ក្រោយរៀបការ លីឈី ឡើងខ្លាំង ពេលនេះត្រៀមបើកហាងពេជ្រឡើងឡូយ
តារាសម្តែងរូបស្រស់វ័យក្មេង លីឈី បានដកខ្លួនចេញពីអាជីពសិល្បៈក្រោយពីនាងមានស្វាមី ក្នុងនោះតារាសម្តែងរូបនេះត្រូវបានគេចាត់ទុកជាតារាវ័យក្មេងដែលមានសំណាងខ្ពស់ក្រោយពីរៀបការ ព្រោះនាងរស់នៅក្នុងជីវភាពហ៊ឺហាពោរពេញទៅដោយសុភមង្គលជាមួយនឹងមុខជំនួញជាច្រើនរបស់ស្វាមីលោក ប៊ុន រតនា ហៅ សេម ដែលធ្លាប់ជាអតីតអ្នកដឹកនាំចម្រៀងនៅក្នុងផលិតកម្មថោនក្នុងបទ «ឪពុកខ្ញុំប៉ូលិសចរាចណ៍» ។
ថ្មីៗនេះ លី ឈី ក៏បានស្ពាយងារជាលោកជំទាវយ៉ាងស្របច្បាប់ ក្រោយស្វាមីរបស់នាងក្លាយជាឧកញ៉ា ដែលពេលនេះនាងកំពុងរស់នៅយ៉ាងមានក្តីសុខ និង មិនមានដំណឹងណាមួយថានាងនឹងចូលប្រឡូកក្នុងវិស័យសិល្បៈវិញនោះដែរ ស្របមួយរយៈមុននាងក៏បានងាកមកចាប់ផ្តើមអាជីវកម្មលក់សម្លៀកបំពាក់តាមអននឡាញម្តងទៀត ក្រោយពីសម្រាកមួយរយៈធំនោះ ។
ថ្មីៗនេះបើតាមប្រភពអ្នកស្និទ្ធស្នាលបានឱ្យដឹងថា លីឈី ទើបទទួលបានកាដូផ្ទះល្វែងប្រភេទ Shop House ពីស្វាមីដើម្បីរៀបចំគម្រោងបើកហាងពេជ្រ ដែលកាលពីមួយរយៈមុននាងក៏បានទៅសិក្សាផ្នែកដាំត្បូងពេជ្រយ៉ាងច្បាស់លាស់ផងដែរ ។
បើទោះបីដកខ្លួនពីការងារសិល្បៈក៏ពិតមែន តែប្តីប្រពន្ធ លីឈី តែងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនតាមរយៈវីដេអូស្វីតស្វីតជាច្រើនរបស់អ្នកទាំងពីរ ហើយក៏មាននារីជាច្រើនប៉ងប្រាថ្នាចងមានសំណាងល្អដូចស្រីស្អាតរូបនេះដែលមានគ្រប់យ៉ាង មិនថាទ្រព្យសម្បត្តិ ឬ ក្តីស្រឡាញ់ពីសំណាក់ស្វាមីប៉ុណ្ណោះទេ ។ មមាញឹកនៅក្នុងការងារជំនួញមែន តែ លីឈី និង ស្វាមីតែងចំណាយពេលធ្វើការងារមនុស្សធម៌ជាច្រើន ដែលគេតែងតែឃើញតាមរយៈការបង្ហាញរូបភាពនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ៕