ចែកផ្លូវពីអាណិកជនអាមេរិក នី មុន្នីនាថ ងាកមកភ្ជាប់ស្នេហ៍អាណិកជនអូស្ត្រាលីវិញម្តង
ក្រោយពីចែកផ្លូវជាមួយគូដណ្តឹងជាអ្នករស់នៅសហរដ្ឋអាមេរិករយៈពេលប្រមាណជាពីរឆ្នាំមកពេលនេះ តារាសម្តែង នី មុន្នីនាថ ក៏បានសារភាពថានាងមានគូស្នេហ៍ថ្មីដែលបុរសរូបនោះជាអ្នកជួយឱ្យនាងមានភាពរឹងមាំ និង មានកម្លាំងចិត្តរហូតដល់បច្ចុប្បន្ន តែអ្វីដែលចាប់អារម្មណ៍នោះគូស្នេហ៍ថ្មីរបស់នាងជាអ្នករស់នៅក្រៅប្រទេស ។
ក្រោយពីស្ងប់ស្ងាត់ប្រមាណជាពីរឆ្នាំតារាសម្តែងរូបស្រស់ នី មុន្នីនាថ បានដាច់ចិត្តទម្លាយពីមូលហេតុដែលធ្វើឱ្យនាង និង អតីតគូដណ្តឹងចែកផ្លូវគ្នា ហើយក្នុងនោះតារាសម្តែងវ័យ ៣០ ឆ្នាំរូបនេះក៏បានអះអាងថានាងមានគូស្នេហ៍ថ្មីហើយ និង បានស្វែងយល់ចិត្តថ្លើមគ្នារយៈពេលជិតពីរឆ្នាំ ហើយក្នុងពេលដែលនាងមានបញ្ហាជាមួយអតីតគូដណ្តឹង គឺបុរសរូបនេះហើយជាអ្នកលួងលោម និង ផ្តលកម្លាំងចិត្តដល់រូបនាង ។
បើតាមការបង្ហើបពីសំណាក់មិត្តភក្តិក្នុងសិល្បៈបានឱ្យដឹងថា គូស្នេហ៍ថ្មីរបស់ នី មុន្នីនាថ គឺជាអណិកជនដែលរស់នៅប្រទេសអូស្ត្រាលី និង វ័យប្រមាណក្បែរ ៤០ ឆ្នាំដែលបុរសរូបនោះជាអ្នកជំនួញចុះឡើងស្រុកខ្មែរ ។
ថ្វីដ្បិតទទួលស្គាល់ថាមានគូស្នេហ៍ថ្មីពិតមែន នី មុន្នីនាថ មិនទាន់ហ៊ានបង្ហាញមុខគូស្នេហ៍ចំហឡើយ តែបើតាមការលើកឡើងនាងហាក់ដូចជាជឿជាក់ចំពោះចំណងស្នេហ៍ទីពីរនេះខ្លាំងណាស់ ៕