អ្នកលក់សម្ភារធ្វើបុណ្យ ត្អូញត្អែរគ្រប់គ្នាពីការបាត់បង់ភ្ញៀវក្នុងពេលជំងឺកូវីដចូលរាតត្បាត
ឥទ្ធិពលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរលក់ស្បង់ចីវរ និង សម្ភារសម្រាប់ធ្វើបុណ្យគ្រប់ប្រភេទ ដោយពួកគាត់បានត្អូញត្អែរថា ការលក់ដូររបស់ពួកគាត់បានធ្លាក់ចុះប្រមាណជា ២០ ទៅ ៣០ ភាគរយ ពោលគឺបាត់បង់ភ្ញៀវច្រើនស្ទើរមិននឹកស្មានដល់ ។
អ្នកលក់សម្ភារធ្វើបុណ្យគ្រប់ប្រភេទបានលើកឡើងថា នៅឆ្នាំនេះ ដោយសារជំងឺកូវីដ១៩ ពលរដ្ឋ ដែលធ្លាប់ធ្វើបុណ្យបានបន្ថយការចំណាយលើការធ្វើបុណ្យ ពិសេសនៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពួកគាត់មិនសង្ឃឹមថា លក់ដាច់ច្រើនដូចរាល់ឆ្នាំនោះទេ ។
ស៊ិន ឧត្តមផល្លា អតីតជាតារាចម្រៀង និង ជាអ្នកលក់សម្ភារៈធ្វើបុណ្យគ្រប់ប្រភេទ ដែលមានទីតាំងនៅម្តុំបុរីកីឡា ក្រោយវត្តព្រះពុទ្ធក្នុងក្រុងភ្នំពេញ ដែលមានយីហោ ឧត្តម ឧត្តម បានឱ្យដឹងថា ការលក់ដូររបស់គាត់បានធ្លាក់ចុះប្រហែលពី ២០ ទៅ ៣០ ភាគរយ ដោយបាត់បង់អតិថជន ទាំងអ្នកទិញយកទៅធ្វើបុណ្យផ្ទាល់ និង អ្នកយកទៅលក់បន្ត ។ អ្នកនាងបានបញ្ជាក់ថា «ជារួមខ្ញុំសង្កេតឃើញថា អ្នកនៅបន្តធ្វើបុណ្យពេលនេះ គឺពួកគាត់មានជីវភាពធូរធារខ្លាំង ។ ចំណែកអ្នកល្មមៗ ពួកគាត់ថា ផ្អាកធ្វើបុណ្យសិន ព្រោះពួកគាត់រកចំណូលមិនបាននៅពេលកូវីដ១៩នេះ ចូលរាតត្បាត » ។
បើតាមអ្នកលក់សម្ភារបុណ្យដទៃទៀតបាននិយាយថា រៀងរាល់ឆ្នាំ នៅរដូវនេះ ពួកគាត់លក់សម្ភារធ្វើបុណ្យដាច់ខ្លាំងណាស់ ពីព្រោះជិតបុណ្យភ្ជុំបិណ្ឌហើយ តែឆ្នាំនេះមើលតាមសភាពជាក់ស្តែងគឺហាក់ស្ងប់ស្ងាត់ ព្រោះវិបត្តិកូវីដ ១៩ សេដ្ឋកិច្ចធ្លាក់ចុះ បណ្តាលឱ្យអ្នកធ្វើបុណ្យជាច្រើនបាត់មុខ និង មួយចំនួនកាត់បន្ថយការចំណាយ ដោយគេធ្វើបុណ្យទៅតាមធនធានរបស់ពួកគេមានប៉ុណ្ណោះ ។
រៀងរាល់ឆ្នាំឱ្យតែជិតដល់ពេលមានពិធីបុណ្យផ្សេងៗពលរដ្ឋខ្មែរ ដែលមានបំណងធ្វើបុណ្យទាន តែងតែទិញសម្ភារៈធ្វើបុណ្យទុក ដោយសារនៅប្រទេសកម្ពុជា មានបុណ្យជាបន្តបន្ទាប់ ដូចជាបុណ្យចូលឆ្នាំ,បុណ្យចូលវស្សា, បុណ្យភ្ជុំបិណ្ឌ , បុណ្យកឋិន , បុណ្យពិសាខបូជា , បុណ្យមាឃបូជា , បុណ្យបច្ច័យ៤ … ជាដើម ។
ម្ចាស់ស្តង់លក់សម្ភារៈធ្វើបុណ្យមួយទៀត ដែលមានយីហោឈ្មោះ ម៉ាក់ផាន់ណា បានឱ្យដឹងថា ការលក់ដូររបស់គាត់បានធ្លាក់ចុះប្រមាណជា ២០ ទៅ ៣០ ភាគរយដែរ ។ ម្ចាស់ស្តង់មួយនេះថា មុនពេលមានវិបត្តិកូវីដ ១៩ ការលក់ដូររបស់គាត់លក់ដាច់ហូរហែ ព្រោះពលរដ្ឋខ្មែរនិយមធ្វើបុណ្យច្រើន ទិញសម្ភារធ្វើបុណ្យយកទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដែលរាល់ឆ្នាំពេលរដូវបុណ្យពួកគាត់ទិញ ទេយ្យទានទៅប្រគេនព្រះសង្ឃជាច្រើនវត្ត តែនៅឆ្នាំនេះ គេទិញ សម្រាប់មួយវត្តឬពីរវត្ត ប៉ុណ្ណោះ ៕