ក្រោយបរាជ័យលើមុខជំនួញ ខាតក្បែរលានដុល្លារពេលនេះ ខាត់ សុឃីម ក្រោកឈរ បង្ហាញមុខជំនួញថ្មី ២
ពិតជាមិនធម្មតាទេ ដូចអ្វីដែលធ្លាប់សន្យាគ្រាន់តែកូវីដ ១៩ ស្ងប់ស្ងាត់បន្ដិច តារាពហុជំនាញ ខាត់ សុឃីម បានបង្ហាញជំនួញពីរលេចរូបរាងព្រមគ្នា បន្ថែមពីលើការងារសិល្បៈកន្លងមក។ ក្រោយជួបបរាជ័យលើមុខជំនួញ ដែលខាតបង់ប្រាក់ត្រូវគេបោកអស់ប្រាក់ក្បែរលានដុល្លារ ពេលនេះ ខាត់ សុឃីម ក្រោកឈររឹងមាំ តស៊ូម្ដងទៀត ដោយមិនរាថយឡើយ។
មុននេះបន្តិច ខាត់ សុឃីម បានបង្ហាញលិខិតដែលនាងបានចុះបញ្ជីពន្ធនៅក្រសួងសម្រាប់បើកមុខជំនួញថ្មី ដែលមួយប្រគល់ឱ្យស្វាមីនាងជាអ្នកគ្រប់គ្រង និង មួយទៀតនាងជាអ្នកគ្រប់គ្រងដោយផ្ទាល់។ ក្នុងនោះ តារាពហុជំនាញរូបនេះ បានបង្ហោះសារខ្លីថា «ក្រុមហ៊ុនមួយម្នាក់ រកសុីៗៗៗ ប្តីប្រឹងប្រពន្ធប្រែងលែងអី នឹងបានប្រាក់»។
យ៉ាងណាមិញ មុខរបរថ្មីរបស់ ខាត់ សុឃីម ទើបនឹងចាប់ផ្តើមដំណើរការនេះ រួមមាន ការលក់ផលិតផលរក្សាសម្រស់ និង សម្លៀកបំពាក់ តែពេលនេះនាងមិនទាន់សម្ពោធជាលក្ខណៈធំដុំទេ។ បើតាមការបង្ហើបប្រាប់ពីសំណាក់មិត្ភភក្តិ ជំនួញទាំងពីររបស់ តារាពហុជំនាញរូបនេះ ប្រើខ្ទង់ចំណាយច្រើនមិនធម្មតាឡើយ ។
ការបើកជំនួញម្តងពីររបស់ ខាត់ សុឃីម បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈ មានការភ្ញាក់ផ្អើល ព្រោះប៉ុន្មានខែមុន ខាត់ សុឃីម ទើបចាញ់បោកគេអស់ប្រាក់ប្រមាណ ៧៩ ម៉ឹនដុល្លារឯណោះ តែមិនបានប៉ុន្មានផង តារាស្រីរូបនេះ បានពង្រឹងស្មារតី ចាប់យកអាជីពថ្មីឡើងវិញ ពិតជាមិនធម្មតាឡើយ៕
រូបថត ៖ ហ្វេសប៊ុក