ពីក្រោយការផលិតរឿង «ពន្លឺនៃក្តីស្រមៃ-Yellow Light» នៅឈៀងរ៉ៃ សាយ ស្ទើរមិនអាចត្រលប់មកកម្ពុជាវិញ (វីដេអូ)
ខ្សែភាពយន្តរឿង «ពន្លឺនៃក្តីស្រមៃ- Yellow Light» រៀបរាប់ពីក្តីស្រម៉ៃរបស់យុវវ័យពីររូបនៅលើទឹកដីប្រទេសថៃ ខេត្តឈៀងរ៉ៃ ដែលមានការសម្តែងដោយតារាចម្រៀង Original សាយ និង ពិធីការនី យូ កាម៉ុនរ៉ាត់ បានចាក់បញ្ចាំងជាផ្លូវការហើយក្នុងថ្ងៃសម្ពោធហាងកាហ្វេ «Yellow Caff» កាលពីសប្តាហ៍កន្លងទៅ ។
ភាគដំបូងនៃខ្សែភាពយន្តនេះបានធ្វើឲ្យមហាជន និង អ្នកគាំទ្រដែលបានទស្សនាមានអាម្មណ៍ថាប្លែក និង កម្សាន្តជាមួយនឹងការសម្តែងដ៏ប៉ិនប្រសប់របស់តារាវ័យក្មេងទាំង ២ រូប ក៏ដូចជាទាំងសាច់រឿង និង ប្លង់នីមួយៗបានទាញយកបេះដូងរបស់អ្នកទស្សនាឱ្យស្រមើស្រមៃដល់ទិដ្ឋភាពនៅខេត្តឈៀងរ៉ៃផងដែរ ។
តារាចម្រៀង Original សាយ ដែលជាតួសម្តែង និង ជាក្រុមការងារផ្នែកផលិតបានឱ្យដឹងថា «រឿង ពន្លឺនៃក្តីស្រមៃ-Yellow Light នេះ ទម្រាំបានបញ្ចប់ទៅដោយរលូន ត្រូវឆ្លងកាត់ឧបសគ្គមួយចំនួន ក៏ព្រោះតែត្រូវថតនៅលើទឹកដីប្រទេសថៃផង និង នៅក្នុងប្រទេសយើងផង ជាពិសេសនោះគឺក្នុងកំឡុងពេលកូវីដ ១៩ កំពុងតែចាប់ផ្តើមរាតត្បាតខ្លាំងនៅលើទឹកដីប្រទេសថៃផងនោះ» ។
ក្នុងនោះ សាយ ក៏បន្ថែមថា «ក្រុមការងារទាំងអស់បានធ្វើដំណើរទៅកាន់ខេត្តឈៀងរ៉ៃ នៅពេលដែលកូវីដ ១៩ នៅមិនទាន់រាតត្បាតខ្លាំងនៅឡើយ ប៉ុន្តែនៅពេលដែលថតរួចត្រលប់មកកាន់ទីក្រុងបាងកកវិញ គឺជាពេលវេលាមួយដែលប្រទេសថៃកំពុងប្រកាសអាសន្ន និង រៀបបិទប្រទេស ដែលជាហេតុធ្វើឱ្យក្រុមផលិតស្ទើរតែមិនអាចត្រលប់មកវិញបាន» ។
គួរឱ្យដឹងដែរថា រឿង «ពន្លឺនៃក្តីស្រមៃ-Yellow Light» មានចំនួន ៣ ភាគ ដែលភាគដំបូងបានចាក់បញ្ចាំងរួចហើយ ហើយភាគទី ២ នឹងត្រៀមចាក់បញ្ចាំងក្នុងសប្តាហ៍នេះជាបន្តទៀតនៅឯហាងកាហ្វេ «Yellow Caff» លើគណនីហ្វេសប៊ុក និង Youtube របស់តារាចម្រៀង សាយ ៕