វីជេ រតនា ថា «ស្វាមីឆ្លាតមិនប្រៀបធៀបប្រពន្ធខ្លួនទៅនឹងស្រីដ៏ទៃឡើយ»
វីជេ រតនា បានបំពេញតួនាទីជាស្វាមីដ៏ល្អ ក្រោយភរិយារបស់លោកសម្រាលកូនទីបីដោយសុវត្ថិភាព ហើយក្នុងនោះលោកកាន់តែបង្ហាញនូវអារម្មណ៍អាណិត និង ស្រឡាញ់ភរិយាជាខ្លាំង ដោយលោកបានបញ្ចេញនូវពាក្យពេចន៍ជាច្រើន ឃើញហើយពិតជារំភើបជំនួសភរិយារបស់លោក ។
ក្រោយពីរៀបការប្រមាណជា ៥ ឆ្នាំប៉ុណ្ណោះ វីជេ រតនា បានទទួលចំណងដៃកូនប្រុសរហូតដល់ទៅបីនាក់ ដែលលោកធ្លាប់បង្ហើបថាយកឱ្យហើយទាន់ខ្លួននៅក្មេង តែយ៉ាងណាក្រោយមានកូនជាបន្តបន្ទាប់ភរិយារបស់ វីជេ រតនា ហាក់មិនសូវមានសុខភាពមាំទាំងល្អប៉ុន្មានឡើយ ដែលកាន់តែធ្វើឱ្យលោកមានទឹកចិត្តអាណិតភរិយាជាខ្លាំង។ លោកបាន លើកឡើងថាបើអាចទៅរួចលោកចង់ទទួលយកការឈឺចាប់ទាំង អស់នេះជំនួសភរិយា។
ជាមួយនឹងការអរគុណដល់ភរិយា វីជេ រតនា បានបង្ហាញអារម្មណ៍តាមរយៈការបង្ហោះសារដែលមាន អត្ថន័យថា «បងនៅតែចង់និយាយឃ្លានេះ ទោះប្រពន្ធស្អាតមិនស្អាតក៏ជាប្រពន្ធអំពូលភ្លើងគង់ដល់ថ្ងៃ ដែលត្រូវផ្លាស់ប្តូរ ប្រពន្ធស្លូតយ៉ាងណាគង់មានថ្ងៃហត់នឿយ ហើយកាចឆ្នាស់ហេតុអីត្រូវបន្ទោស បង្អាប់ប្រពន្ធមិនបានដូចកាលទើបតែស្រឡាញ់គ្នាហេតុអីត្រូវប្រៀបធៀបនាងទៅនិងស្រីខាងក្រៅគេស្អាតព្រោះគេនៅលីវគេមិនទាន់មានអម្រែកគ្រួសារដូចប្រពន្ធយើង បើគេមានអម្រែកគ្រួសារដែរក៏ មិន ល្អជាងប្រពន្ធយើងដែរ ហេតុអីត្រូវសរសើររាងស្រីខាងក្រៅស្អាតគេមិនបានពពោះបង្កើតកូនឱ្យយើង ដូចប្រពន្ធយើងទេស្វាមីឆ្លាតមិនប្រៀបធៀបប្រពន្ធខ្លួនទៅនឹងស្រីដ៏ទៃឡើយក្រៅពីម្តាយយើងមនុស្ស ស្រី ដែលហ៊ានលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់យើងសូម្បីតែសម្រស់គឺមានតែប្រពន្ធយើងទេ។ អូនជាកែវភ្នែករបស់បង អរគុណអូនដែលធ្វេីអ្វីគ្រប់យ៉ាងសម្រាប់គ្រួសារដ៏តូចមួយ»។
ពាក្យពេចន៍ ដែលមានអត្ថន័យរបស់ វីជេ រតនា ចំពោះភរិយាបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរថា លោកពិតជាស្វាមីល្អយល់ដល់ភាពលំបាករបស់ភរិយា ហើយក៏មានការជូនពរពីអ្នកគាំទ្រ ឱ្យជីវិតគូអ្នកទាំងពីរកាន់ស្រឡាញ់គ្នាថែមទៀត។
គួរឱ្យដឹងថា វីជេ រតនា កាន់តែមានអារម្មណ៍រីករាយ ខណៈដែលសមាជិកគ្រួសារលោកកាន់តែរីករាយ និង អ៊ូអរជាងមុន តែមិនច្បាស់ថាលោក នឹងបន្តយកកូនស្រីទៀត ឬ បែបណាឡើយ ព្រោះពេលនេះភរិយារបស់លោកមានសុខភាពមិនសូវល្អ ហើយក៏មានមុខជំនួញច្រើនថែមទៀត៕
រូបថត ៖ ហ្វេសប៊ុក