ផ្តើមពីលក់ភ្លៅមាន់បំពង ១ទូ តាមចញ្ចើមផ្លូវ ឥឡូវលោក គឹមហឿន លក់ហ្វ្រែនឆាយបានដល់ទៅ ១៤១សាខា
ផ្តើមចេញពីជួលកន្លែងគេផ្ញើម៉ូតូ និង សេងទូលក់ភ្លៅមាន់ និង ស្លាបមាន់បំពងពីគេមួយទូរនោះ នៅពេលនេះ លោក មូល គឹមហឿន បានឈានទៅបើកអាជីវកម្មលក់ភ្លៅមាន់ និង ស្លាបមាន់បំពង ដែលមានឈ្មោះថា «ខេធី ភ្លៅមាន់បំពង »ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន មិនតែប៉ុណ្ណោះលោកថែមទាំងលក់ហ្វ្រែនឆាយបានរហូតដល់ទៅ ១៤១ នៅទូទាំងប្រទេសទៀតផង ។ ដោយសារតែមុខរបរលក់ភ្លៅមាន់ និង ស្លាបមាន់បំពងនេះ បានធ្វើឱ្យគ្រួសាររបស់លោក មូល គឹមហឿន មានជីវភាពធូរធារជាងមុនច្រើន ។
លោក មូល គឹម ហឿន មានប្រសាសន៍ថា ពីដំបូងឡើយ ខ្ញុំមិនទាន់មានគំនិត បង្កើតចេញជាអាជីវកម្មបែបនេះ និង រហូតដល់លក់ហ្វ្រែនឆាយបានជាង១០០បែបនេះទេ ។ ប៉ុន្តែចេញពីអាជីវកម្ម និង បទពិសោធលក់ទូរតូចមួយនៅតាមចញ្ចើមផ្លូវ បន្ទាប់មកក៏ចេះតែមានការកែច្នៃខ្លួនឯងតាំងពីរសជាតិ តាំងពីការប្រឡាក់គ្រឿង តាំងពីការធ្វើទឹកជ្រលក់ មានការកែច្នៃរហូត ដើម្បីតម្រូវមាត់អតិថិជន មកដល់ពេលនេះមានការគាំទ្រច្រើន ។ បន្ទាប់មកខ្ញុំក៏ចាប់ផ្តើមពង្រីក អាជីវកម្មដោយខ្លួនឯងប្រហែលជា១០សាខា នៅក្នុងទីក្រុងភ្នំពេញ ដល់ពេលពង្រីកបាន១០សាខានោះហើយ មានការគាំទ្រកាន់តែច្រើនទៀត ខ្ញុំក៏មានគំនិតមួយថា យើងពង្រីកសាខាលក់ខ្លួនឯងបែបនេះ គឺទី១ យើងមានការពិបាកក្នុងការរកមនុស្សមកលក់ ពិបាកក្នុងការគ្រប់គ្រងមនុស្ស ដោយសារពេលនោះខ្ញុំក៏នៅធ្វើការនៅឡើយ ហើយគ្រួសារម្នាក់ឯងគ្រប់គ្រងអត់បាន អ៊ីចឹងខ្ញុំក៏បែកគំនិតមួយថា បើសិនជាយើងរៀបចំជាលក្ខណហ្រ្វែនឆាយដើម្បីឱ្យគរយកទៅលក់បន្ត ប្រហែលជាល្អ ដោយយើងយកចំណេញតិច ហើយអត់ហត់ទៀត គិតឃើញអ៊ីចឹងហើយ ក៏វិភាគមើលត្រូវធ្វើយុទ្ធសាស្ត្រយ៉ាងម៉េច នៅពេលគិតរួចហើយ ក៏ចាប់ផ្តើមចេញតែម្តង ហើយក៏មានការគាំទ្រច្រើន ។
ការលក់ហ្វ្រែនឆាយនេះគឺជួយដល់ប្រជាពលរដ្ឋយើង ដោយខ្ញុំបានសម្លឹងឃើញថា ប្រជាពលរដ្ឋខ្មែរយើងនៅជនបទ មានអ្នកខ្លះរកមុខរបររកស៊ីមិនឃើញនោះទេ ដោយមានអ្នកខ្លះត្អូញថា អ្វីដែលលំបាកបំផុតសម្រាប់ពួកគាត់គឺមិនដឹងទៅរកស៊ី ឬ ធ្វើអ្វី ? ដូច្នេះនៅពេលនោះ ខ្ញុំក៏គិតឃើញថា ភ្លៅមាន់អត់មានអ្នកណាលក់ច្រើន ខ្ញុំក៏ចេញគំនិតធ្វើអ៊ីចឹងទៅ ដើម្បីជួយដល់អ្នកអត់មានមុខរបរ នៅពេលដែលយើងធ្វើការផ្សព្វផ្សាយទៅ ក៏មានការចាប់អារម្មណ៍ច្រើន អ្នកខ្លះមានមុខរបរហើយ ក៏បន្ថែមមុខរបរមួយទៀត ។
លោក មូល គឹមហឿន បានចាប់ផ្តើមបើកអាជីវកម្មលក់ភ្លៅមាន់ និង ស្លាបមាន់បំពងនេះ អស់រយៈពេលជាង ១០ឆ្នាំមកហើយ លោកបានមានប្រសាសន៍ទៀតថា មុនដំបូងខ្ញុំជួលកន្លែងគេ ដាក់ទទួលផ្ញើម៉ូតូ២៤ម៉ោង ដែលមានទីតាំងស្ថិតនៅក្បែរផ្សារញ៉ែ ក្នុងរាជធានីភ្នំពេញ ហើយអ្នកលក់មាន់នោះ ក៏នៅក្បែរកន្លែងផ្ញើម៉ូតូនោះដែរ ។ នៅពេលគាត់ថា គាត់ឈប់លក់ហើយ នៅពេលសម្លឹងឃើញឱកាសនោះ ខ្ញុំក៏ទិញពីគាត់មក តែមុនដំបូងត្រូវទិញសម្ភារទាំងអស់ពីគាត់ទាំងសាច់ ទឹកជ្រលក់ នៅពេលយកពីគាត់យូរៗទៅ ក៏មានគំនិតមួយថា យកពីគេមកលក់ចឹងចំណេញតិច ក៏មានគំនិតចង់បង្កើតខ្លួនឯង ក៏ចាប់ផ្តើមសិក្សាស្វែងយល់ពីគេខ្លះ កែច្នៃខ្លួនឯងខ្លះ ។ ទូបំពងភ្លៅ និង ស្លាបមាន់ ដែលខ្ញុំបានទិញពីគាត់នោះ គឺមានតម្លៃតម្លៃ ៧០០ដុល្លារ ហើយសាច់ និង ទឹកជ្រលក់គឺខ្ញុំទិញពីគាត់មករាល់ថ្ងៃផ្សេងទៀត ប៉ុន្តែឥឡូវនេះ គឺអ្វីៗធ្វើដោយខ្លួនឯងទាំងអស់ លែងទិញពីគេដូចមុនទៀតហើយ ។
ហ្វ្រែនឆាយខេធីភ្លៅមាន់បំពងរបស់លោក មូល គឹមហឿន លក់ក្នុងតម្លៃពី ១០៥០ដុល្លារ , ១១០០ដុល្លារ និង ១២០០ដុល្លារទៅតាមផ្លូវជិត ឬ ឆ្ងាយ ។ លោក គឹម ហឿន ថា នៅពេលអតិថិជនទិញហ្វ្រែនឆាយទៅហើយ គឺលោកទៅរៀបចំ តម្លើងទូ និង បង្រៀនពីរបៀបបំពងភ្លៅមាន់ និង ស្លាបមាន់ទៀត ដោយឡែកសម្រាប់ភ្លៅមាន់ ស្លាប់មាន់ និង ទឹកជ្រលក់គឺលោកមិនអនុញ្ញាតឱ្យយកពីកន្លែងផ្សេងឡើយ លោកជាអ្នកផ្គត់ផ្គង់រាល់ ដោយយកចំណេញតិចតួចបំផុត ។ ដោយក្នុងមួយថ្ងៃលោកបានផ្គត់ផ្គង់ភ្លៅមាន់ និង ស្លាបមាន់ ចំនួនពី ២០០០ដុំ ទៅ ៤០០០ដុំទៅកាន់សាខាទាំង ១៤១សាខានោះ ដែលធ្វើឱ្យលោកអាចរកប្រាក់ចំណូលបានជាង ៣០០០ដុល្លារក្នុង១ខែ ។ ហើយតម្លៃភ្លៅមាន់បំពង ដែលលោកបានលក់រាល់ថ្ងៃនេះ គឺភ្លៅមាន់បំពងមួយ មានតម្លៃ ៣០០០រៀល ។
អ្វីជាចំណុចសំខាន់ ដែលធ្វើឱ្យអតិថិជនមានការគាំទ្ររហូតមកដល់ភ្លៅមាន់បំពងរបស់លោកដល់សព្វថ្ងៃនេះគឺដោយសារ លោកធ្វើទឹកជ្រលក់ដោយខ្លួនឯង អត់មានយកបន្តពីទីផ្សារមកនោះទេ ដោយទឹកជ្រលក់ដែលខ្ញុំធ្វើដោយខ្លួនឯងនេះគឺមានលក្ខណពិសេស ដោយអតិថិជនបានញ៉ាំហើយ តែងតែចង់ញ៉ាំទៀត ដោយពួកគាត់បាននិយាយថា ត្រូវមាត់គ្រប់គ្នា ។ ហើយអ្វីដែលយើងបានប្រកាន់ខ្ជាប់រាល់ថ្ងៃនោះ គឺរក្សាអនាម័យជាចម្បង ។ សាច់មាន់ដែលយកមកធ្វើរាល់ថ្ងៃនេះ គឺកម្ម៉ង់មកពីប្រទេសថៃ ។ក្រៅពីលក់ភ្លៅមាន់ និង ស្លាបមាន់បំពងនោះ ខេធី ភ្លៅមាន់បំពងរបស់លោក ក៏មានលក់ប្រហិតគ្រប់ប្រភេទ និង ដំឡូងបារាំងបំពងផងដែរ ។
ជាមួយគ្នានេះដែរ លោកក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋខ្មែរយើង ដែលមិនមានមុខរបរ កុំនៅស្ងៀម កុំខ្ជិល កុំគិតថាមិនដឹងរកស៊ីអ្វី សុំឱ្យតាំងចិត្តក្លាហានឡើង ដើម្បីចាប់ផ្តើមរកស៊ីពីមុខរបរតូចតាចនឹងទៅ បើសិនជាយើងមិនគិតការរកស៊ីទេ ម្នាក់ៗនៅតែស្ងៀមធ្វើឱ្យជីវភាពគ្រួសារមិនមានការរីកចម្រើនឡើយ ។ ជាពិសេសយុវជន ដែលនៅទំនេរ បើពួកគាត់ព្យាយាមនោះ ដើមទុនប៉ុណ្ណឹងមិនពិបាកនោះទេ ដូច្នេះសុំកុំនៅទំនេរ កុំខ្ជិលត្រូវចាប់រកមុខរបរណាមួយ ដែលអាចចិញ្ចឹមជីវិត និង គ្រួសារឱ្យមានការរីកចម្រើនទៅថ្ងៃមុខបាន ៕