ឆ្នាំនេះគាំង តែឆ្នាំក្រោយ សូដា នីតា រំពឹងបានចេញទៅសម្តែងសហរដ្ឋអាមេរិកដូចបំណង
វ័យកាន់តែច្រើនតារាសម្តែង និង ចម្រៀង សូដា នីតា នៅតែមានទីផ្សារការងាររីកទូលាយមិនថាក្នុងស្រុក ឬ ក្រៅស្រុកនោះទេ យ៉ាងណាមិញនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះតារាសម្តែងរូបស្រស់ម្នាក់នេះ មានគម្រោងនឹងចេញទៅសម្តែងនៅសហរដ្ឋអាមេរិកផងដែរ ។
មិនមែនជារឿងលំបាកឡើយ ព្រោះកន្លងមក សូដា នីតា តែងចេញទៅសម្តែងនៅបរទេស តែចុងក្រោយនេះរាងរយាលបន្តិចដោយសារកូវីដ ១៩ ។ ទោះជាយ៉ាងនេះក្តីសម្រាប់នៅក្នុងឆ្នាំក្រោយតារាសម្តែងរូបនេះនឹងមានទឹកមាត់លេបឡើងវិញ ដោយនាងមានគម្រោងចេញទៅសម្តែងនៅប្រទេសជឿនលឿនខាងលើនេះ ក្នុងនោះនាងរំពឹងថាការចេញទៅសម្តែងសម្រាប់ឆ្នាំ ២០២១ ខាងមុខនេះនឹងទទួលបានជោគជ័យ ។
បើគិតមកដល់ពេលនេះ សូដា នីតា មានវ័យ ៣៩ ឆ្នាំទៅហើយ តែបើនិយាយពីសម្រស់ និង ការលេងខ្លួនរបស់នាងនៅតែទាក់ទាញ ហើយស្រស់ស្អាតដដែល ដែលធ្វើឱ្យនាងនៅតែមានទីផ្សារនៅក្នុងការសម្តែងរឿងភាគតាមកញ្ចក់ទូរទស្សន៍នានា មិនចាញ់តារាវ័យក្មេងប៉ុន្មានឡើយ ។ វ័យកាន់តែជ្រេ សូដា នីតា ហាក់មិនរវីរវល់គិតគូរឿងរៀបការអ្វីឡើយ ជាពិសេសក្រោយពីនាងពើបប្រទះស្នេហាមិនសមបំណងជាញឹកញាប់ ៕