ក្រៅពីចេញច្រៀងទាំងសរសៃខ្ចី សុន ស្រីពេជ្រ នៅឆ្លៀតបន្ថែមរបរលក់បុកល្ហុងមួយទៀត
ក្រោយពីមានកូនដល់ទៅពីរ គេសង្កេតឃើញថា សុន ស្រីពេជ្រ កាន់តែខិតខំប្រឹងប្រែងនៅក្នុងការរកប្រាក់ចំណូល ដោយតារាចម្រៀងរូបនេះបានបន្ថែមមុខរបរបន្ទាប់បន្សំលក់បុកល្ហុងនៅផ្ទះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ និង កាន់តែសង្ស័យថាជីវិតគូរបស់នាងអាចនឹងឈានដល់ការបែកបាក់ ។
គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុន សុន ស្រីពេជ្រ ក៏បានលេចមុខនៅក្នុងការថតបទចម្រៀងថ្មីៗក្រោយពីនាងទើបសម្រាលកូនទីពីរបានប្រមាណតែ ២០ ថ្ងៃប៉ុណ្ណោះដែលធ្វើឱ្យមហាជនជាច្រើនមានការបារម្ភខ្លាចប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយ តែអ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ តារាចម្រៀងនិយមបទពីដើមរូបនេះក៏ចាប់ផ្តើមបន្ថែមរបរថ្មីលក់បុកល្ហុង ដែលនាងអះអាងថាទទួលបានការគំាទ្រពីសំណាក់អតិថិជនច្រើនគួរសម ។ មិនទាន់អស់ទេ សុន ស្រីពេជ្រ ក៏មានបំណងបើកហាងកាហ្វេមួយបន្ថែមទៀតដែលនាងគិតថាតក់ៗពេញបំពង់ចេះតែសន្សំៗទៅ ។
ការខិតខំប្រឹងប្រែងរកប្រាក់ចំណូលទាំងសរសៃខ្ចីរបស់ សុន ស្រីពេជ្រ ស្របនឹងពេលសម្រាលកូនទីពីរមិនឃើញវត្តមានស្វាមីនៅក្បែរថែមទៀតនោះ បានធ្វើឱ្យមហាជនជាច្រើនដាក់ការសង្ស័យទៅលើជីវិតអាពាហ៍ពិពាហ៍របស់នាងអាចនឹងឈានដល់ការចែកផ្លូវគ្នា គ្រាន់តែនាងមិនចង់បកស្រាយប៉ុណ្ណោះ ៕