ដោយមូលហេតុទាំងនេះទើប សឿ សុធារ៉ា មិនអាចដើរតួឯករឿង «ស្នាមស្នេហ៍សមុទ្ររាម វគ្គ ២»
កាលពីពេលថ្មីៗកន្លងទៅនេះ ប្រិយមិត្តបានដឹងរួចមកហើយថា ខ្សែភាពយន្តរឿង «ស្នាមស្នេហ៍សមុទ្ររាម» នឹងមានការថតឡើងវិញក្រោមការផលិតពីស្ថានីយទូរទស្សន៍ PNN ដោយក្នុងនោះមានអ្នកស្រី ពាន់ ភួងបុប្ផា ជាអ្នកដឹកនាំរឿងនេះ ។
ជាមួយគ្នានេះ ប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានដឹងរួចមកហើយដែរថា ខ្សែភាពយន្តដែលមានភាពល្បីល្បាញកាលពី ១៧ ឆ្នាំមុនខាងលើនេះ គឺមានការចូលរួមសម្តែងដោយតារាស្រីល្បីឈ្មោះ សឿ សុធារ៉ា និង លោក ញ៉ែម សុគន្ធ កាន់តំណែងជាតួឯកប្រុសស្រី ប៉ុន្តែយ៉ាងណាសម្រាប់រឿងដែលថតឡើងវិញនេះ តំណែងតួឯកស្រីមិនមែនជា សឿ សុធារ៉ា ទៀតនោះឡើយ ដោយមានការផ្លាស់ប្តូរ ។
ទាក់ទងនឹងផ្លាស់ប្តូរតួឯកនេះដែរ បើតាមសម្តីរបស់អ្នកដឹកនាំរឿងគឺអ្នកស្រី ពាន់ ភួងបុប្ផា ដែលបានប្រាប់ទៅសារព័ត៌មាន Fresh News Plus កាលពីថ្មីៗនេះថា «អ្នកនាង សឿ សុធារ៉ា មិនអាចដើរតួបានទៀតទេ ហើយគេក៏មិនអាចយកតួដដែលៗមកសម្ដែងបានដែរ» ។
អ្នកស្រី ពាន់ ភួងបុប្ផា បានបន្តប្រាប់សារព័ត៌មានខាងលើក្នុងន័យបែបនេះទៀតថា «យើងអត់ចង់យកតួពីមុនមកសម្ដែងក្នុងវគ្គថ្មីទៀតទេ ព្រោះអារម្មណ៍ និងមនោសញ្ចេតនាគឺថ្មី ហើយម្នាក់ៗ (តួអង្គចាស់) មានប្ដី មានប្រពន្ធ មានកូន គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់យើងទេ ហើយយើងក៏មិនអាចនៅងាប់ក្រឡា ជាមួយនឹងរបស់ចាស់ហ្នឹងបានដែរ គេគិតអ្នកថ្មីល្អជាង ដោយសារពួកគេ នៅខ្លួនមួយ គេមានពេលគ្រប់គ្រាន់សម្រាប់ថតឲ្យយើង» ។
គួរឱ្យដឹងដែរថា រឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គទី ២ តំណែងតួឯកស្រីគឺធ្លាក់ទៅលើកញ្ញា សំណាង អេលីណា បវរកញ្ញាចក្រវាលឆ្នាំ២០១៩ សម្តែងរួមជាមួយលោក ខាត់ វ៉ៃ ហាំង ជាតួឯកប្រុស ។ ក្នុងនោះដែរក៏មានតួប្រុសស្រីល្បីៗជាច្រើនរូបផ្សេងទៀត ក៏នឹងបង្ហាញវត្តមានចូលរួមសម្តែងផងដែរ ដូចជា កញ្ញា អឿន រ៉ូហ្សា លោក ពៅ ពិសិដ្ឋ លោក រីមន្ត រិទ្ធ អ្នកនាង សំ ម៉ាណា កញ្ញា វី យ៉ាដា ម៉ុង ប៊ុន ណូរ៉ា លោក ខេម កញ្ញា នីតា វរវង្ស ជាដើម ៕