ច្នៃដី ៦ អា ដាំបន្លែ ៤ ទៅ ៥ មុខប៉ុណ្ណោះ ក្នុង ១ខែៗ រកចំណូលបានរាប់លានរៀល
ប្រសិនបើមានដីគួរកុំទុកវាទំនេរចោល គ្រាន់តែដាំស្ពៃក្រញ៉ាញ់ និង បន្លែចម្រុះ ក៏អាចរកចំណូលបានច្រើនគួរសមដែរ តួយ៉ាងដូចកសិករ តាន់ សេងលី អាយុ ៦៣ ឆ្នាំ រស់នៅ ភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ គាត់ដាំស្ពៃក្រញាញ់ និង បន្លែចម្រុះលើផ្ទៃដីទំហំ ៦ អា អាចរកចំណូលបានជាង ៣ លានរៀលក្នុងការប្រមូលផលបន្លែមួយលើកៗ ។
កសិករ តាន់ សេងលី បានឱ្យដឹងថា គាត់បានដាំស្ពៃក្រញាញ់ និង បន្លែចម្រុះ លើផ្ទៃដីទំហំ ៦ អា ក្នុងការដាំបន្លែនេះ មុនដំបូងត្រូវរៀបចំដី ទិញគ្រាប់ពូជ ទិញជីទ្រាប់បាត ទុយោទឹកស្រោចស្រព ការវេចខ្ចប់ និង ការចំណាយផ្សេងៗ អស់ថវិកាសរុបប្រមាណជា ៣៨៥ ០០០ រៀល ក្នុងការដាំដំណាំមួយវគ្គៗ ។ បន្លែដែលគាត់បានដាំច្រើនជាងគេ គឺស្ពៃក្រញាញ់ ដោយបន្លែប្រភេទនេះ ត្រូវដាំរយៈពេលតែ ៣៥ ទៅ ៤០ ថ្ងៃប៉ុណ្ណោះគឺអាចប្រមូលផលបានហើយ ។ ការប្រមូលផលស្ពៃក្រញាញ់មួយមុខ ក្នុងមួយលើកៗបានចំនួន ១ ៤៤០ គីឡូក្រាម ដោយស្ពៃក្រញាញ់ទាំងនោះ គាត់បានលក់បោះដុំតម្លៃ ២៥០០ រៀលក្នុង ១ គីឡូក្រាម ដោយគាត់អាចរកផលចំណេញបានចំនួន ៣ ២១៥ ០០០ រៀល ក្នុងពេលដំាមួយវគ្គ ហើយក្នុង ១ ឆ្នាំគាត់អាចដាំបន្លែស្ពៃក្រញាញ់នេះបានពី ៥ ទៅ ៦ ដង ឯណ្ណោះ នេះមិនគិតពីការដាំបន្លែផ្សេងៗទៀតឡើយ ។ ក្រៅពីនេះ គាត់មានដាំបន្ថែមផ្សេងៗទៀតដូចជា ខាត់ណាដើម លើផ្ទៃដីទំហំ ៤ អា ដំណាំត្រឡាចដាំលើផ្ទៃដីទំហំ ៣ អា ដំណាំសាលាដ ដាំលើផ្ទៃដីទំហំ ៣ អា និង ត្រកួន ផ្ទៃដី ២ អាផងដែរ ។
តាមរយៈការដាំបន្លែនេះ អាចជួយឱ្យគ្រួសារកសិករ តាន់ សេងលី រកចំណូលបានច្រើនគួរសម ដើម្បីដោះស្រាយជីវភាពគ្រួសារ និង រស់នៅក្នុងជីវភាពមួយសមរម្យ ។ មិនតែប៉ុណ្ណោះ គាត់មានបច្ចេកទេស និង បទពិសោធន៍ ដាំដុះបន្លែរយៈពេលខ្លី សម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់គាត់ទៀតផង ៕
ប្រភព៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម