ស្អាតៗណាស់! អ្នកនៅកំពង់ឆ្នាំងច្នៃកន្សែងពោះគោ កំណាត់ភួយធ្វើផើងផ្កា លក់ដាច់ខ្លាំង
កន្លងទៅនៅខេត្តកំពង់ឆ្នាំង គេតែងល្បីពីការផលិតក្អមឆ្នាំងដែលធ្វើពីដីឥដ្ឋដុត តែមកដល់ពេលនេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានងាកមកបង្កើតគំនិតច្នៃប្រឌិត ដោយផលិតជាផើងផ្កា ដែលធ្វើអំពីកន្សែងពោះគោ និង កំណាត់ភួយ បូកផ្សំជាមួយនឹងស៊ីម៉ងត៍ ដាក់តាំងលក់នៅតាមបណ្តោយផ្លូវជាតិ ទទួលការចាប់អារម្មណ៍ខ្លាំងពីអតិថិជនជាច្រើន។
ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង គេនឹងសង្កេតឃើញមានការដាក់តាំងលក់ផើងផ្កា ដែលធ្វើអំពីកន្សែងពោះគោ និងកំណាត់ភួយ រួមនិងស៊ីម៉ងត៍ បង្កើតជាផើងផ្កាយ៉ាងស្រស់ស្អាត ដាក់តាំងលក់នៅតាមបណ្តោយផ្លូវជាតិមួយនេះដើម្បីលក់ឱ្យអ្នកធ្វើដំណើរ ។
បើតាមរយៈគ្រួសារមួយ រស់នៅក្នុងភូមិ អណ្តូងជ្រៃ ឃុំ អណ្ដូងស្នាយ ស្រុក រលាប្អៀរ ខេត្ត កំពង់ឆ្នាំង បាននិយាយថា ការធ្វើផើងផ្កានោះ គឺគេយកកន្សែងពោះគោ ឬ យកកំណាត់ភួយ មកជ្រលក់ជាមួយស៊ីម៉ងត៍ ដើម្បីធ្វើផើងផ្កាសម្រាប់ដាំដើមផ្កាលម្អក្នុងគេហដ្ឋាន។
បុរសម្នាក់ ដែលជាអ្នកផលិតផើងផ្កាធ្វើអំពីកំណាត់ភួយចាស់ៗ មានទីលំនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង បានឱ្យដឹងថា គាត់ចេះផលិតផើងផ្កាតាមបែបថ្មីនេះ ពីប្រទេសម៉ាឡេស៊ី នៅពេលដែលគាត់បានទៅធ្វើជាកម្មករសំណង់នៅទីនោះ ហើយត្រូវបានមេជាង ជាជនជាតិម៉ាឡេស៊ី បង្ហាត់បង្រៀនគាត់ឱ្យចេះអំពីរបៀបធ្វើផើងផ្កាតាមបែបសម័យនេះ។
ការធ្វើផើងផ្កានេះ បើចង់បានគុណភាពត្រូវជ្រើសយកក្រណាត់ស្វិតមកធ្វើ ទើបមានគុណភាពល្អ ។ លោកបានបញ្ជាក់ថា គុណភាពផើងផ្កា របស់លោករឹងមាំល្អ មានអតិថិជន មកកុម្ម៉ង់ទិញជាច្រើន ដែលធ្វើឱ្យរូបលោកផ្ទាល់ និងគ្រួសារ សឹងតែផលិតឱ្យគេស្ទើរមិនទាន់ផង ។ បច្ចុប្បន្ននេះ លោកកំពុងតែផលិតនូវផើងផ្កាមួយបែបទៀត ជារបៀបកំណាត់គល់ឈើ ដែលមានភាពស្រស់ស្អាត និង ទាក់ទាញជាងមុន ។
គួរឱ្យដឹងថា ចាប់ពីស្រុករលាប្អៀរខាងត្បូង ដល់ស្រុករលាប្អៀរខាងជើង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង អ្នកដំណើរជាច្រើន តែងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋនៅទីនោះ បានដាក់តាំងលក់ផើងផ្កាសម័យថ្មីនេះជាច្រើន៕