ចិញ្ចឹមត្រីប្រា ត្រីឆ្តោ និងត្រីសណ្តាយ តែ ៨ខែ អាចរកចំណូលបានចន្លោះពី ១០ ទៅ ១៥ ម៉ឺនដុល្លារ
នៅពេលជំងឺកូវីដ ១៩ បានចូលរាតត្បាត វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខានក្នុងការអភិវឌ្ឍន៍ និង ទ្រទ្រង់សេដ្ឋកិច្ចជាតិ ព្រោះនៅកំឡុងពេលនេះ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជាបាននាំគ្នាងាកមកប្រកបរបរកសិកម្ម ចិញ្ចឹមត្រី សាច់ មាន់ ទា និង ដាំដុះបន្លែបង្ការផ្សេងៗដើម្បីរកចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ។ លោក ហោ ទ្រី គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅភូមិក្អមសំណលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។ លោកអាចរកចំណូលពីការចិញ្ចឹមត្រីបានរហូតដល់ជាង ១០ម៉ឺនដុល្លារក្នុង១ឆ្នាំៗ ។
នៅកំឡុងពេល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចុះទៅពិនិត្យដល់កសិដ្ឋានចិញ្ចឹមត្រីនោះ លោក ហោ ទ្រី ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីបានមានប្រសាសន៍ថា កសិដ្ឋានចិញ្ចឹមត្រីរបស់លោក បានដំណើរការអស់រយៈពេលជាង ១០ឆ្នាំមកហើយ បច្ចុប្បន្នកសិដ្ឋានមានសមត្ថភាពអាចផលិតកូនត្រីពូជ និងចិញ្ចឹមត្រីយកសាច់មានដូចជាត្រីប្រា ត្រីឆ្តោ និងត្រីសណ្តាយ នៅលើផ្ទៃដីទំហំ៥៣ ១០០ម៉ែត្រការ៉េ ដែលមានស្រះចិញ្ចឹមត្រីសរុបចំនួន ១០ ស្រះ ក្នុងនោះស្រះដែលមានទំហំ ៨០ម៉ែត្រ x ៩០ម៉ែត្រ មានចំនួន ៦ស្រះ ដោយស្រះនីមួយៗដាក់កូនត្រីពូជចាប់ពី ១០ទៅ១២ម៉ឺនកូន ។ ហើយស្រះទំហំ ៤៥ម៉ែត្រ x ៧០ម៉ែត្រ មានស្រះចិញ្ចឹមត្រីចំនួន ៤ ស្រះ ដែលក្នុង ១ស្រះដាក់កូនត្រីពូជចាប់ពី ៥ ទៅ ៦ម៉ឺនក្បាល ។
លោក ហោ ទ្រី បានរៀបរាប់បន្តទៀតថា ចំពោះការចិញ្ចឹមវិញ គឺអនុវត្តន៍ ទៅតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រី ដូចជាការផ្តល់ចំណី ការសំអាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ រួមផ្សំជាមួយពូជល្អ ចំណីមានគុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល និងការថែទាំផងនោះ អាចឱ្យយើងប្រមូលផលបានក្នុងរយ:ពេលតែ ៨ខែ ហើយស្រះធំគិតជាមធ្យមប្រមូលផលបានចន្លោះពី ៦៥ ទៅ ៧០តោន គិតជាសាចប្រាក់លក់បានពី ១០ ទៅ១៥ម៉ឺនដុល្លារ។ បច្ចុប្បន្នតម្លៃត្រីឆ្តោចន្លោះពី ១០ ០០០ ទៅ ១១ ៥០០រៀលក្នុង១គីឡូក្រេាម ។ នេះបើយើងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៕