ជះលុយរាប់ម៉ឺនដុល្លារវះកាត់កែសម្ផស្ស ១០០ ដង តាំងពីអាយុ ១៣ ឆ្នាំ ទីបំផុតស្អាតដូចតុក្កតា
ក្មេងស្រីជនជាតិចិនសុទ្ធម្នាក់ឈ្មោះ Xiao Na Na អាយុ ១៥ ឆ្នាំ ដោយហេតុតែខ្លួនមានរូបសម្រស់មិនសូវស្អាត បានសម្រេច់ចិត្តទៅវះកាត់កែសម្ផស្សដើម្បីបានរូបរាង និង មុខមាត់ស្រស់ស្អាតតាមតែខ្លួនចង់បាន រហូតដល់ទៅ ១០០ ដង តាំងពីនាងមានអាយុ ១៣ ឆ្នាំ នាងបានចំណាយលុយប្រមាណជា ១ លានយ័ន ស្មើនឹងប្រមាណជាង ១៤ ម៉ឺនដុល្លារ ។
មកដល់ពេលនេះមានរយៈពេល ២ ឆ្នាំ ដែលយុវតី Xiao Na Na បានឆ្លងកាត់ការវះកាត់ ហើយក្រោយឆ្លងកាត់ការវះកាត់អស់ជាច្រើនលើកមកនេះ នាងក៏បានទទួលរូបសម្រស់ថ្មី និង ល្បីនៅលើបណ្តាញសង្គមក្នុងស្រុក (Weibo) ដែលមកដល់បច្ចុប្បន្ននេះ នាងមានអ្នកតាមដានចំនួន ៣០៥ ៤៨៣ នាក់ហើយ ។
យ៉ាងណាមិញ នៅពីក្រោយភាពល្បីល្បាញដែលកើតចេញពីសម្រស់ថ្មីនេះ យុវតី Xiao Na Na ក៏បានប្រឈមនឹងបញ្ហាសុខភាពដែរ ដោយនាងបានឱ្យដឹងថា ការវះកាត់ដំបូងគួរតែធ្វើនៅអាយុ ១៨ ឆ្នាំ ប៉ុន្តែដោយសារសម្រស់ធម្មជាតិមិនស្អាត ហើយនាងមិនចង់ឮពាក្យតិះដៀលនោះ នាងក៏បានសម្រេចចិត្តរត់ទៅវះកាត់ ហើយការទៅវះកាត់កែសម្ផស្សច្រើនលើកនេះទៀត ក៏ធ្វើឱ្យប៉ះពាល់ដល់ការសិក្សានាងផងដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ សម្រស់ថ្មីរបស់នាងដែលបានមកការកែច្រើនលើកច្រើនសារនោះ ក៏ទទួលបានការរិះគន់ពីមហាជនស្អាតជ្រុលផងដែរ ប៉ុន្តែយ៉ាងណានាងមិនបានខ្វល់នឹងពាក្យទាំងនោះឡើយ ។
គួរឱ្យដឹងដែរ រយៈពេល ២ ឆ្នាំ និង បានឆ្លងកាត់ការវះកាត់អស់ ១០០ ដងមកនេះ យុវតី Xiao Na Na បានបើកបង្ហាញពីចំណុចដែលនាងកែខៃទាំងអស់ផងដែរ ដោយក្នុងនោះមានការវះកាត់ត្របកភ្នែក ៦ ដង, វះកាត់ទម្រង់ភ្នែក ៥ ដង, បបូរមាត់ ៣ ដង, ដងខ្លួន ៣ ដង, ទម្រង់មុខអក្សរ «V» ១ ដង, ត្រគាក និង ភ្លៅ ២ ដង និង វះកាត់បបូរមាត់ ៣ ដង ៕