អ្នកស្រី ពាន់ ភួងបុប្ផា បញ្ជាក់ច្បាស់ជាថ្មីរឿងមិនយក សឿ សុធារ៉ា ថតរឿង «ស្នាមស្នេហ៍សមុទ្ររាម វគ្គ២»
កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ រឿង «ស្នាមស្នេហ៍សមុទ្ររាម» ជំនាន់ទី ២ ត្រូវបានធ្វើពិធីក្រុងពាលីថតហើយ នៅស្ថានីយទូរទស្សន៍ PNN ដោយមានការចូលរួមពីតារាសម្តែងជាច្រើនរូប និង ក្នុងនោះក៏មានវត្តមានអ្នកដឹកនាំសម្តែងរឿងផងដែរ នោះគឺអ្នកស្រី ពាន់ ភួងបុប្ផា ។
នាឱកាសពិធីក្រុងពាលីរឿងខាងលើនោះដែរ អ្នកស្រី ពាន់ ភួងបុប្ផា ក៏ត្រូវបានសារព័ត៌មានជាច្រើនធ្វើបទសម្ភាសទាក់ទងនឹងរឿងដ៏ល្បីល្បាញកាលពី ១៧ ឆ្នាំមុននេះ ក៏ដូចជាតួអង្គផងដែរ ។ យ៉ាងណាមិញ បើងាកទៅអ្នកស្រី បាន់ ភួងបុប្ផា អ្នកដឹកនាំរឿងដ៏ល្បីនេះ បន្ទាប់ពីបានឃើញអត្ថបទព័ត៌មានចុះផ្សាយទាក់ទងនឹងចំណងជើងថា តារាសម្ដែង សឿ សុធារ៉ា អស់ភាពក្រមុំ ទើបមិនអាចជ្រើសយកឲ្យសម្ដែងជាតួឯករឿង «ស្នាមស្មេហ៍សមុទ្ររាម» វគ្គ ២ បាន ពីសារព័ត៌មានមួយនោះ បានធ្វើឱ្យអ្នកស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ចំពោះចំណងជើងដែលចុះផ្សាយកន្លងមកនេះដែរ អ្នកស្រី ពាន់ ភួងបុប្ផា បានចេញមុខធ្វើការបំភ្លឺហើយ ដោយការបង្ហោះសារចូលទៅក្នុងបណ្តាញសង្គមកាលពីយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ដើម្បីបញ្ជាក់កុំឱ្យសាធារណជនមានការយល់ច្រឡំចំពោះអ្នកស្រី ។
អ្នកស្រី ពាន់ ភួងបុប្ផា បានបកស្រាយថា «ខ្ញុំសូមបំភ្លឺចំពោះពាក្យសម្តីរបស់ខ្ញុំ ដែលសារព័ត៌មានមួយយកមកធ្វើជាចំណងជើងអត្ថបទ នោះគឺជាការដកស្រង់មិនអស់សម្ដី ធ្វើឱ្យមានកាយល់ច្រឡំអំពីសំណួរដែលសួរខ្ញុំថា ហេតុអ្វីមិនយកតួសម្តែងអ្នកនាង សឿ សុធារ៉ា មកសម្តែងតួនាង រាម វិញ? ខ្ញុំបានឆ្លើយក្នុងន័យថារឿង «ស្នាមស្នេហ៍សមុទ្ររាម» មុន គឺយើងថត ១៧ ឆ្នាំកន្លងមក ដូច្នេះតួសម្តែងមុនគាត់មិននៅក្មេងដូចមុនទៀតទេ គាត់មានប្តីមានកូនហើយ ។ នេះជាការពិត ព្រោះក្នុងអត្ថបទភាពយន្តបានសរសេរពីនាងរាម គឺមានអាយុ ១៦-១៧ ឆ្នាំ តែប៉ុណ្ណោះ ។ អគុណចំពោះការយកចិត្តទុកដាក់របស់ Fan Fan ទាំងអស់គ្នា» ៕