ស៊ីន យូប៊ីន តារាស្រីទីមួយ បរិច្ចាគច្រើនជាងគេដល់ ១ ម៉ឺនដុល្លារជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
នៅថ្ងៃទី ១៥ ខែតុលា ២០២០ នេះកញ្ញា ស៊ីន យូប៊ីន តារាសម្ដែងស្រីដ៏ឆ្នើមកំពុងលេចធ្លោរនៅក្នុងប្រទេសកម្ពុជា បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ១ ម៉ឺនដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់នៅស្ទើរទូទាំងប្រទេស ។ ការបរិច្ចាគថវិកាចំនួន ១ ម៉ឺនដុល្លារពីសំណាក់តារាសម្ដែង និងតារាភាពយន្តស្រីរូបនេះ អាចនិយាយបានថាជាចំនួនច្រើនជាងគេក្នុងចំណោលអ្នកសិល្បៈផ្សេងទៀត ដែលនេះបង្ហាញពីការជួយចែករំលែកក្នុងស្ថានភាពដែលប្រទេសជាតិកំពុងជួបនូវគ្រោះធម្មជាតិ ប្រជាជនត្រូវការជំនួយជាចាំបាច់បំផុត ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព ។
សម្ដេចក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និង សូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះ ទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា និង សូមអរគុណដល់សប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ៕