ទម្លាយមុខអ្នកដឹកនាំរឿង ៥ រូបនៅប៉ុស្ដិ៍ TV3 ថៃ រឿងចេញមកមួយៗផ្ទុះខ្លាំងអស់ទាស់
នៅពីក្រោយខ្នងខ្សែភាពយន្តនីមួយៗ មិនថារឿងភាគ ឬរឿងខ្នាតធំទេ គឺតែងតែមានក្រុមការងារ អ្នកនិពន្ធ ជាពិសេសអ្នកដឹកនាំរឿងនោះ ប្រឹងប្រែងសម្បើមណាស់ទម្រាំផលិតរឿងមួយៗចេញមកទទួលបានការគាំទ្រពីទស្សនិកជន ប៉ុន្ដែការពិតជាក់ស្ដែង មានមហាជនភាគតិចណាស់ដែលស្គាល់មុខអ្នកដឹកនាំ ពោលគឺភាគច្រើនស្គាល់តែតួសម្ដែងប៉ុណ្ណោះ ។
ពេលនេះ យើងសូមបង្ហាញមុខអ្នកដឹកនាំល្បីៗ ពូកែៗ ៥ រូបប្រចាំនៅប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃ ឬ TV3 ដឹកនាំរឿងមួយៗ ល្បីល្បាញទទួលបានការគាំទ្រច្រើនផុសផុល ៖
១- Off Pongpat អ្នកដឹកនាំរឿងជើងចាស់រូបនេះ គឺល្បីល្បាញខ្លាំងណាស់ប្រចាំប៉ុស្ដិ៍ TV3 ដែលរឿងរបស់លោកដឹកនាំសុទ្ធតែល្បីៗ ទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន ដូចជារឿង «ណាគី» និង រឿង «អន្លង់កម្ម» ជាដើម ។
២- Nong Arunosha គឺជាអ្នកដឹកនាំរឿងដ៏មានសមត្ថភាពមួយរូបប្រចាំប៉ុស្ដិ៍លេខ ៣ ថៃ ជាក់ស្ដែងដូចជារឿង «បុព្វេសន្និវាស» ឃើញថាមានទស្សនិកជនគាំទ្រភ្លូកទឹកភ្លូកដី ។
៣- Anne Thongprasom ប្រែក្លាយពីតារាសម្ដែង ក្លាយទៅជាអ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូបតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយរឿងដែលនាងដឹកនាំសុទ្ធតែល្បីៗច្រើនរាប់ភ្លេច តួយ៉ាងរឿង «ស្វាមីសំណព្វចិត្ត» ជាដើម ។
៤- Ja Yossinee ជាអ្នកដឹកនាំរឿងដ៏ជោគជ័យម្នាក់ ព្រោះថារឿងដែលដឹកនាំក្រោមស្នាដៃរបស់អ្នកស្រី ទទួលបានសន្ទុះការគាំទ្រខ្លាំង ដូចជារឿង «ភ្លើងបុណ្យ» រឿង «ចម្លើយស្នេហ៍» និង រឿងល្បីៗជាច្រើនទៀត ។
៥- Da Hathairat ចាប់អាជីពជាអ្នកដឹកនាំរឿងតាំងពីឆ្នាំ ២០០១ ហើយអ្នកស្រីក៏បានដឹកនាំរឿង «ល្បែងស្នេហ៍» ដែលជារឿងល្បីល្បាញប្រចាំឆ្នាំ និង រឿងជាច្រើនផ្សេងទៀត ៕