កសិករ ម៉ម យ៉ន នៅខណ្ឌច្បារអំពៅ ចិញ្ចឹមកង្កែប ១ ឆ្នាំរកចំណូលបាន ៥០ លានរៀល
មិនថាកសិករ នៅតាមបណ្តាខេត្តទេ ដែលបាន និង កំពុងខិតខំពង្រីកការចិញ្ចឹមកង្កែប សូម្បីតែកសិករនៅ រាជធានីភ្នំពេញ កំពុងតែបង្កើនសមត្ថភាពផលិតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និង បង្កើនប្រាក់ចំណូល លើកស្ទួយសេដ្ឋកិច្ចក្នុងគ្រួសារ ព្រមទាំងរកបានចំណូលយ៉ាងខ្ពស់ដែលគេមិននឹកស្មានដល់ទៀតផង ។
ជាក់ស្តែង កសិករ ម៉ម យ៉ន រស់នៅ ភូមិស្វាយតាយ៉ន សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់បានចាប់របរចិញ្ចឹមកង្កែបនេះ ជិតពីរឆ្នាំមកហើយ ដែលពេលនេះគាត់ មានអាងចិញ្ចឹមសរុបចំនួន ៦៣ អាង ដែលអាងនីមួយៗមានទំហំ ៣ម៉ែត្រគុណ ៤ម៉ែត្រ និងកំពស់ ០,៥ ម៉ែត្រ និង មានមេពូជសរុប ២០០ ក្បាល ដែលអាចរកចំណូលសរុបបានចំនួនជាង ៥០ ០០០ ០០០ រៀលក្នុងមួយឆ្នាំ ។
ក្នុងនោះ ចំណូលដែលបានមកពីការលក់កូនកង្កែប ក្នុងមួយឆ្នាំៗបានប្រាក់ចំណូលចំនួន ១៥ លានរៀល ការផលិតកង្កែបសាច់ក្នុង១ឆ្នាំ ចិញ្ចឹមបាន ៣,៥ តោន លក់បានថវិការចំនួន ៣៥ លានរៀល។
ដោយឡែកចំណាយទៅលើចំណី មេពូជ និង ចំណាយផ្សេងៗសរុបមានចំនួន ១៦ ៨៨០ ០០០ រៀលក្នុងឆ្នាំៗ ។ ដូចនេះកសិករ ម៉ម យ៉ន អាចទទួលបានប្រាក់ចំណេញសរុបចំនួនប្រមាណ ៣៣ ១២០ ០០០ រៀលក្នុងមួយឆ្នាំ ៕
ប្រភព៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន