ការសំពះវ័យស្របាលគ្នា ត្រូវយុវជនមួយចំនួនមើលរំលង បែរជាចាប់ដៃរលាក់ តើនេះជាទង្វើខុសឆ្គងដែរឬទេ?
សព្វថ្ងៃនេះគេកត់សម្គាល់ឃើញមានយុវជនខ្មែរវ័យស្របាសគ្នាមួយភាគធំ បាននិយមយកការចាប់ដៃរលាក់ធ្វើជាគារវកិច្ចស្វាគមន៍ចំពោះគ្នា និង គ្នា ក្នុងជំនួបម្តងៗ ដែលគេឃើញយ៉ាងច្រើននោះគឺក្នុងជំនួបតុផឹកស៊ី ជាងការលើកដៃសំពះដែលជាប្រពៃណីដ៏ផូរផង់របស់ខ្មែរទៅទៀត ដែលនេះវាស្ទើរតែជាទម្លាប់មួយរបស់ពួកគេក្នុងពេលបច្ចុប្បន្ន ។
ក្រោយមើលឃើញពីទង្វើបែបនេះ មានមហាជនមួយចំនួន ពិសេសចាស់ៗជំនាន់ដើម ក្នុងនោះមានទាំងព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ គ្រូបង្រៀន និង អ្នកនិពន្ធចាស់ថ្មីមួយចំនួន ព្រមទាំងអ្នកមានទំនោរប្រកាន់ខ្ជាប់ប្រពៃណីខ្មែរនោះ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហានេះ ដោយបានចោទជាសំណួរថា តើការសំពះរបស់ខ្មែរដែលត្រូវពួកគេជាអ្នកបន្តវេន នឹងអាចមានការប្រឈមបាត់បង់ឬយ៉ាងណា បើនៅពេលនេះពួកគេមួយចំនួននោះបែរជានិយមយកការចាប់ដៃរលាក់ជាជាងការសំពះបែបនេះ ?
ត្រង់នេះដែរមានសំណួរមួយបានចោទឡើងថា តើការជួបគ្នារបស់យុវជនវ័យស្របាលគ្នាមួយចំនួននាពេលបច្ចុប្បន្ន ដោយទម្លាប់ចាប់ដៃរលាក់ជាជាងការសំពះបែបខ្មែរនោះ ជាទង្វើខុសឆ្គងដែរឬទេ ? ប្រាកដណាស់នោះជាទង្វើមួយដែលឃ្លាតចាកពីប្រពៃណីបន្តិច បើយុវជនខ្មែរបច្ចុប្បន្នដែលជាអ្នកបន្តវេនមិនបានប្រតិបត្តិ ឬ គោរពបានខ្ជាប់ខ្ជួននោះ ច្បាស់ណាស់វាអាចនឹងប្រឈមការបំភ្លេចចោលទៅបន្តិចម្តងៗ ព្រោះបច្ចុប្បន្ននេះងាយណាស់ ដោយសារតែការជ្រាបចូលនូវវប្បធម៌បរទេសជាច្រើនមកក្នុងស្រុកទេស ហើយយុវជនមួយចំនួននោះបានឈ្លក់វង្វេង ប៉ុន្តែទោះជាយ៉ាងនេះក្តី បើពួកគេនៅតែមិនបំភ្លេចពីប្រពៃណី និង បែរមកប្រកាន់ខ្ជាប់បែបបទនៃការសំពះជាការសម្តែងគារវកិច្ចស្វាគមន៍គ្នាជាជាងការចាប់ដៃរលាក់វិញ ច្បាស់ណាស់ការសំពះរបស់ខ្មែរក្នុងទម្រង់មួយនេះនឹងមិនប្រឈមការបាត់បង់ឡើយ ។
ជាមួយគ្នានេះដែរ បើតាមលោក ជឹម វណ្ណៈ ជាគ្រូបង្រៀននៅវិទ្យាល័យប៊ុនរ៉ានី-ហ៊ុនសែមេមត់ បានលើកឡើងថា ទង្វើដែលយុវជនវ័យស្របាលគ្នា តែងនិយមចាប់ដៃរលាក់ជំនួសឱ្យការសំពះគ្នានោះ គឺជាទង្វើខុសឆ្គងនឹងប្រពៃណីទំនៀបទម្លាប់ខ្មែរ ។ លោកគ្រូថា ការធ្វើបែបនោះហាក់មិនបានឱ្យតម្លៃជាធំ ដល់ការសំពះរបស់ខ្មែរដែលមានតាំងពីបុព្វកាល តែបែរជាលើកតម្កើងរបស់គេទៅវិញ ។ តាមរយៈនេះផងដែរ លោកគ្រូ ជឹម វណ្ណៈ បានចូលរួមដែរថា សូមយុវជននាសម័យនេះដែលតែងតែធ្វើទង្វើខុសឆ្គងមួយនេះ ឱ្យងាកមកធ្វើការសំពះដែលជារបស់ខ្មែរយើងវិញដើម្បីតម្លៃនៃជាតិសាសន៍យើង ។
បើតាមអ្នកនិពន្ធវ័ក្មេង សយ ស៊ីណា ក៏បានលើកឡើងដែរថា ទង្វើបែបនោះលោកយល់ឃើញថាជាកាស្វាគមន៍ទៅតាមបរិបទមួយ ប៉ុន្តែមិនបានន័យថា មិនខុសឆ្គងនោះ ដោយវាហាក់ឃ្លាតឆ្ងាយបន្តិចពីប្រពៃណីទំនៀមទម្លាប់របស់ជាតិសាសន៍ខ្មែរ ។ អ្នកនិពន្ធវ័យក្មេងរូបនេះបានបន្តថា ជាទូទៅពេលបច្ចុប្បន្ននេះ លោកតែងបានឃើញពីទម្លាប់ ឬ ទង្វើបែបនេះជាញឹកញាប់ដែលកើតមានចំពោះយុវជនវ័យស្របាលគ្នាមួយចំនួន ពិសេសនៅកន្លែងផឹកស៊ី (មិនទាំងអស់ទេ) ដែលនិយមចាប់គ្នារលាក់ជាការសួស្តី ឬ ស្វាគមន៍គ្នាគ្រាស្គាល់គ្នាដំបូងដោយមិនមានការសំពះ ត្រង់នេះទំនងជាពួកគេយល់ថា ដោយសារខ្លួនមានអាយុ ឬ វ័យស្របាលគ្នានេះហើយ ទើបធ្វើឱ្យការចាប់ដៃរលាក់គឺងាយស្រួលជាង ហើយមិនមានអារម្មណ៍ខ្មាសអៀនជាងពេលលើកដៃប្រណំសំពះ ។ យ៉ាងណាលោកថា បើសិនពួកគេប្តូរឥរិយាបទនោះមកជាការសំពះតាមក្បូនខ្នាតបានកំណត់វិញនោះនឹងល្អប្រសើរជាង ព្រោះបានបង្ហាញពីការស្វាគមន៍ដ៏ល្អរបស់ជាតិចំពោះគ្នា និង គ្នា ណាមួយអាចថែរក្សា និង បន្តប្រពៃណីសំពះដ៏ផូរផង់នេះបានយូរអង្វែងទៀតផង ។
ងាកមកយុវជនដែលជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ដែរនោះ លោកបាននិយាយថា ជាទូទៅពេលលោកជួបឬក៏ស្គាល់ជាមួយនរណាម្នាក់ដំបូង ដែលមានវ័យស្របាលគ្នា លោកតែងនិយាយពាក្យសួស្តីស្វាគមន៍ជំនួសឱ្យការសំពះច្រើនជាង ក្នុងនោះម្តងម្កាលក៏មានកាេលើកដៃសំពះគ្នាទៅវិញទៅមកដែរ ប៉ុន្តែចំពោះការចាប់ដៃរលាក់មិនសូវឡើយ ។ យ៉ាងណាសម្រាប់មនុស្សមានវ័យច្រើនជាង ឬ ចាស់ជាងខ្លួន គឺលោកតែងតែធ្វើគារវកិច្ចសំពះស្វាគមន៍ជានិច្ច ពោលគឺមិនដែលរំលងឡើយ ។
សូមបញ្ជាក់ ការសំពះសម្រាប់មនុស្សមានវ័យស្របាលគ្នា គេសំពះដោយលើកដៃប្រណំដាក់ត្រឹមដើមទ្រូង ដែលនេះជាកាយវិការសំពះសម្រាប់អ្នកមានឋានៈ វ័យ ឬ អាយុប្រហាក់ប្រហែលគ្នា ដូចជាមិត្តភក្តិជាដើម ៕ សាកល