ក្រុម F4 តៃវ៉ាន់ជុំគ្នាកក្រើកឆាកតន្ត្រីជាថ្មី ផ្អើលមនុស្សរាប់ម៉ឺននាក់ (វីដេអូ)
បន្ទាប់ពីបានបង្ហាញខ្លួន ក្នុងខ្សែភាពយន្ត F4 ឬ «ស្នេហា ៤ ដួង» កាលពីកំឡុងឆ្នាំ ២០០១ ហើយនោះ ក្រុមចម្រៀង F4 តៃវ៉ាន់ ក៏បានបន្តសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីសុះសាយស្ទើរទូទាំងពិភពលោករហូតដល់ឆ្នាំ ២០១៣ ទើបពួកគេទាំង ៤ រូប បានបំបែកក្រុមនេះ ។
ក្នុងនោះដែរ រយៈពេល ៧ ឆ្នាំ នៃការរំសាយក្រុមចម្រៀង F4 នោះ តារាចម្រៀង និង សម្តែងទាំង ៤ រូប ក៏បោះជំហានលើវិស័យសិល្បៈតាមជំនាញរៀងៗខ្លួន ។
យ៉ាងណាមិញ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ នៅក្នុងកម្មវិធី «Jiangsu TV 1001 Night Festival» អតីតក្រុមចម្រៀងល្បីល្បាញនេះ បានធ្វើឲ្យអ្នកគាទ្រពួកគេរាប់រយប្រទេស ភ្ញាក់ផ្អើល និង រំភើបចិត្តយ៉ាងខ្លាំង ក្រោយពីវត្តមានបុរសសង្ហាទាំង ៤ បានចាប់ដៃគ្នាបកស្រាយបទចម្រៀងរួមគ្នាលើឆាកតន្ត្រីជាថ្មី ក្នុងនាមជាក្រុម F4 ។
បទចម្រៀង ២ បទ ក្នុងរឿង «ស្នេហា ៤ ដួង» ដែល Jerry Yan (តាវ មិញសឺ) Vic Chou (គួរ ចាលឺយ) Ken Chu (ស៊ីមិន) និង Vanness Wu (ម៉ីជូ) បានលើយកមកបកស្រាយសារជាថ្មី គឺនៅតែពិរោះរណ្ដំដូចដើម ជាពិសេសនោះគឺបានធ្វើឲ្យអ្នកទស្សនាមានការនឹករឭកអតីតកាលក្នុងអំឡុងពេលអ្នកទាំង ៤ បានសម្តែងខ្សែភាពយន្តរួមគ្នាកាលពីឆ្នាំ ២០០១ ទៀតផង ៕