មុខរបរធ្វើនំ បានធ្វើឱ្យគ្រួសារមួយរស់នៅក្នុងជីវភាពធូរធារជាងមុន
ដោយសារតែមុខរបរធ្វើនំលក់ បានធ្វើឱ្យគ្រួសាររបស់លោក ឥន ដៅ មានជីវភាពធូរធារ ដែលខុសកាលពីពេលមុនជីវភាពនៅក្នុងគ្រួសាររបស់លោកមានការលំបាកយ៉ាងខ្លាំង ដោយរកតែម៉ូតូកញ្ចាស់មួយជិះមិនបានផង ប៉ុន្តែឥឡូវនេះលោកមានផ្ទះសម្បែង មានហាងលក់នំចំនួន ២ កន្លែង និង មានរថយន្តជិះយ៉ាងសមរម្យ ។
លោក ឥន ដៅ បានចេះជំនាញធ្វើនំ និង ដុតនំនេះតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ដោយកាលណោះរូបលោកបានចូលទៅបម្រើការងារផ្នែកធ្វើនំ និង ដុតនំ នៅសណា្ឋគារ អ៊ិនធើកុងទីណង់តាល់ ពេលនោះរូបលោកបានរៀនផ្នែកធ្វើនំនេះ ពីលោកគ្រូជនជាតិបរទេសរហូតបានចេះចាំយ៉ាងស្ទាត់ជំនាញ ។ រូបលោកបានបម្រើការងារនៅទីនោះរយៈពេល ៤ ឆ្នាំ ដោយនៅឆ្នាំ ២០០០ រូបលោកក៏បានចេញទៅធ្វើការនៅតាមសណ្ឋាគារចំនួន ២ កន្លែងផ្សេងទៀតក្នុងមុខជំនាញជាអ្នកធ្វើនំ និង ដុតនំដដែល ។
លោក ឥន ដៅ បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០១០ ខ្ញុំក៏មានគំនិតចង់បើកអាជីវកម្មផលិតនំលក់ដោយខ្លួនឯង ហើយខ្ញុំក៏បានសន្សំលុយ ដែលបានមកពីធ្វើការឱ្យគេ មកទិញឡដុតនំមួយជាន់ ដែលមានតម្លៃ ១២០០ ដុល្លារ ព្រោះការធ្វើការឱ្យគេ មិនអាចចិញ្ចឹមគ្រួសារឱ្យមានជីវភាពធូរធារឡើយ ពេលនោះខ្ញុំក៏បានធ្វើនំលក់ជាលក្ខណគ្រួសារ ។ ដោយសារតែមានការគាំទ្រពីសំណាក់អតិថិជនច្រើននោះ រយៈពេល ៤ ឬ ៥ ឆ្នាំក្រោមមក ខ្ញុំក៏បានពង្រីកអាជីវកម្មមួយនេះ ដោយបានបើកជាហាងលក់ និង ផលិតនំមួយ ដែលមានឈ្មោះ «KKILIK Café & Bakery» នៅម្តុំរង្វង់មូលផ្សារដើមថ្កូវ ដោយបានទិញម៉ាស៊ីន និង ឡធ្វើនំដ៏ទំនើបមួយ ដែលមានតម្លៃ ៤ ម៉ឺនដុល្លារ ។
ហើយកាលពីពេលថ្មីៗនេះ លោក ឥន ដៅ បានបើកហាង «KKILIK Café & Bakery» មួយកន្លែងទៀត ដែលមានទីតាំងនៅម្តុំចំការដូង ។ ក្នុងមួយថ្ងៃៗលោក ផលិតនំលក់មិនតិចជាង ៣០ ប្រភេទឡើយ ភាគច្រើនជាប្រភេទនំបែបអឺរ៉ុប ដែលគេនិយមចូលចិត្តទទួលទាន ។ បច្ចុប្បន្ននេះហាងផលិតនំរបស់លោកមានបុគ្គលិកផ្នែកផលិតនំចំនួន ៤ នាក់ ។ ក្រៅពីផលិតនំលក់ លោកក៏មានទទួលបង្រៀនសិស្សពីរបៀប និង ជំនាញធ្វើនំនេះដែរ ដោយមួយចេះមានតម្លៃពី ៤០០ ដុល្លារទៅ ៥០០ ដុល្លារ ។
ជាមួយគ្នានេះដែរ លោក សារិន ក៏បានធ្វើការអំពាវនាវដល់យុវជន ដែលមិនមានការងារធ្វើត្រូវរករៀនមុខជំនាញណាមួយ ដែលខ្លួនគិតថា ជាមុខរបរអាចចិញ្ចឹមជីវិតបានទៅថ្ងៃអនាគត ការងារអ្វីក៏មិនថោកទាបដែរសំខាន់ឱ្យតែមានការងារធ្វើអាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបាន ហើយក្នុងការធ្វើការងារអ្វីក៏ដោយ ក៏ត្រូវមានការតស៊ូអំណត់ព្យាយាមផងទើបបានសម្រេចដល់គោលដៅ ។ បើបងប្អូនចង់រៀនពីជំនាញធ្វើនំ ឬ កុម្ម៉ង់ទិញនំរបស់លោក សារិន អាចទាក់ទងទៅលោកដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៩៨ ២១១ ៨៨២ , ០៣១ ៨៨៨៥៨៨៨ ៕