ចង់ដឹងទេ «មកុដ» ដ៏ស្រស់ស្អាត ពាក់នៅលើក្បាលរបស់លោក លាង ស៊ីកន ផលិតពីអ្វី?
មកុដនេះពិតជាមានភាពស្រស់ស្អាត និង ប្លែកខ្លាំងណាស់ ដែលមកុដមួយនេះត្រូវបានគេរចនាម៉ូតឡើងពីសម្បកគ្រាប់កាំភ្លើង ដែលនៅសេសសល់ពីសម័យសង្គ្រាម ។ លោកអ្នកប្រហែលជាមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាគេយកសម្បកគ្រាប់កាំភ្លើងមកធ្វើមកុដបែបនេះវិញ ?
លោក លាង ស៊ីកន ជាអ្នកសិល្បៈ និង ជាជាងគំនូរដ៏ល្បីល្បាញមួយរូបបានមានប្រសាសន៍ទាក់ទង់ទៅនឹងចម្ងល់ខាងលើនេះថា មូលហេតុដែលខ្ញុំទៅកុម្ម៉ង់គេឱ្យធ្វើមកុដពីសម្បកគ្រាប់កាំភ្លើង សម្រាប់ពាកក់ឡើងកម្មវិធីនោះគឺដោយសារខ្ញុំមានគំនិតមួយចង់ប្រែក្លាយរបស់ដែលនៅសេសសល់ពីសម័យសង្គ្រាម ដែលបានផ្ទុះនៅកំឡុងពេលសង្គ្រាមកំពុងតែឆាបឆេះនោះ ឱ្យទៅជារបស់មានតម្លៃ ឱ្យទៅជាផ្កា ឬ ផ្ការំដួល ដែលជាអត្តសញ្ញាណរបស់ជាតិយើង ដែលមានក្លិនក្រអូប ដែលជានិមិត្តរូបជោគជ័យ អង់អាចក្លាហាន និង ជានិមិត្តរូបសន្តិភាពផង ។
មកុដនេះជាមកុដផ្ការំដួល ខ្ញុំទើបតែឱ្យគេធ្វើវានៅដើមឆ្នាំ ២០២០ នេះ ហើយខ្ញុំធ្លាប់បានពាក់ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍នៅក្នុងមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់ក្នុងប្រទេសកម្ពុជាយើង ដែលមានការចូលរួមពីភ្ញៀវជាតិ និង អន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ រកតែកន្លែងអង្គុយមិនបានឡើយ ។ មកុដនេះបានរំលេចជាផ្ការំដួលចំនួន ១០៨ ផ្កា គេហៅសិរីមង្គល ១០៨ នៅក្នុងផ្ការំដួលនោះ មានយ័នខ្មែរនៅចំកំពូលស្រួចៗតែម្តង ដែលជានិមិត្តរូបនៃភាពជោគជ័យអង់អាចក្លាហានមិនសាបសូន្យ ៕