ការធ្វើដំណើរកម្សាន្តគឺជាចំណែកមួយដ៏សំខាន់ក្នុងជីវិតមនុស្សម្នាក់ៗ ក្រៅពីការងារ និងការរកស៊ី ។ ថ្ងៃឈប់សម្រាករយៈពេលច្រើនថ្ងៃខាងមុខនេះជាឱកាសពិសេសដែលអ្នកអាចយកភាពស្មុគ្រស្មាញ ទុក្ខកង្វល់ទាំងឡាយឱ្យរសាត់ឆ្ងាយ និងអាចប្រមូលអារម្មណ៍ល្អៗ ដើម្បីត្រឡប់មកបំពេញការងារ និងការសិក្សា ។ ខាងក្រោមនេះជាតំបន់ទេសចរណ៍ស្អាតៗបំផុតនៅប្រទេសកម្ពុជាយើង ចំនួន ៥ កន្លងស័ក្ដិសមបំផុតនៃវិស្សមកាលដ៏វែងមួយនេះ៖
១.តំបន់ព្រៃលិចទឹករ៉ាំសានៅស្ទឹងត្រែង
រ៉ាំសា ជាតំបន់អភិរក្សព្រៃលិចទឹកដ៏ធំបំផុតមួយស្ថិតនៅប៉ែកឦសាននៃកម្ពុជា លើដែនដីខេត្តស្ទឹងត្រែង មានទេសភាពស្អាតខ្លាំងរកអ្វីប្រៀបប្រដូចមិនបាន ។
ដើមឈើធំៗ ចាក់ៗឬប្រៀបដូចសសៃអំបោះ នៅលើផ្ទៃទឹកថ្លាខ្យង ប្រៀបបានដូចផ្ទាំងគំនូរដែលចេញពីវិចិត្រករដៃឯក ជាសម្បត្តិធម្មជាតិមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ជាជម្រកដ៏ប្រសើរបំផុតសម្រាប់ជីវិតសត្វព្រៃ និងមច្ឆាជាតិ ។
អ្នកនឹងភ្ញាក់ផ្អើលនឹងសម្រស់ធម្មជាតិ ដែលគ្មានការកែច្នៃ ហើយមិននឹកស្មានថាវាអស្ចារ្យលើសពីសុបិនរបស់អ្នកទៅទៀត ។ត្បូងពេជ្រដ៏មាននេះផុសឡើងនៅតាមដងទន្លេមេគង្គ មានចម្ងាយរាប់គីឡូម៉ែត្រនៅឃុំអូរស្វាយ ស្រុកថាឡាបូរិវ៉ាត ខេត្តស្ទឹងត្រែង ។
២. «Adventure Dome Resort»
«Adventure Dome Resort» គឺជារីសតថ្មីមួយទៀតទើបបង្កើតឡើងនៅខេត្តកែប ពិតជាស្អាត និងប្លែកខ្លាំង ។ នៅទីនោះមានសង់កន្លែងស្នាក់នៅ លម្ហែកាយ ក្បែរជើងភ្នំ ហ៊ុមព័ទ្ធទៅដោយព្រៃព្រឹក្សាបៃតងខ្ចី អ្វីដែលពិសេសកន្លែងគេងគឺសង់ជាលក្ខណៈ Dome ប្លែកភ្នែក ចម្លែកអារម្មណ៍ ។
«Adventure Dome Resort» មានទីតាំងស្ថិតនៅភូមិកែវក្រសាំង ខេត្តកែប ជារីសតថ្មីមួយទៀត ទើបតែរំលេចខ្លួនឡើងធ្វើឱ្យខេត្តមួយនេះកាន់តែទទួលបានភាពទាក់ទាញពីសំណាក់ទេសចរបន្ថែមទៀត ។
បើតាមទំព័រហ្វេសប៊ុករបស់ Adventure Dome Resort នៅទីនោះមានបន្ទប់គេងជាច្រើនប្រភេទ និងតម្លៃខុសៗគ្នាដូចខាងក្រោមនេះ៖
១. Standard Dome តម្លៃ ៤០ ដុល្លារក្នុងមួយយប់ អាចគេងបាន ២ នាក់
២. Standard Twin Bed តម្លៃ ៣០ ដុល្លារក្នុងមួយយប់ អាចគេងបាន ៤ នាក់
៣. Superior Dome តម្លៃ ៤៥ ដុល្លារ ក្នុងមួយយប់ អាចគេងបាន ២ នាក់
៤. Family Room តម្លៃ ៥០ ដុល្លារក្នុងមួយយប់ អាចគេងបាន ៦ នាក់
៣. ឆ្នេរព្រះសីហនុ
ព្រះសីហនុចាប់ផ្ដើមប្រែមុខមាត់ថ្មីស្ទើរតែគ្រប់បែបយ៉ាងទាំងបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងពិសេសនោះ ឆ្នេរសមុទ្រដ៏ល្បីល្បាញបំផុតនោះ ចាប់ផ្ដើមមានភាពស្រស់បំព្រងឡើងវិញហើយ ។ ទេសចរអាចទៅកម្សាន្តនៅទឹកដីប៉ែកនិរតីដោយរីករាយ មិនព្រួយបារម្ភបញ្ហាសុវត្ថភាព និងការបំពុល បញ្ហាសំរាមទៀតនោះទេ ។
ពិសេសនោះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈ ហើយបងប្អូនដែលមកលេងកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ។
បន្ថែមលើពីនេះទៀត មិនអនុញ្ញាត ឱ្យមានការវាតទីធ្វើជាកម្មសិទ្ធរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់ឱ្យបងប្អូនមកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម(ករណីបងប្អូនមិនបានដាក់កន្ទេលទៅខ្លួនឯង) ក៏ជាការចូលរួមឱ្យអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ ។
៤.ខេត្តមណ្ឌលគីរី
ខេត្តមណ្ឌលគីរីជាទីប្រាថ្នារបស់មនុស្សគ្រប់រូប ព្រោះតែសក្ដានុពលទេសចរដ៏ល្អឯក គ្របដណ្ដប់ដោយព្រៃភ្នំខៀវខ្ចី ប្រកបដោយអាកាសធាតុដ៏ត្រជាក់ ។ មិនថាអ្នកបានទៅដល់ទឹកដីក្នុងរដូវណា ក៏អ្នកនៅតែអាចទស្សនាទិដ្ឋភាពប្លែកៗគ្នា ប្រសិនបើទៅក្នុងរដូវរំហើយ នោះអ្នកនឹងឃើញទិដ្ឋភាពវាលស្មៅដូចគេក្រាលមាស ។ បើអ្នកទៅក្នុងរដូវប្រាំងនេះ អ្នកនឹងត្រជាក់ភ្នែក ស្រូបយកនៅអុកស៊ីសែនដ៏ល្អចេញពីព្រៃឈើបៃតងខ្ចី រំលេចជាទេសភាពដ៏ស្រស់បំព្រងស្អាតជាងរូបគំនូរដែលចេញពីវិចិត្រករដៃឯកផង ៕