ភ្ជាប់ពាក្យភ្លាម សុផា លីនដា ត្រូវមិត្តភក្តិជូនពរឱ្យឆាប់មានដំណឹងល្អគ្រប់គ្នា
បើគិតមកដល់ពេលនេះ សុផា លីនដា ភ្ជាប់ពាក្យតាមប្រពៃណីខ្មែរប្រមាណជាងមួយសប្តាហ៍ហើយ ដោយមានការចូលរួមសាទរពីសំណាក់មិត្តភក្តិក្នុង និងក្រៅសិល្បៈជាច្រើន។ ក្នុងនោះក៏មានការសរសើរថា សុផា លីនដា និងគូដណ្តឹងពិតជាស័ក្តិសមគ្នាណាស់។
គ្រាន់តែភ្ជាប់ពាក្យភ្លាម សុផា លីនដា ត្រូវបានមិត្តភក្តិក្នុងសិល្បៈជាច្រើនបានជូនពរឱ្យនាងស្រឡាញ់គ្នាកាន់តែច្រើនឡើង ជាពិសេសឆាប់មានកូនថែមទៀត។ ទោះបីជាយ៉ាងនេះក្តី សុផា លីនដា បានបង្ហើបថានាង នឹងចូលរោងការទៅតាមប្រពៃណីខ្មែរនៅចុងឆ្នាំ ២០២១ ខាងមុខឯណោះ តែបើមានបញ្ហាកូវីដ១៩ មិនទាន់ស្រាកស្រាន្ដ ឬ ស្ថានភាពប្រែប្រួលបែបណា ពិធីរបស់នាងក៏ទៅតាមនោះដែរ ពោលគឺមិនទាន់ប្រាកដឡើយ។
គេចាំបានថា បន្ទាប់ពីចែកផ្លូវគ្នាជាមួយតារាចម្រៀង នៅ ស៊ីនឿន មួយរយៈមក សុផា លីនដា ក៏រកបានអ្នកស្អំបេះដូងថ្មីដែលជាអណិកជនមកពីសហរដ្ឋអាមេរិក។ បន្ទាប់ពីពួកគេស្វែងយល់ចិត្តថ្លើមគ្នាតែបីខែ អ្នកទាំងពីរក៏បានសម្រេចបោះទុនបើកហាងអាហាររួមគ្នា និងបានដឹកដៃគ្នាភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ៕
រូបថត ៖ ហ្វេសប៊ុក