មុខរបរលក់ទន្សាយរបស់អ្នកស្រី កែវ ម៉ាឡែន លក់ដាច់ខ្លាំង នៅពេលជំងឺកូវីដចូលរាតត្បាត
ពិតជាគួរឱ្យសរសើរខ្លាំងណាស់ ដែលគ្រួសារមួយ ចាប់ផ្តើមពីការចិញ្ចឹមសត្វទន្សាយលេងក្នុងគ្រួរសារចំនួន ២ ក្បាល រហូតដល់បើកជាកសិដ្ឋានចិញ្ចឹមសត្វទន្សាយដ៏ធំមួយ សម្រាប់លក់ជូនអតិថិជនយកទៅចិញ្ចឹមកម្សាន្តលេងក្នុងគ្រួសារ ។ បច្ចុប្បន្ននេះ មុខរបរចិញ្ចឹមសត្វទន្សាយលក់របស់ពួកគាត់កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ។ ហើយមុខរបរ ឬ កសិដ្ឋានចិញ្ចឹមសត្វទន្សាយរបស់ពួកគាត់មានរយៈពេលជាង១០ឆ្នាំមកហើយ ។ រហូតមកដល់ពេលនេះ កសិដ្ឋានចិញ្ចឹមសត្វទន្សាយរបស់ពួកគាត់មានសត្វទន្សាយជាង ១ ០០០ក្បាល ។
អ្នកស្រី កែវ ម៉ាឡែន គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វទន្សាយ ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រីបានបង្កើតកសិដ្ឋានចិញ្ចឹមសត្វទន្សាយជាលក្ខណៈគ្រួសារ ដែលបានដំណើរការតាំងពីឆ្នាំ២០០៨មកម្ល៉េះ រហូតមកដល់ពេលនេះ មានរយៈពេលជាង ១០ ឆ្នាំមកហើយ ។ បច្ចុប្បន្ននៅក្នុងកសិដ្ឋានរបស់អ្នកស្រីមានសត្វទន្សាយចំនួន ១០ ប្រភេទ តាមទីផ្សាររាល់ថ្ងៃនេះ រូបគាត់លក់កូនទន្សាយ ១ក្បាលតម្លៃចាប់ពី ១៥ ដុល្លារ រហូតដល់ ៥០០ ដុល្លារក៏មាន ដោយអ្នកទិញភាគច្រើនគឺទិញយកទៅសម្រាប់លម្អ និង កម្សាន្តលេង ។
អ្នកស្រី កែវ ម៉ាឡែន ម្ចាស់កសិដ្ឋានចិញ្ចឹមទន្សាយ ខេមបូហ្វាម បានឱ្យដឹងទៀតថា ដើម្បីចិញ្ចឹមទន្សាយនៅផ្ទះ ឱ្យបានល្អ គេត្រូវដឹងពីគន្លឹះខ្លីៗមួយចំនួន ដែលមានដូចជា ការថែទាំ របៀបដាក់ចំណី ការដឹងពីអាយុទន្សាយ ដែលត្រូវជ្រើសរើសមកចិញ្ចឹមជាដើម ។ ការចិញ្ចឹមទន្សាយនៅកសិដ្ឋាន និង នៅតាមផ្ទះគឺពុំដូចគ្នាឡើយ ហើយវាពុំមែនជារឿងលំបាកនោះដែរ ប្រសិនបើអនុវត្តតាមបច្ចេកទេសត្រឹមត្រូវនោះ ។
អង្គុយនៅជិត កូនទន្សាយ ដែលដាក់តាំងដើម្បីលក់ ម្ចាស់កសិដ្ឋានដែលមានវ័យជាង ៣០ឆ្នាំរូបនេះ បានបញ្ជាក់ថា អាយុទន្សាយ ដែលគួរយកទៅចិញ្ចឹមនៅផ្ទះបានគឺមានចន្លោះ ពី១ខែកន្លះ ទៅ ២ខែ ព្រោះវាមានសុខភាពរឹងមាំ ងាយសាំនឹងបរិយាកាសថ្មី ។ ទន្សាយដែលមានអាយុតិចជាងនេះ ឬ ច្រើនជាងនេះ មិនល្អឡើយ ។ ទន្សាយដែលមានអាយុក្រោម១ខែ ជាទន្សាយដែលនៅបៅ មិនអាចយកទៅចិញ្ចឹមនៅផ្ទះបានទេ ពោលគឺមិនសង្ឃឹមថា រស់នោះទេ ។ ឯទន្សាយ មានអាយុចន្លោះពី ៣ ទៅ ៤ខែ គឺមិនងាយសាំនឹងកន្លែងរស់នៅថ្មីឡើយ ។
ទាក់ទងនឹងចំណីវិញ អ្នកស្រី ម៉ាឡែន បានឱ្យដឹងថា«ត្រូវជ្រើសរើសចំណីដែលល្អ ដាក់ចំណីឱ្យបានទៀងទាត់ គឺគ្រប់គ្រាន់ហើយ ។ ចំណីមានពីរប្រភេទ គឺចំណីគ្រាប់ ដាក់មានការកំណត់ ។ ចំណីមួយប្រភេទទៀតនោះគឺ ស្មៅស្ងួត តម្រូវឱ្យដាក់គ្រប់ពេល ។
ក្រៅពីចំណីទាំងពីប្រភេទខាងលើនេះ ទន្សាយអាចស៊ីចំណីស្រស់បានដូចជាត្រកួន តែត្រូវប្រាកដថា ជាត្រកួនធម្មជាតិ ដែលដាំខ្លួនឯង ។ ប្រសិនបើបន្លែ ដែលមានជាតិពុល ឬ គីមី នោះ បង្ករទៅជាបញ្ហា ។ ទន្សាយដែលមានជំងឺរាគ ងាយនឹងងាប់ ក្នុងរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ ។ ចំណែកឯទីតាំង ដែលល្អសម្រាប់ទន្សាយរស់នៅ គឺជាកន្លែងដែលត្រជាក់ ។
អ្នកស្រី ម៉ាឡែន បានបន្តទៀតថា នៅរដូវកូវីដនេះ គាត់លក់ទន្សាយដាច់ខ្លាំង ដោយសារប្អូនៗសិស្សសាលា នៅផ្ទះច្រើន ម្តាយ ឪពុកមិនចង់ឱ្យកូនៗលេងទូរស័ព្ទច្រើន ក៏ទិញទន្សាយ ទៅឱ្យកូនលេង ។
អ្នកស្រី ប៉ែន ពិសី ដែលរស់នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងនាំកូនស្រីសំណប់ចិត្តទាំងពីរនាក់ មកទិញសត្វទន្សាយនៅកសិដ្ឋានចិញ្ចឹមទន្សាយរបស់អ្នកស្រីម៉ាឡែនដែរនោះ បានសម្តែងនូវសេចក្តីរីករាយ ដោយបានឃើញកូនសត្វទន្សាយស្អាតៗគួរឱ្យស្រឡាញ់ គាត់បានស្រឡាញ់ទន្សាយ ដែលបានទិញចំនួន ២ក្បាលនេះ ដូចជាសមាជិកគ្រួសាររបស់គាត់ដែរ ព្រមទាំងបានដាក់ឈ្មោះឱ្យទន្សាយដែលគាត់បានទិញទាំងពីរនោះទៀតផង ៕