ការជិត ១ ឆ្នាំ ជា សំណាង ដាច់ចិត្តបង្ហាញរូបកូនស្រីលើបណ្តាញសង្គម លើកដំបូង
នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះតារាសម្តែងលោក ជា សំណាង រៀបការបានមួយឆ្នាំ ហើយនេះក៏ជាលើកដំបូងដែលលោកបានបង្ហាញរូបភាពកូនស្រីដំបូងរបស់ខ្លួនជាសាធារណៈនៅតាមបណ្តាញសង្គមបែបនេះ ។
លោក ជា សំណាង ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមិនចូលចិត្តបើកចំហជីវិតឯកជនរបស់ខ្លួននៅតាមបណ្តាញសង្គមឡើយ ។ យ៉ាងណាមិញកន្លងមកគេកម្រឃើញលោកបង្ហាញរូបភាពជាលក្ខណៈគ្រួសារដល់អ្នកគាំទ្រឡើយ បើទោះបីលោករៀបការ និង រស់នៅពោរពេញទៅដោយសុភមង្គលក៏ពិតមែន ប៉ុន្តែថ្មីៗនេះលោក ជា សំណាង បានបង្ហាញរូបភាពជាមួយកូនស្រីដំបូងរបស់ខ្លួនដែលមានវ័យប្រមាណជា ៧ ខែ តាមបណ្តាញសង្គមដោយក្នុងនោះតារាវ័យជ្រេរូបនេះបានអះអាងថានេះជារូបភាពដំបូងរបស់កូនស្រីលោក ។
ក្នុងនោះក៏មានការលើកឡើងស្ទើរគ្រប់គ្នាថាស្ងាត់ៗលោក ជា សំណាង មានកូនមួយបាត់ ជូនពរឱ្យមានទីពីរ និង ទីបីបន្តទៀត ហើយអ្វីដែលចាប់អារម្មណ៍កូនស្រីរបស់លោកមានមុខមាត់ដូចលោកបេះដាក់តែម្តង ។
គេចាំបានថាលោក ជា សំណាង បានរៀបការជាមួយតារាសម្តែង និង តារាបង្ហាញម៉ូដម្នាក់កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅក្រោយពីពួកគេបានរួមការងារជាមួយគ្នាកន្លងមក ហើយពេលនេះលោកក៏ទទួលបានកូនស្រីមួយដែលមានវ័យប្រមាណជា ៧ ខែ និង ពេលនេះទាំងលោក ជា សំណាង និង ភរិយានៅតែបន្តអាជីពសម្តែងដដែល ៕