លី ម៉ារីណា ជប់លៀងខួបកំណើតកូនប្រុសយប់មិញ ឡើងផ្អើលអ្នកសិល្បៈ តែបែរជានាងស្តាយរឿងមួយ!
ជារៀងរាល់ឆ្នាំតារាសម្តែងសាច់សខ្ចី លី ម៉ារីណា តែងរៀបចំពិធីខួបកំណើតសម្រាប់កូនប្រុសតែមួយរបស់ខ្លួនមិនដែលខកខានឡើយ ដោយឡែកសម្រាប់ឆ្នាំនេះទោះមិនមានវត្តមានស្វាមីនៅក្នុងស្រុក ក៏តារាសម្តែង លី ម៉ារីណា បានរៀបចំពីធីកំណើតកូនប្រុសរបស់ខ្លួនយ៉ាងអធិកអធមផងដែរ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិសិល្បៈជាច្រើន ។
ទោះកូវីដ ១៩ មិនទាន់ស្ងប់ស្ងាត់នៅឡើយ លី ម៉ារីណា នៅតែរៀបចំពិធីខួបកំណើតកូនប្រុសគម្រប់អាយុ ៦ ឆ្នាំយ៉ាងធំដុំ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងនិង ក្រៅសិល្បៈប្រមាណជា ១៥ តុ នៅភោជនីដ្ឋានវីហ្វ្រេនបឹងត្របែក ។ ក្នុងនាមជាម្ចាស់កម្មវិធី លី ម៉ារីណា រៀបចំខ្លួនយ៉ាងស្រស់ស្អាតហើយ បើទោះជាមានទឹកមុខញញឹមក៏ពិតមែន តែតារាសម្តែងសាច់សខ្ចីរូបនេះហាក់បង្កប់នូវទុក្ខព្រួយ និង សោកស្តាយផងដែរ ដោយសារខួបកំណើតឆ្នាំនេះស្វាមីរបស់នាងលោក សាត ចាន់ថន មិនបានមកចូលរួមឡើយដោយសារវីរុសកូវីដ ១៩ នៅសហរដ្ឋអាមេរិកនៅតែរីករាលដាល ដូចនេះលោកបានត្រឹមតែជូនពរកូនប្រុសតាមទូរស័ព្ទតែប៉ុណ្ណោះដែលធ្វើឱ្យ លី ម៉ារីណា កាន់តែក្តុកក្តួល ។
ដោយសារការងារសិល្បៈនៅក្នុងស្រុកកាន់តែមានសន្ទុះរីកទូលាយនោះ បានធ្វើឱ្យ លី ម៉ារីណា សម្រេចចិត្តត្រលប់មករស់នៅក្នុងស្រុកកំណើតវិញ ដែលក្រៅពីសម្តែងនាងក៏មានហាងលក់សម្លៀកបំពាក់ និង លក់ផលិតផលរក្សាសម្រស់ផងដែរ ។ ស្ថិតក្នុងវ័យ ៤០ ឆ្នាំ លី ម៉ារីណា នៅតែមានសម្រស់ស្អាត ជាពិសេសសម្បុរស្បែកសខ្ចីដែលក្នុងនោះនាងក៏មានរូបមន្តសម្រាប់រក្សាស្បែកឱ្យនៅតែក្មេងស្រស់ស្អាតបែបនេះដែរ ៕