉ោះហើយទើបការលក់មិនសូវបានច្រើនទេ ពោលគឺដាក់ទៅតាមកម្លាំងដែលអាចរែកបានប៉ុណ្ណោះ ។ ពេលរែកនំបញ្ចុកដើរលក់គឺដាក់តែសម្លមួយមុខទេបើស្លសម្លខៀវ (សម្លខ្មែរ) គឺអត់មានសម្លក្រហម (សម្លការី) ទេ តែនៅពេលមានរទេះរុញដើរលក់គឺពួកគាត់មានទាំងសម្លខៀវ (សម្លខ្មែរ) និង សម្លក្រហម (សម្លការី) ដើម្បីបំពេញតាមតម្រូវការអតិថិជន និង អាចលក់បានច្រើនផង ។
ស្រ្តី ២ នាក់បងប្អូនដែលស្រ្តីបងឈ្មោះ គាំរុន អាយុ ៤៩ ឆ្នាំ និង ប្អូនឈ្មោះ គាំ រឿន អាយុ ៤១ ឆ្នាំមានស្រុកកំណើតនៅភូមិអណ្តូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ បានបង្ហើបឱ្យដឹងថា ដោយសារជីវភាពក្រុមគ្រួសារមានការលំបាកខ្វះខាត ព្រោះម្តាយមេម៉ាយមានកូនដល់ទៅ ៨ នាក់ ទើបយាយម្នាក់ឈ្មោះ ឆុំ មានរបររែកនំបញ្ចុកលក់នៅភ្នំពេញ ហើយមានប្តីនៅស្រុកជាមួយពួកគាត់មើលឃើញពីភាពលំបាកក្នុងក្រុមគ្រួសារនេះក៏បានណែនាំឱ្យពួកគាត់មករែកនំបញ្ចុកលក់ដោយបានជួយបង្ហាត់បង្ហាញពីរបៀបស្ល និង របៀបលក់រហូតអាចរកចំណូលបានយកទៅជួយផ្គត់ផ្គង់ក្រុមគ្រួសារនៅឯស្រុកទៀតផង ។
ការរែកនំបញ្ចុកដើរលក់ក្នុង ១ ថ្ងៃ ២ ដង គឺពេលព្រឹកចេញម៉ោង ៦ រហូតដល់ម៉ោង ៩ និង ពេលថ្ងៃលក់ពីម៉ោង ២ ដល់ម៉ោង ៥ ល្ងាចអស់នំបញ្ចុកចំនួន ៥ គីឡូក្រាម តែដល់ពេលលគាត់ធ្វើរទេះរុញដើរលក់ក្នុងមួយថ្ងៃអាចលក់បានក្នុងម្នាក់ពី ២០ ទៅ ២៥ គីឡូក្រាមដែលក្នុងមួយចានលក់ថ្លៃ ៣០០០ រៀល ។
ទាំងពេលរែកនំបញ្ចុកដើរលក់ ក៏ដូចពេលមានរទេះរុញដែរគឺពួកគាត់មិនមានកន្លែងលក់ពិតប្រាកដឡើយ ពោលគឺចេះតែដើរលុះត្រាមានគេទិញទើបឈប់ ហើយវេចខ្ចប់លក់ឱ្យគេ ។ ដូច្នេះអតិថិជនរបស់ពួកគាត់ភាគច្រើនជាអ្នកធ្វើការ ជាកម្មករសំណង់ ជាប្រជាជននៅតាមផ្ទះដែលពួកគាត់ដើរលក់… ។
ជាទម្លាប់ការលក់នំបញ្ចុករបស់ពួកគាត់ រាល់ព្រឹកពេលលក់នំបញ្ចុកអស់គឺចូលផ្សារទិញត្រីសាច់បន្លែត្រៀមទុកសម្រាប់ស្លទឹកនំ លុះដល់ម៉ោង ៤ ជិតភ្លឺនាំគ្នាក្រោកដាំស្លទឹកនំទាំងសម្លខៀវ (សម្លខ្មែរ) និង សម្លក្រហម (សម្លការី) ព្រមទាំងឆ្លៀតពេលបេះជីបន្លែលាងទឹកទុកដាក់ជាមួយនំបញ្ចុក ហើយម៉ោង ៦ ព្រឹកចាប់ផ្តើមចេញដើរលក់ ។
ទោះជារបរនេះហាក់មានការហត់នឿយបន្តិចមែនក៏ពួកគាត់ពេញចិត្ត ព្រោះគ្មានចេះជំនាញអ្វីផ្សេងទៀតពិសេសយល់ថារបរនេះបានជួយពួកគាត់ពីការខ្វះខាតដូចពេលមុន ហើយថែមទាំងអាចផ្ញើលុយទៅក្រុមគ្រួសារនៅស្រុកកំណើតបានមួយចំនួនទៀតផង ៕