កុមារី ម៉ានីកា អាយុទើប ៨ ឆ្នាំ ទេពកោសល្យសម្តែងពេញខ្លួន ឥលូវមករៀនជំនាញរបាំបុរាណមួយទៀត
ទោះវ័យទើប ៨ ឆ្នាំក្តី ប៉ុន្តែតារាសម្តែងវ័យក្មេងគឺកុមារី សរពេជ្ញ ម៉ានីកា ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការបង្ហាញទេពកោសល្យសម្តែងក្នុងខ្សែភាពយន្ត ដូចជារឿង «នាឡិកាដាស់វិញ្ញាណ» និង រឿង «អ្នកម៉ាក់វ័យក្មេង» ជាដើម ។
តាមរយៈរឿងដែលសម្តែងខាងលើនេះ បានធ្វើឱ្យកុមារីស្ទួយបានភាពល្បីល្បាញមិនស្ទើរទេក្នុងវិស័យនេះ ។ បើនិយាយពីទិចនិកក្នុងការសម្តែងវិញ ទោះបីជាអាយុនៅតិចក៏ពិតមែន ប៉ុន្តែកុមារី សរពេជ្ញ ម៉ានីកា មានជំនាញយ៉ាងប៉ិនប្រសប់ក្នុងការសម្តែងបានច្រើនយ៉ាង ពោលគឺមិនចាញ់រៀមច្បងប៉ុន្មានឡើយ ដែលទាំងនេះក៏ព្រោះតែនាងតូចមានដុង និង បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ ។
ថ្មីៗនេះមិនត្រឹមតែមមាញឹកក្នុងការសម្តែងខ្សែភាពយន្តប៉ុណ្ណោះទេ កុមារីមានដុងសិល្បៈពេញខ្លួនរូបនេះ ក៏បានបន្ថែមនូវជំនាញមួយទៀតហើយគឺការហាត់របាំប្រពៃណី ដើម្បីមានគ្រឹះកាន់តែរាំមាំក្នុងវិថីសិល្បៈមួយនេះ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើងាកមកទស្សនារូបភាពជាច្រើនសន្លឹកដែលបង្ហាញដោយអ្នកម្តាយរបស់កុមារី សរពេជ្ញ ម៉ានីកា ក្នុងផេកផ្លូការពីការហាត់រាំរបាំខ្មែរនេះ គេកត់សម្គាល់ឃើញទទួលបានការចូល Like និង ខមមិនពីទេពកោសល្យរបស់តារាសម្តែងវ័យក្មេង អាយុ ៨ ឆ្នាំរូបនេះយ៉ាងច្រើន ៕