អ្នកណាយល់អារម្មណ៍នេះ! បូជាសពអ្នកម្តាយរួចរាល់ តែ ទឹម រដ្ឋា នៅតែគិតថាគ្រាន់ជាការយល់សប្តិ
ក្រុមគ្រួសាររបស់តារាសម្តែង ទឹម រដ្ឋា និង ទឹម វត្តី ស្ទើរតែទទួលយកការពិតមិនទាន់បាននៅឡើយមកដល់ពេលនេះ បន្ទាប់ពីអ្នកម្តាយរបស់ជាទីគោរពស្រឡាញ់ បានបាត់បង់ជីវិតដោយជំងឺគាំងបេះដូងកាលពីយប់ឈានចូលថ្ងៃទី ១ សីហា កន្លងទៅ ។
កាលពីថ្ងៃទី ៣ សីហា ម្សិលមិញនេះ ទោះកម្មវិធីបុណ្យសព ត្រូវបានរៀបចំបូជាសពរបស់អ្នកម្តាយរួចរាល់ហើយក្តី ប៉ុន្តែតារាសម្តែងទាំងពីរនៅតែកាត់ចិត្តមិនទាន់បាន និង យល់ថានេះគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះ។ ក្នុងនោះ ទឹម រដ្ឋា ក៏បានបង្ហោះសារធ្វើឲ្យអ្នកលេងបណ្តាញសង្គម និង មិត្ភភក្តិស្រណោះស្រណោកអាណិតរូបនាងយ៉ាងខ្លាំងនូវពាក្យរបស់នាងថា «គិតថាកូននៅតែយល់សុបិន? តើពេលណាទើបកូនភ្ញាក់បានទៅអ្នកម្ដាយកូនអើយ ម្ចាស់បេះដូងកូន»។
គួរឲ្យដឹងថា ការទទួលមរណៈរបស់អ្នកម្តាយតារាសម្តែង ទឹម រដ្ឋា និង ទឹម វត្តី មិនត្រឹមតែធ្វើឲ្យមានការសោកស្តាយត្រឹមតែក្រុមគ្រួសារប៉ុណ្ណោះទេ តែក្នុងនោះមិត្តភក្តិសិល្បករជាច្រើនរបស់តារាសម្តែងពីររូបនេះ ក៏នឹកស្រណោះអ្នកម្តាយរូបនោះដូចគ្នា ក៏ព្រោះតែកាលពីលោកស្រីនៅមានជីវិតគឺជាបុគ្គលមួយរូបដែលមានការគោរពស្រឡាញ់យ៉ាងច្រើនពីសំណាក់មិត្តរួមអាជីពរបស់កូនៗ៕