មានលុយតែ ១០០ ទៅ ៣០០ដុល្លារ អាចប្រកបរបរលក់នំបញ្ចុកតាមរទះរុញ ចិញ្ចឹមមួយគ្រួសារយ៉ាងងាយ
នំបញ្ចុកខ្មែរគេលក់តាមរទេះរុញ ឬ រែកដើរលក់ ប៉ុន្តែបច្ចុប្បន្ននេះ នំបញ្ចុកក៏មានដាក់លក់នៅតាមហាង ភោជនីយដ្ឋាន ឬ សណ្ឋាគារក៏មានដែរ ។ នំបញ្ចុកមិនត្រឹមតែជាអាហារដ៏មានរសជាតិ និង ជាទីពេញនិយមរបស់ប្រជាពបលរដ្ឋខ្មែរនោះទេ មានជនជាតិបរទេសមួយចំនួន ក៏ចូលចិត្តទទួលទានវាដែរ ។ នៅក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញមានប្រជាពលរដ្ឋមួយចំនួនបានប្រកបរបរលក់នំបញ្ចុក ដែលពួកគាត់ភាគច្រើនមកពីតាមបណ្តាខេត្តមួយចំនួន មកប្រកបរបរលក់នំបញ្ចុកនៅក្នុងរាជធានីភ្នំពេញ ។
នំបញ្ចុកជាអាហារសម្រន់ ដែលអាចជំនួសបាយបានម្តងម្កាល និង ជួយផ្តល់ការងារឱ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រហូតធ្វើឱ្យនំនេះ មានវណ្ណៈ ទៅតាមឋានៈអ្នកបរិភោគ ។ តាមការដ្ឋានសំណង់ រោងចក្រ និង ទីសាធារណៈ ការរែកនំបញ្ចុកលក់ នៅតែជារបរមួយដែលស្រ្តីភាគច្រើនបានចាប់យក និង បានយិតយោងជីវភាពគ្រួសារពួកគាត់ឱ្យចាកផុតពីភាពក្រីក្រ ។
បើតាមស្រ្តី២នាក់បងប្អូន ដែលស្រ្តីជាបងឈ្មោះ គាំ រុន អាយុ ៤៩ ឆ្នាំ និង ប្អូនឈ្មោះ គាំ រឿន អាយុ ៤១ ឆ្នាំមានស្រុកកំណើតនៅភូមិអណ្តូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ បានបង្ហើបឱ្យដឹងថា៖ សម្រាប់អ្នកដែលគ្មានមុខរបរហើយចង់ប្រកបរបរលក់នំបញ្ចុកដូចពួកគាត់ បើមានដើមទុនត្រឹម ១០០ ដុល្លារគឺអាចរែកនំបញ្ចុកដើរលក់បានគ្រាន់តែនឿយហត់បន្តិច ។ តែបើមានដើមទុនដល់ ៣០០ ដុល្លារគឺអាចធ្វើជារទេះរុញនំបញ្ចុកដើរលក់ ទើបវាបានធូរកម្លាំង ព្រមទាំងលក់បានច្រើនជាងការរែកដើរលក់ ។
ការរែកនំបញ្ចុកដើរលក់មានការហត់នឿយខ្លាំង ព្រោះក្នុង១ថ្ងៃចេញលក់ ២ដងគឺពេលព្រឹកចេញម៉ោង ៦ រហូតដល់ម៉ោង ៩ និង ពេលថ្ងៃលក់ពីម៉ោង ២ ដល់ម៉ោង ៥ ល្ងាច អស់នំបញ្ចុក ចំនួន ៥ គីឡូក្រាមក្នុងមួយថ្ងៃ ហើយការរែកដើរលក់មានតែសម្លមួយមុខប៉ុណ្ណោះ ។ តែដល់ពេលលគាត់ធ្វើរទេះរុញដើរលក់ មួយថ្ងៃអាចលក់បានក្នុងម្នាក់ពី ២០ ទៅ ៣០ គីឡូក្រាម ដែលក្នុងមួយចានលក់ថ្លៃ ៣ ០០០ រៀល មានសម្លចំនួន ២ មុខគឺសម្លខៀវ (សម្លខ្មែរ) និង សម្លក្រហម (សម្លការី) ។
ចំពោះអ្នកចង់លក់នំបញ្ចុក ដោយរទេះមូលហេតុនៃការចំណាយដើមទុនច្រើន ដោយសារតែចាំបាច់ត្រូវមានរទេះ ដែលក្នុងរទេះមួយតម្លៃប្រមាណជា ៥០ ម៉ឺនរៀលទៅហើយ ។ ទាំងពេលរែកនំបញ្ចុកដើរលក់ ក៏ដូចពេលមានរទេះរុញដែរគឺពួកគាត់មិនមានកន្លែងលក់ពិតប្រាកដឡើយ ពោលគឺចេះតែដើរលក់ លុះត្រាមានគេទិញទើបឈប់ហើយវេចខ្ចប់លក់ឱ្យគេ ។ ដូច្នេះអតិថិជនរបស់ពួកគាត់ភាគច្រើន ជាអ្នកធ្វើការ,ជាកម្មករសំណង់,ជាប្រជាជននៅតាមផ្ទះដែលពួកគាត់ដើរលក់ … ។
ជាទម្លាប់ការលក់នំបញ្ចុករបស់ពួកគាត់ រាល់ព្រឹកពេលលក់នំបញ្ចុកអស់គឺចូលផ្សារទិញត្រីសាច់បន្លែត្រៀមទុកសម្រាប់ស្លទឹកនំ លុះដល់ម៉ោង ៤ ជិតភ្លឺនាំគ្នាក្រោកដាំស្លទឹកនំទាំងសម្លខៀវ (សម្លខ្មែរ) និង សម្លក្រហម (សម្លការី)ព្រមទាំងឆ្លៀតពេលបេះជីបន្លែលាងទឹកទុកដាក់ជាមួយនំបញ្ចុក ហើយម៉ោង ៦ព្រឹកចាប់ផ្តើមចេញដើរលក់ ។
ទោះជារបរនេះហាក់មានការហត់នឿយបន្តិចមែន ក៏ពួកគាត់ពេញចិត្ត ព្រោះពួកគាត់មិនចេះជំនាញអ្វីផ្សេងទៀត ពិសេសយល់ថា របរនេះបានជួយពួកគាត់ពីការខ្វះខាតដូចពេលមុនហើយថែមទាំងអាចផ្ញើលុយទៅក្រុមគ្រួសារនៅស្រុកកំណើតបានមួយចំនួនទៀតផង ។
ជាធម្មតា កម្មករស៊ីប្រាក់ឈ្នួលប្រចាំថ្ងៃ ឬប្រចាំអាទិត្យ អ្នកដំណើរ មិនសូវរើសទេ នំបញ្ចុកអម្រែកជាអាហារជម្រើសមួយ សម្រាប់ពួកគាត់ និង កូនចៅ ដែលជាទូទៅអាចចំណាយត្រឹមតែ ៣០០០រៀល ទៅ ៥០០០រៀល កូនចៅពីរបីនាក់ គឺអាចហូបបាន ។
ការលក់នំបញ្ចុកដោយអម្រែក នៅតែនិយមសម្រាប់កម្មករប្រាក់ខែតិច ពេលខ្លះពួកគាត់មានប្រាក់តែ ៣០០០ រៀល ក៏អាចហូបនំបញ្ចុកមួយចានដើម្បីសម្រន់ការស្រេកឃ្លានបានដែរ ៕