មុខរបរចិញ្ចឹមមាន់ទាភ្ញាស់កូនលក់ កំពុងត្រូវប៉ាន់ខ្លាំង ចំណូល ១ ខែៗបានក្បែរខ្ទង់ពាន់ដុល្លារ
ទើបតែចិញ្ចឹមមាន់បានរយៈពេលជាង ១ ឆ្នាំនេះទេ តែកសិករ ឈៀង ម៉េត ហាក់ជោគជ័យក្នុងការចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ ដែលក្នុង ១ ខែអាចផលិតកូនមាន់លក់បានប្រមាណពី ៥០០ ទៅ ៧០០ ក្បាល រកចំណូលបានពី ៥០០ ទៅ ៧០០ ដុល្លារ គួបផ្សំនឹងការលក់ទូភ្ញាស់កូនមាន់ដែលដំឡើងផ្ទាល់ខ្លួនសម្រាប់ទៀតនោះ សរុបគឺបានជាងមួយពាន់ដុល្លារ និង កំពុងដំណើរការដាក់ទាកាប៉ាចិញ្ចឹម ព្រមទាំងត្រីអណ្តែងទៀត ។
ពេលនេះការចិញ្ចឹមមាន់ភ្ញាស់យកកូនតាមរយៈបង្កាត់សិប្បនិម្មិតរបស់កសិករ ឈៀង ម៉េត រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ គឺមានមេមាន់ពូជចំនួន ១៥០ ក្បាល និង បា ៨ ក្បាល ហើយក្នុងនោះមានទូភ្ញាស់ពងមាន់ ២ គ្រឿង ដែលអាចផលិតកូនមាន់បានពី ៥០០ ទៅ ៧០០ ក្បាលក្នុងមួយខែ សម្រាប់លក់ឱ្យអ្នកចិញ្ចឹមនៅតាមភូមិ ។
មុនចាប់ប្រកបរបរចិញ្ចឹមមាន់ភ្ញាស់យកកូនលក់កសិករ ឈៀង ម៉េត មានរបរជាមេការគ្រឿងចក្រចាក់ដី ឈូសដី តែតាំងពីមានជំងឺកូវីដ ១៩ មកការងារត្រូវគាំងទ្រឹងទើបសម្រេចចិត្តចាប់របរចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ ដើម្បីមានប្រាក់ដោះស្រាយជីវភាពក្រុមគ្រួសារ ។
ពេលចិញ្ចឹមមាន់ដំបូងដាក់តែត្រឹម ៣០ ក្បាល ដោយរៀនសូត្រដកពិសោធរបៀបចិញ្ចឹមមាន់ពីគេ និង រៀនតាមយូធូបគួបផ្សំមានការណែនាំពីខាងជំនាញកសិកម្មខេត្តត្បូងឃ្មុំផង ទើបចេះតែទទួលបានលទ្ធផលល្អបន្តបន្ទាប់រហូតរកកូនមាន់លក់ស្ទើរមិនទាន់ ។
ដោយសង្កេតឃើញថាអ្នកចិញ្ចឹមមាន់មានការចាប់អារម្មណ៍លើទូភ្ញាស់កូនមាន់ កសិករ ឈៀង ម៉េត ក៏បានធ្វើការស្រាវជ្រាវស្វែងយល់ពីវិធីផលិតទូភ្ញាស់កូនមាន់ស្វ័យប្រវត្តិដោយខ្លួនឯង រួចក៏រៀបចំដំឡើងបានសម្រេចជាបន្តបន្ទាប់ និង មានគុណភាពល្អមិនចាញ់ទូភ្ញាស់កូនមាន់ដែលផលិតពីបរទេសឡើយ ហើយអាចផលិតបានទូភ្ញាស់កូនមាន់ចាប់ពីប្រភេទដាក់បាន ១០០ ពង លក់ក្នុងតម្លៃ ១៨០ ដុល្លារ រហូតដល់ទូប្រភេទធំអាចដាក់ពងមាន់ភ្ញាស់បានដល់ទៅ ១៥០០ ពង លក់ក្នុងតម្លៃ ១០០០ ដុល្លារផងដែរ ។
កសិករ ឈៀង ម៉េត បានបង្ហាញពីគ្រោងការផ្ទាល់ខ្លួនថាជាមួយនឹងការមានលក់ទូភ្ញាស់ពងមាន់គាត់ ក៏នឹងពង្រីកទ្រុងចិញ្ចឹមមាន់សាច់ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការអ្នកចូលចិត្តបរិភាគមាន់ស្រែ និង បង្កើនការចិញ្ចឹមមាន់យកពងភ្ញាស់កូនលក់ឱ្យកាន់តែច្រើន ។ ជាមួយគ្នានេះដែរកសិករ ឈៀង ម៉េត បានពង្រីកការចិញ្ចឹមទាកាប៉ាចំនួន ២០០ ក្បាល ដើម្បីយកពងភ្ញាស់កូនលក់ និង ចិញ្ចឹមត្រីអណ្តែងចំនួន ៤ អាងទៀតផង ។
ការចិញ្ចឹមមាន់ស្រែដើម្បីឱ្យទទួលបានលទ្ធផលល្អ ចាំបាច់ត្រូវសាងសង់ទ្រុងបណ្ដោយថ្ងៃ លើទីទួលខ្ពស់ កុំឱ្យមានដក់ទឹក ត្រូវជ្រើសរើសពូជមាន់ស្រែសុទ្ធ ដែលធំធាត់និង មានសុខភាពល្អ ត្រូវផ្ដល់ចំណីដែលមានគុណភាព និង ប្រូតេអ៊ីនគ្រប់គ្រាន់ ត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់ និង ចាក់រំលឹកឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ៕