រឿងរ៉ាវរំជួលចិត្ត ពីក្រោយការកែសម្ផស្សដល់ទៅ ៧២ ដងរបស់ Human Ken Doll
ប្រិយមិត្តភាគច្រើន ប្រាកដជាធ្លាប់បានដឹងហើយ ពីតារាញៀនកែសម្ផស្ស Human Ken Doll ដែលបច្ចុប្បន្នបានប្រែក្លាយខ្លួនទៅជាមនុស្សស្រី រួមទាំងមានមិត្តប្រុសបណ្ដើរយ៉ាងផ្អែមល្ហែមផងនោះ ។ ទោះជាយ៉ាងណា រឿងរ៉ាវពីក្រោយការសម្រេចចិត្តដ៏គ្រោះថ្នាក់ ធ្វើការវះកាត់កែសម្ផស្ស ផ្លាស់ប្ដូររូបរាងខ្លួនឯងស្ទើរទាំងស្រុងរបស់តារារូបនេះ គឺមានភាពជូរចត់លើសពីគ្រប់គ្នារំពឹងទុក ។
Human Ken Doll មានឈ្មោះដើម Rodrigo Alves សញ្ជាតិប្រេស៊ីល កើតក្នុងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ១៩៨៣ ។ នៅពេល Alves នៅពីក្មេង រូបលោកមានអារម្មណ៍ថា ខ្លួនឯងមានរូបរាងអាក្រក់ និងមិនត្រូវតាមស្ដង់ដារបស់ប្រជាជនប្រេស៊ីល ។ នៅសាលា Alves តែងតែត្រូវគេមើលងាយរើសអើងជារៀងរាល់ថ្ងៃ ។ លោកតែងតែបន់ស្រន់ ថាអ្វីៗនឹងផ្លាស់ប្ដូរទៅជាប្រសើរជាងនេះ ព្រោះលោកមិនអាចតស៊ូទ្រាំទ្រនឹងពាក្យសម្ដីមាក់ងាយរបស់មិត្តរួមថ្នាក់ខ្លួនតទៅទៀតបាននោះឡើយ ។
មកដល់អាយុបាន ១៣ ឆ្នាំ Rodrigo Alves ត្រូវបានមិត្តរួមថ្នាក់ខ្លួនបំពានផ្លូវភេទ ហើយរូបលោកមិនអាចការពារខ្លួនឯងបានឡើយ ដោយសារតែភាពទន់ខ្សោយ និងចរិតដូចជាមនុស្សស្រីរបស់ខ្លួន ។ នៅពេលនោះ លោកធ្លាប់គិតថា នឹងផ្លាស់ប្ដូរខ្លួនឯងឲ្យមើលទៅដូចជាមនុស្សប្រុស ដើម្បីអាចបញ្ឈប់អំពើគួរឲ្យស្អប់ខ្ពើមទាំងនោះបាន ។
នៅអាយុ ១៧ ឆ្នាំ Alves បានឆ្លងកាត់ការវះកាត់ជាលើកដំបូង ដោយធ្វើការកាត់សាច់ដុំដើមទ្រូងខ្លួនចោល ។ គួរបញ្ជាក់ថា តារាប្រុសរូបនេះ កើតមានជំងឺម៉្យាងហៅថា gynecomastia ដែលធ្វើឲ្យអរម៉ូនដំណើរការខុសប្រក្រតី និងធ្វើឲ្យកោសិកាដើមទ្រូងលោករីកធំដូចមនុស្សស្រី ។ លោក Alves តែងតែចង់ចាកចេញពីប្រទេសប្រេស៊ីល ដោយសារតែលោកនៅកើតមានចិត្តថាខ្លួនមិនសក្ដិសមនឹងទីនោះ ដូច្នេះនៅពេលកើតដល់អាយុ ១៩ ឆ្នាំ លោកក៏បានផ្លាស់ទីទៅស្រុកកំណើតឪពុកខ្លួននៅប្រទេសអង់គ្លេស ។
ទៅដល់ប្រទេសអង់គ្លេស Alves បានចាប់រៀនថ្នាក់មហាវិទ្យាល័យនៅសាលា London College ដោយចាប់យកជំនាញទំនាក់ទំនងសាធារណៈ ។ នៅទីនោះ Alves ចាប់កើតការតូចចិត្តជាថ្មី ក្រោយឃើញនិស្សិតដែលរៀននៅទីនោះ សុទ្ធតែមានរូបរាងទាក់ទាញ ផ្ទុយពីខ្លួនលោកបែរជាមានរាងធាត់ខុសពីគេ ។
ជាបុណ្យកុសលល្អ Rodrigo Alves មានជីដូនជីតាជាអ្នកមានទ្រព្យស្តុកស្តម្ភ ដោយពួកគាត់បានបន្សល់ទុកទ្រព្យសម្បត្តិមួយចំនួនធំឲ្យលោក ។ ជាមួយនឹងសម្បត្តិទ្រព្យទាំងនោះ Alves បានសម្រេចចិត្តប្រើប្រាស់ក្នុងការកែប្រែរូបរាងរបស់ខ្លួនឯង ។
Rodrigo Alves បានសម្រេចចិត្តធ្វើការវះកាត់ជាថ្មី ដោយលើកនេះ លោកបានធ្វើការវះដាក់សាច់ដុំពោះ ៦ កង់ក្លែងក្លាយ ព្រោះក្នុងបំណងចង់បានរូបរាងជាមនុស្សប្រុសដ៏ទាក់ទាញម្នាក់ ។ ក្រោយការវះកាត់ឃើញលទ្ធផល Alves ក៏បានប្រែក្លាយជាមនុស្សញៀនការវះកាត់ ដោយធ្វើការវះកាត់នូវផ្នែករាងកាយផ្សេងទៀតគ្រប់កន្លែង ដែលលោកមិនពេញចិត្ត ។
គួរបញ្ជាក់ថា Alves មានបំណងចង់ក្លាយជាតុក្កតាប្រុស Ken Doll ដែលរូបលោកតែងតែលេងកាលពីតូច ហេតុដូចនេះ ការវះកាត់នៅតែបន្តរហូតរូបលោក បានប្រែក្លាយខ្លួនទៅជាមនុស្សម្នាក់ផ្សេងទៀត ដែលជាប់ងារជា Human Ken Doll ។
មកដល់ខែមករា ឆ្នាំ ២០២០ Rodrigo Alves បានប្រកាសថា រូបលោកជាភេទទី ៣ ក្រោយរស់នៅលាក់ខ្លួនរយៈពេល ៣ ខែ ។ រហូតមកដល់ខែកក្កដា ឆ្នាំ ២០២០ លោក Alves បានធ្វើការប្រកាសថា រូបគាត់បានកែប្រែឈ្មោះទៅជា Jessica វិញ រួមទាំងបានបង្ហាញវត្តមានមិត្តប្រុសដែលជាគ្រូពេទ្យកែសម្ផស្សរបស់ខ្លួនផងដែរ ៕
ប្រភព៖ dailybee