លោក យោន វុទ្ធី បានចាប់ប្រកបរបរចិញ្ចឹមឃ្មុំអស់រយៈពេល ៤ ឆ្នាំកន្លងមកហើយ និង មានបទពិសោធយ៉ាងសម្បូរបែបអំពីវិធីចិញ្ចឹមឃ្មុំ និង បានក្លាយជាអ្នកបណ្តុះបណ្តាលពីវិធីចិញ្ចឹមឃ្មុំដោយពុំមានការលាក់លៀមសោះឡើយដល់អ្នកដែលចង់ប្រកបរបរមួយនេះ ។ ពេលនេះលោក យោន វុទ្ធី មានទូចិញ្ចឹមឃ្មុំចំនួន ២០០ ធុងហើយគ្រោងពង្រីកបន្ថែមឱ្យបានចំនួន ៥០០ ទូនាពេលខាងមុខ ។
បើតាមលោក យោន វុទ្ធី ដែលជាអ្នកចិញ្ចឹមឃ្មុំម្នាក់នៅភូមិបឹងបាសាក់ ឃុំសំបួរមាស ស្រុកកំពង់ចាម ខេត្តកំពង់ចាម បានបង្ហើបឱ្យដឹងថា «មុននឹងឈានដល់ការចាប់ប្រកបរបរចិញ្ចឹមឃ្មុំ លោកបានឆ្លងកាត់ការងារមួយចំនួនមានដូចជាធ្វើគ្រូបង្រៀន ធ្វើមគ្គុទេសក៍ទេសចរណ៍ ទៅធ្វើកម្មករនៅប្រទេសថៃ ធ្វើការងារនៅក្នុងអង្គការ OBT នៅត្បូងឃ្មុំ និង ចុងក្រោយទើបសម្រេចចិត្តចិញ្ចឹមឃ្មុំ ។
ចំពោះមូលហេតុចាប់ប្រកបរបរនេះដោយសារយល់ឃើញថា ទឹកឃ្មុំមានប្រយោជន៍យ៉ាងសំខាន់ក្នុងការព្យាបាលជំងឺ ១០០ មុខ និង យល់ថាប្រជាជនខ្មែរភាគច្រើនដឹងពីគុណភាពនៃទឹកឃ្មុំ គេនិយមប្រើទឹកឃ្មុំក្នុងការប្រើជាឱសថ ដូច្នេះបើទឹកឃ្មុំយើងសុទ្ធល្អនោះគេមិនខ្លាច ឬ ស្ទាក់ស្ទើរក្នុងការទិញយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃឡើយ ដូច្នេះហើយទើបលោកទៅរៀនពីបច្ចេកទេសចិញ្ចឹមឃ្មុំពីអ្នកមានជំនាញពិតប្រាកដ ។
ក្រោយពីរៀនចេះហើយ លោកក៏ចាប់ផ្តើមដំណើរការដំបូងនាចុងឆ្នាំ ២០១៦ ដោយរៀបចំបង្កើតត្រឹម ៥ ទូសិន គឺទិញពូជឃ្មុំពីក្រៅប្រទេស និង ចេះតែបង្កើតបន្ថែមបន្តបន្ទាប់រហូតដល់ពេលនេះបានប្រមាណជា ២០០ ទូ ព្រមទាំងមានទឹកឃ្មុំចិញ្ចឹមសុទ្ធ ១០០ ភាគរយដាក់ឈ្មោះថា «ទឹកឃ្មុំផ្កាគ» សម្រាប់លក់ជូនអតិថិជនដោយក្នុង ១ លីត្រថ្លៃ ២០ ដុល្លារ ។
ការចិញ្ចឹមឃ្មុំមិនមែនងាយស្រួលប៉ុន្មានឡើយ ក្នុងនោះសំខាន់ត្រូវចេះបន្លាស់ទីនូវសំបុកឃ្មុំចិញ្ចឹមរបស់យើង ពិសេសត្រូវដឹងអំពីរដូវ និង តំបន់ណាដែលដើមឈើមានផ្កាសម្រាប់ឱ្យឃ្មុំទៅក្រេបយកលម្អងផ្កាទាំងនោះ ។ ជាក់ស្តែងឃ្មុំដែលលោក យោន វុទ្ធី ចិញ្ចឹមតែងបន្លាស់ទីទៅតាមរដូវជាកំណត់ ពោលគឺខែកក្កដា សីហា កញ្ញា តុលា និង វិច្ឆិកា ជារដូវមៀន និង តាង៉ែនចេញផ្កា ដូច្នេះត្រូវដឹកទូឃ្មុំទៅដាក់នៅជិតតំបន់ដែលសម្បូរដើមឈើទាំងនោះ ។ នៅខែធ្នូជារដូវផ្កា-គ ដូច្នេះខេត្តកំពង់ចាមសម្បូរផ្កា-គ នៅតាមដងទន្លេ ឯខែមករាជារដូវដើមកៅស៊ូចេញផ្កា និង ខែកុម្ភៈ មីនា មេសា ឧសភា ជារដូវដើមអាកាស្យាចេញផ្កា ។
ការចិញ្ចឹមឃ្មុំ ត្រូវចំណាយពេលចន្លោះពី ១៥ ថ្ងៃទៅ ២០ ថ្ងៃ ទើបអាចប្រមូលផលបាន ។ ពូជ (ឃ្មុំ) ត្រូវបាននាំយកមកពីស្រុកគេនៅក្រៅប្រទេស ដែលបន្ទាប់ពីគេយកបន្សុទ្ធនៅអាស៊ី ដូចជា នៅថៃ វៀតណាម ជាដើម ហើយបានយើងទិញយកមកបំបែកពូជ ។
សត្វឃ្មុំក្រេបលម្អងផ្កា និង ផ្ដល់ផលជាទឹកឃ្មុំបានចន្លោះ ២ លីត្រ ទៅ ៤ លីត្រក្នុងមួយទូ ដោយអាស្រ័យលើសុខភាពឃ្មុំនៅតាមទូចិញ្ចឹមនីមួយៗ ហើយលក់តម្លៃ ៨ ម៉ឺនរៀលក្នុងមួយលីត្រ ។ ការចិញ្ចឹមឃ្មុំគឺចាំបាច់ត្រូវឆ្លងកាត់ការរៀនសូត្រពីវិធីចិញ្ចឹមឱ្យបានច្បាស់លាស់ បើពុំនោះទេវាអាចធ្វើឱ្យយើងខាតប្រយោជន៍ និង ដើមទុនជាមិនខាន ៕