ខ្លាចកូនៗដាច់ពោះ! សុន ស្រីពេជ្រ ចាប់ផ្តើមថតចម្រៀងវិញ ទាំងខ្លួនសម្រាលកូនទើបបានត្រឹម ២០ ថ្ងៃ
គ្រាន់តែសម្រាលកូនទីពីរមិនទាន់បានប៉ុន្មានផង ពេលនេះតារាចម្រៀងប្រចាំផលិតកម្មថោន សុន ស្រីពេជ្រ បានវិលមកច្រៀងវិញ ធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិមួយចំនួនលើកឡើងថាប្រយ័ត្នប៉ះពាល់បំពង់សំឡេងទៅថ្ងៃក្រោយ ព្រោះនៅសរសៃខ្ចីនៅឡើយ ។
សុន ស្រីពេជ្រ បានបង្ហាញរូបភាពមួយសន្លឹកនៅក្នុងបន្ទប់ថតចម្រៀងរួមជាមួយនឹងសារខ្លីមួយថា « បាន ២០ ថ្ងៃគត់កូវីដ ១៩ នៅវែងឆ្ងាយទៀត អ៊ីចឹងមានតែប្រឹង ស៊ូស៊ូម៉ាក់ ពេជ្រ ខ្លាចដាច់ពោះកូន វឌ្ឍនា និង មល្លិកា» ។ សុន ស្រីពេជ្រ ក៏បានឱ្យដឹងថា នេះជាការថតបទចម្រៀងថ្មីក្រោយនាងអាក់ខានចេញបទចម្រៀងមួយរយៈ តែក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភដោយបាននិយាយថា កុំខំប្រឹងពេកខ្លាចមានបញ្ហានៅថ្ងៃក្រោយ ឯខ្លះទៀតក៏បានលើកទឹកចិត្តឱ្យ សុន ស្រីពេជ្រ ខំប្រឹងដើម្បីកូនៗផងដែរ ។
ហាក់ខុសពីមិត្តរួមអាជីពដទៃ ក្រោយសម្រាលកូនរួច សុន ស្រីពេជ្រ ហាក់មិនមានការបង្ហាញរូបភាពជាមួយស្វាមីនោះទេ សូម្បីតែថ្ងៃនាងសម្រាលកូនទីពីរក៏មិនឃើញវត្តមានស្វាមីនៅក្បែរដើម្បីលើកទឹកចិត្ត ស្របពេលចុងក្រោយនេះគេបានឃើញស្វាមីរបស់នាងបានបង្ហោះសារមានអត្ថន័យថា «ប្តីប្រពន្ធបើខឹងគ្នាចុះចេញពីផ្ទះគង់តែមានថ្ងៃបែកគ្នាទេ ហើយបើនៅជាមួយគ្នាមិនបាន លែងគ្នាទៅកុំវាយប្រហារគ្នា យ៉ាងហោចណាស់ក៏ធ្លាប់ឱបនៅដើមទ្រូងដែរ ជូនពរគេឱ្យជោគជ័យទៅដើម្បីអនាគតកូនយើងដែរ» ។
ការលើកឡើងបែបនេះធ្វើឱ្យគេសង្ស័យថា ចំណងស្នេហ៍របស់អ្នកទាំងពីរបានឈានដល់ការបែកបាក់មិនខាន គ្រាន់តែ សុន ស្រីពេជ្រ មិនចង់បកស្រាយវែងឆ្ងាយប៉ុណ្ណោះ ៕