ប្រពៃណាស់! Vj ដាដា យកចំណងដៃសម្ពោធភោជនីយដ្ឋានល្ងាចនេះ ធ្វើរឿងគួរឱ្យសរសើរមួយ
ស្ងាត់ៗ Vj ដាដា បានបោះទុនបង្កើតហាងមួយបន្ថែម ពីលើហាងលក់ស្រារបសលោក ដែលបានបើកដំណើរការកាលពីមួយរយៈមុន។ អ្វីដែលគួរឱ្យសរសើរនោះ Vj ដាដា នឹងរៀបចំពិធីសម្ពោធហាងថ្មីរបស់លោកនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០ នេះ ដោយលោកបានប្រកាសយកទឹកប្រាក់សម្ពោធភោជនីយដ្ឋានល្ងាចនេះ ធ្វើរឿងគួរឱ្យសរសើរមួយ។
ទើបតែបើកហាងលក់ស្រាមិនប៉ុន្មានផងពេលនេះ Vj ដាដា បានដាក់ទុនបើកភោជនីយដ្ឋាន ដែលមានឈ្មោះថា GM Pub & Restaurant ដែលមានទីតាំងនៅម្តុំផ្លូវត្រសក់ផ្អែម។ អ្វីដែលប្លែក និង កម្រមានតារារូបណាធ្វើបានដូចរូបលោកនោះ គឺលោកបានប្រកាសមិនទទួល យកចំណងដៃ ឬ បាច់ផ្កាអ្វីពីភ្ញៀវកិត្តិយសចូលរួមឡើយ ពោលគឺគ្រាន់តែសុំឱ្យអ្នកចូលរួមទាំងអស់បង្វិលថវិកាទាំងនោះទៅក្នុងប្រអប់មូលនិធិមួយសម្រាប់យកទៅ ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា និង សាលាដូងនៅគីរីរម្យ ។
មួយវិញទៀត ការចូលថវិកាពីសំណាក់ភ្ញៀវកិត្តិយសនេះ លោកមិនបានកំណត់ទេ គឺអាស្រ័យទៅតាមទឹកចិត្តរៀងខ្លួន ទោះតិចក្តី ច្រើនក្តី លោករីករាយនឹងទទួល។
គួរឱ្យដឹងថា នេះជាលើកដំបូង ដែលគេបានឃើញមានអ្នកសិល្បៈខ្មែរធ្វើបែបនេះ ដោយសុខចិត្តយកចំណងដៃទៅជួយផ្នែកសប្បុរធម៌ ដែលជាកាយវិការមួយដ៏ល្អផងដែរ។ ក្នុងនោះ Vj ដាដា បានសង្កត់ធ្ងន់ថា លោកចង់ឱ្យចូលរួមសប្បាយទាំងអស់គ្នាមិនចង់បានចំណងដៃអ្វីឡើយ៕
រូបថត ៖ ហ្វេសប៊ុក