យុវជន យុវតីខ្មែរពីរូបក្លាយជាឯកឧត្ដម លោកជំទាវទាំងវ័យក្មេង សុទ្ធតែមានសមត្ថភាពខ្លាំងៗ
ឱ្យតែមានសមត្ថភាពពិតប្រាកដ មានចំណេះជំនាញច្បាស់លាស់ បូកផ្សំជាមួយបទពិសោធយ៉ាងក្រាស់ក្រែល ពិតណាស់មិនខ្វះតំណែងតួនាទីការងារឡើយមិនថាក្នុងវិស័យឯក ឬវិស័យសាធារណៈ ។ ក្រឡេកទៅមើលយុវជនពីររូបបានក្លាយជាលោកជំទាវ និងឯកឧត្ដម ទាំងវ័យក្មេង ព្រោះតែសមត្ថភាព និងប្រវត្តិការសិក្សា តស៊ូ បទពិសោធពេញខ្លួន ដែលស័ក្ដសមបំផុតក្នុងការក្លាយជាថ្នាក់ដឹកនាំ ជាទំពាំងស្នងឫស្សី ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ។ អ្នកទាំងពីររួមមាន៖
១.លោកជំទាវ សេរី បូរាពេជ្រ
កញ្ញា សេរី បូរាពេជ្រ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាលោកជំទាវ មានមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ។ ក្រោយចេញព្រះរាជក្រឹត្យពីព្រះមហាក្សត្រ យុវតី សេរី បូរាពេជ្រ បានក្លាយជាជំទាវក្នុងជួររដ្ឋាភិបាលវ័យក្មេងបំផុត ក្នុងយុគសម័យ ២០២០ ស្របពេលដែលប្រទេសជាតិកំពុងមានការរីកចម្រើន និងត្រូវការធនធានជាអ្នកដឹកនាំវ័យពោរពេញដោយសមត្ថភាព ។
បើនិយាយអំពីប្រវត្តិសិក្សាត្រួសៗរបស់លោកជំទាវ សេរី បូរាពេជ្រ គឺជានិស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថាន CamEd Business School នៅរាជធានីភ្នំពេញដែលជាសាលាលំដាប់លេខ ១ ជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ។ ជាវិទ្យាស្ថានដែលផ្ដល់មូលដ្ឋានគ្រឹះចម្បងទៅលើផ្នែក Audit Firm នៅក្នុងប្រទេសកម្ពុជា។ និស្សិតដែលសិក្សានៅទីនោះទាមទារឱ្យមានសមត្ថភាពខ្ពស់ ភាគច្រើនផ្ដើមពីសិស្សឆ្នើមៗ និងត្រូវចេះច្បាស់លើភាសាអង់គ្លេស ។
អនុរដ្ឋលេខាធិការវ័យក្មេងរូបនេះក៏បានបន្តការសិក្សានៅឯសាកលវិទ្យាល័យ Greenwich នៃចក្រភពអង់គ្លេស ជាសកលវិទ្យាល័យដ៏ល្បីល្បាញលំដាប់ពិភពលោក ។ Greenwich ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈគុណភាពនៃការបង្រៀន ការស្រាវជ្រាវកម្រិតខ្ពស់ និងជាសាកលវិទ្យាល័យមួយមានរចនាបថដ៏ស្រស់ស្អាតស្ថិតនៅភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស ។ ក្រៅពីបញ្ចប់ការសិក្សាទាំងពីរសាលានេះ លោកជំទាវ សេរី បូរាពេជ្រ ក៏ជាយុវជនដ៏ឆ្នើមក្នុងសង្គម មានបទពិសោធន៍យ៉ាងក្រាស់ក្រែល ធ្លាប់ចូលរួមក្នុងកម្មវិធីធំៗលំដាប់ជាតិ អន្តរជាតិ និងធ្លាប់ផ្លាស់ពិសោធន៍សិក្សានៅបណ្ដាប្រទេសមួយចំនួនដូចជានៅកូរ៉េជាដើម ។ ដោយសារតែមានសមត្ថភាព និងពូកែបែបនេះហើយ ទើបយុវតីរូបនេះទទួលបានឱកាសដ៏ពិសេសក្លាយជាថ្នាក់ដឹកនាំមួយនៅក្នុងជួររដ្ឋាភិបាលកម្ពុជា។
២. លោកឯម ច័ន្ទមករា
លោក ឯម ច័ន្ទមករា ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្ថែមលើមុខងារបច្ចុប្បន្ន ។
តាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Fresh News មុនក្លាយជារដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានចាប់ផ្តើមប្រឡូកការងារសង្គមតាំងពីខ្លួនមានវ័យ ១៣ ឆ្នាំមកម្ល៉េះ ហើយធ្លាប់មានឈ្មោះល្បីខាងផ្នែកតស៊ូមតិ និង លើកស្ទួយសិទ្ធិកុមារ ដោយបានធ្វើឱ្យសាធារណៈជនជាច្រើនយល់ពីតម្លៃរបស់កុមារ ដែលជាសមាសភាពសំខាន់មួយនៃសង្គម ។ ដោយឈរលើមនសិការនេះហើយបានជាកុមារា ឯម ច័ន្ទមករា បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីបុព្វហេតុកុមារតាំងពីក្មេងវ័យមក គឺចាប់តាំងនៅឆ្នាំ១៩៩៧ ។ នៅឆ្នាំ១៩៩៩ កុមារា ឯម ច័ន្ទមករា មានអាយុ ១៦ ឆ្នាំ ត្រូវបានសន្និបាតកុមារទូទាំងប្រទេសបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការ ដែលជាតំណាងឱ្យកុមារទូទាំងប្រទេសធ្វើការតស៊ូមតិ ដើម្បីសិទ្ធិកុមារនៅកម្ពុជា ។
ឯកឧត្ដមវ័យក្មេង ឯម ច័ន្ទមករា បានទទួលសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យបឹងត្របែកនៅឆ្នាំ២០០២ ទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ ២០០៦ និងទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៅឆ្នាំ ២០១៤ ។
ដោយស្នាដៃជាច្រើនសម្រាប់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលលោកបានទទួលតំណែង និង ឋានៈជាបន្តបន្ទាប់ដូចខាងក្រោម៖
- ឆ្នាំ១៩៩៧-១៩៩៩ ជាលេខាធិការនៃគណៈកម្មាធិការកុមារ។
- ឆ្នាំ១៩៩៩-២០០២ ជាប្រធានគណៈកម្មាធិការកុមារ ជាតំណាងឱ្យកុមារកម្ពុជា។
- ឆ្នាំ២០០២-២០១០ ជាស្ថាបនិក និងជាប្រធានប្រតិបត្តិអង្គការគាំទ្រកុមារ និងយុវជន អង្គការតំណាងសម្លេងយុវជនផ្នែកព័ត៌មានសិទ្ធិកុមារនិងយុវវ័យ។
- ឆ្នាំ២០១១-២០១២ ជានាយខុទ្ទកាល័យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបន្ថែមលើមុខងារ
- ឆ្នាំ២០១១-២០១៣ ជាទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើ អគ្គនាយករង
- ឆ្នាំ២០១២ ប្រលងជាប់ក្របខណ្ឌជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា
- ឆ្នាំ២០១២-២០១៣ ជាលេខាធិការ នៃលេខាធិការដ្ឋានក្រុមបឹក្សាសកម្មភាពជនពិការមានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ឆ្នាំ២០១៣-២០១៨ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការមានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ឆ្នាំ២០១៨-២០២០ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការមានឋានៈស្មើ រដ្ឋលេខាធិការ