កសិករ សោម លី ប្រកបរបរភ្ញាស់ និង ចិញ្ចឹមកង្កែបលក់ រកចំណូលបានពី ២ ទៅ ៣ ពាន់ដុល្លារក្នុងមួយខែៗ
មួយរយៈចុងក្រោយនេះ ប្រជាកសិករ នៅតាមតំបន់ជនបទមួយចំនួន បានងាកមកចាប់អារម្មណ៍ លើការចិញ្ចឹមសត្វ ដាំបន្លែ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ជាពិសេសគឺនៅក្នុងរដូវកូវីដនេះ ដែលពួកគាត់មិនបានធ្វើចំណាកស្រុក ហើយបាននាំគ្នាដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ ។ ជាក់ស្តែងកសិករ សោម លី រស់នៅ ភូមិជើងវត្ត សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានចាប់យករបរភ្ញាស់ និង ចិញ្ចឹម កង្កែបលក់ ដោយបានទទួលជោគជ័យគួរជាទីគាប់ចិត្តទៀតផង ។
កសិករ សោម លី បានរៀបរាប់ថា ដោយមានចិត្តស្រឡាញ់លើមុខរបរចិញ្ចឹមកង្កែបនេះ ខ្ញុំបានទៅរៀនភ្ជាប់ជាមួយការអនុវត្តផ្ទាល់ ជាមួយកសិករម្នាក់ ដែលមានជំនាញភ្ញាស់ និង ចិញ្ចឹមកង្កែបនៅខេត្តកំពង់ស្ពឺ ចំនួន២ថ្ងៃ និង នៅប្រទេសថៃ ១ព្រឹក ហើយក៏បានចាប់ផ្តើមរៀបចំអាងភ្ញាស់ និង ចិញ្ចឹមកង្កែបនេះតែម្តង ។ ដោយផ្តើមពីអាងចិញ្ចឹមចំនួន ៦ មេពូជ (ញី) ចំនួន ២០ក្បាល ,ឈ្មោលចំនួន ២០ក្បាល នៅពាក់កណ្តាលឆ្នាំ ២០១៩ ។ បច្ចុប្បន្ន ខ្ញុំ បានពង្រីកចំនួនអាងតង់ប្លាស្ទិចបានចំនួន ៥០អាង មានមេពូជ(ញី)ចំនួន ៣៥០ ក្បាល ,បាពូជ ចំនួន ៣៥០ក្បាល ហើយមានកូនកង្កែបអាចលក់បានចំនួន ៥០ ០០០ ក្បាល កូនកង្កែបទើបញាស់(កូនក្អុក)ចំនួន ១០០ ០០០ក្បាល និង ពងញាស់បានមួយថ្ងៃចំនួន ៩អាង។
បច្ចុប្បន្នកូនកង្កែប និង កង្កែបសាច់ កំពុងមានទីផ្សារល្អ ដោយគាត់លក់ កូនកង្កែប បានតម្លៃ ៤០០រៀលក្នុងក្បាល ទៅឱ្យកសិករចិញ្ចឹមបន្តក្នុងខេត្តត្បូងឃ្មុំ, កំពង់ចាម, ក្រចេះ ,ស្ទឹងត្រែង, ពោធ៍សាត់ និង ខេត្តព្រៃវែង ។ ចំណែកកង្កែបសាច់ លក់ទៅកាន់ទីផ្សារតម្លៃជាមធ្យម ១០ ០០០រៀលក្នុង១គីឡូក្រាម ។ តាមទំហំផលិត និង លក់បច្ចុប្បន្ននេះ ខ្ញុំ អាចទទួលផលចំណេញបានចន្លោះពី ២ ០០០ ទៅ ៣ ០០០ដុល្លាក្នុងមួយខែៗ ហើយក្នុងរយៈពេល ៣ទៅ៤ខែខាងមុខនេះ ខ្ញុំ មានផែនការពង្រីកការចិញ្ចឹមកង្កែប និង ភ្ញាស់កូនកង្កែប បន្ថែមទៀតលើផ្ទៃដីទំហំ ២ហិកតា ។
ក្នុងដំណើរ ស្វែងយល់ពីការ ប្រកបរបរកសិកម្ម នៅក្នុងខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កសិករ សោម លី និង លើកទឹកចិត្តឱ្យបន្តពង្រីកទំហំផលិតកម្មភ្ញាស់កូនលក់ និង ចិញ្ចឹមយកសាច់ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឱ្យទទួលបានចំណូលកាន់តែប្រសើរឡើង ហើយ ឯកឧត្តម ក៏បានជូនពរឱ្យកសិករ សោម លី សម្រេចតាមគោលបំណងរបស់ខ្លួន ពង្រីកការភ្ញាស់ និង ចិញ្ចឹមលើផ្ទៃដី ២ហិកតា ខាងមុខនេះ ៕
ប្រភពៈមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ