ហូបបាយអស់ពីចានជាទម្លាប់ល្អពិត ប៉ុន្តែមនុស្សមួយចំនួនយល់ផ្ទុយពីនេះ ដោយមូលហេតុថា…
មនុស្សម្នាក់ៗមានទម្លាប់ក្នុងការរស់នៅមិនដូចគ្នានោះឡើយ ដោយហេតុថាក្នុងគ្រួសានីមួយៗមានការអប់រំ ក៏ដូចជាស្ថានភាពរស់នៅមិនដូចគ្នា ។ ជាក់ស្តែង យើងក្រឡែកមកមើលទម្លាប់ក្នុងការទទួលទានបាយរបស់មនុស្សយើងវិញ ព្រោះការទទួលទានបាយនេះមិនមែនគ្រាន់តែជាសកម្មភាពដើម្បីតម្រូវការក្រពះប៉ុណ្ណោះទេ តែទំនៀមទម្លាប់ខ្មែរយើងបានចាត់ទុកការទទួលទានបាយនេះជាសុជីវធម៌ក្នុងការរស់នៅមួយ សូម្បីតែការអង្គុយទទួលទាន ក៏ដូចជារបៀបនៃការចូកបាយដាក់បញ្ចូលមាត់ក៏មានត្រូវតែមានរបៀបរបបត្រឹមត្រូវដែរ ។
ដោយឡែកទម្លាប់នៃការទទួលទានបាយនេះ កន្លងមកមានមតិពីរប្រឆាំងគ្នា ដោយមានអ្នកមួយចំនួនថាគាត់ទម្លាប់ទទួលទានបាយមិនឱ្យអស់ពីចាននោះឡើយ ជាពិសេសគឺអ្នកដែលទទួលទាននៅតាមហាងតែម្តង ដោយពួកគេគិតថាការទទួលទានបាយបោសអស់ពីចាននោះគឺមើលទៅមិនសមរម្យ ហើយហាក់ដូចជាមនុស្សដែលមិនធ្លាប់បានទទួលទានអីពីមុនមក ។
ចំណែកឯមនុស្សមួយចំនួនទៀត គឺគេតែងតែទទួលទានបាយអស់ពីចានស្ទើរតែមិនមានសេសសល់មួយគ្រាន់នោះឡើយ ដោយគេបានយល់ឃើញថា បាយជាអាហារមួយប្រភេទដែលពិបាករក ហើយវាចេញពីកម្លាំងញើសឈាមរបស់ប្រជាកសិករដែលខិតខំយ៉ាងដុតដៃដុតជើង ដើម្បីផលិតជាស្រូវជាអង្កររហូតបានក្លាយជាបាយនេះបាន ដូច្នេះមិនត្រូវខ្ជះខ្ជាយឡើយ ព្រោះមានមនុស្សច្រើនណាស់ក្នុងពិភពលោកដែលត្រូវស្លាប់ដោយសារអត់អារហារ ។
ឆ្លើយតបទៅនឹងការយល់នេះ លោក សយ ស៊ីណា ធ្លាប់ជានិស្សិតផ្នែកអក្សរសាស្ត្រខ្មែរ នៅសាកវិទ្យាល័យភូមិន្ទភ្នំពេញ និង បច្ចុប្បន្នជាអ្នកនិពន្ធប្រលោមលោកដ៏មានពូកែម្នាក់នោះបានឱ្យដឹងថា កាលពីនៅស្រុកកំណើតលោកតែងតែទទួលទានបាយអស់ពីចានជានិច្ច តែពេលមកដល់ភ្នំពេញ ពេលទទួលទានបាយជាមួយមិត្តភក្តិនៅខាងក្រៅម្តងៗ គឺធ្វើឱ្យលោកមានការខ្មាសអៀនក្នុងការប្រមូលបាយឱ្យអស់ពីចាន ព្រោះមិត្តភក្តិសុទ្ធតែទទួលទានសល់គ្រប់ៗគ្នា (សល់តិចតួចបំផុត) ហើយពេលគេឃើញខ្ញុំបោសបាយពីចានគ្មានសល់មួយគ្រាប់នោះ គេនាំគ្នាសើចហើយចំអកថា «ដូចដាច់បាយបីថ្ងៃ» (សើច) ។
ដោយឡែកប្អូនស្រី ជា ចរិយា និស្សិតផ្នែកគណនេយ្យនៅសាលា វ៉ាន់ដា បាននិយាយពីបញ្ហានេះថា នាងមិនដែលបោសបាយអស់ពីចាននៅពេលហូបនោះឡើយ ព្រោះយល់ថាដូចជាមិនសូវទំនង ហើយនាងប្រាកដជាខ្មាសគេពេលដែលគេឃើញនាងបោសបាយអស់ពីចានរលីងនោះ ។ ចុះចំពោះសាធារណៈជន ដែលកំពុងអានអត្ថបទនេះវិញ តើលោកអ្នកយល់ឃើញយ៉ាងណាចំពោះបញ្ហានេះ ? តើការទទួលទានបាយអស់ពីចានពិតជាមើលទៅសម្រែមែនឬ ?
(ដោយ៖ សាកល)
(កែសម្រួលពី ភូមិន្ទ)