អ៊ុន សិទ្ធា បោះសម្តីម៉ាត់ៗ ទាក់ទង Poster រឿងថៃមានដាក់រូបអង្គរវត្តខ្មែរ
ប៉ុន្មានថ្ងៃមកហើយ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្មែរជាច្រើន បានផ្ទុះការប្រតិកម្មយ៉ាងខ្លាំងទៅលើផ្ទាំង Poster រឿងភាគថៃមួយមានចំណងជើង «សន្យាស្នេហ៍សន្យាគំនុំ» របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ ថៃ ដោយមានដាក់រូបភាពប្រាសាទអង្គរវត្តខ្មែរ ដែលទង្វើនេះធ្វើឱ្យប្រជាពលខ្មែរមិនពេញចិត្តយ៉ាងខ្លាំង រហូតស្មើសុំឱ្យនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈខ្មែរជួយអន្តរាគមន៍ ។
គេនៅមិនទាន់ទទួលដំណឹងពីខាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថាការដាក់រូបភាពប្រាសាទអង្គរក្នុង Poster មានចេនាអ្វីនៅឡើយទេ ខណៈនាយកដ្ឋានភាពយន្តខ្មែរកំពុងធ្វើលើរឿងនេះ ដើម្បីទទួលបានការបកស្រាយពីខាងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃនោះ ។ ដោយឡែក បន្ទាប់ពីផ្ទុះប្រតិកម្មខ្លាំងៗលើ Poster មួយនោះ តារាសម្ដែង អ៊ុន សិទ្ធា ក្នុងនាមជាសិល្បករខ្មែរមួយរូបដែលស្រឡាញ់ប្រទេសជាតិ វប្បធម៌ កេរតំណែលដូនតានោះ បានចេញមុខបង្ហោះសារប្រតិកម្មមិនពេញចិត្តផងដែរ ។
តារាសម្ដែង អ៊ុន សិទ្ធា បានរៀបរាប់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា «ប្រាសាទខ្មែរគឺមានតែមួយគ្មានពីរទេ ដូច្នេះក្នុងនាមខ្ញុំជាសិល្បៈមួយរូបដែរ សូមធ្វើការមិនយល់ស្របសម្រាប់ភាពយន្តភាគថៃ ដែលយករូបប្រាសាទអង្គរវត្តទៅផ្សព្វផ្សាយជាសាធារណៈ ដូចជាប្រាសាទប្រទេសខ្លួនឯងទៅវិញ ។ តែបើសម្រាប់សាសន៍ដទៃដូចជាអឺរ៉ុប ឬក៏ Hollywood មកថតវាមិនជាអ្វី ផ្ទុយទៅវិញគឺមានតែជួយផ្សព្វផ្សាយឱ្យប្រទេសខ្មែរ ។ ភាពយន្តថៃឆ្លុះបញ្ចាំងបែបនេះធ្វើឱ្យប្រទេសដទៃគេយល់ច្រឡំកាន់តែខ្លាំងថាប្រាសាទខ្មែរជារបស់ថៃ ឬ សៀម ។ ជាក់ស្តែងការឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ខ្មែរ មិនសូវទូលំទូលាយដូចសាសន៍ដទៃផង វាអាចផ្តល់ផលប៉ះពាល់» ៕