រដ្ឋមន្ត្រី ប្រាក់ សុខុន ក្រោយធ្វើចត្តាឡីស័ក ១០ ថ្ងៃ បាយក៏បានសម្រាន្តក៏ស្រួល ខ្លាចតែឡើងគីឡូវិញទេ
នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្ដមប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានចេញសារមួយយ៉ាងវែងអន្លាយរៀបរាប់អំពីស្ថានភាពសុខភាពរបស់ឯកឧត្ដម និងបង្ហាញអំពីបទពិសោធន៍ថ្មីមិនធ្លាប់មាននៅក្នុងក្រុមគ្រួសាររបស់ឯកឧត្ដម ។
តាមសាររបស់រដ្ឋមន្ត្រីក្រសួងការបរទេសបានរៀបរាប់ថា៖ «ថ្ងៃទី ១២ ខែវិច្ឆិកា នេះគឺចូលដល់ថ្ងៃទី១០ហើយ បើរាប់ពីថ្ងៃដែលខ្ញុំបានទទួលជួបប្រាស្រ័យការងារជាមួយលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជារៀងរាល់ថ្ងៃ មានអ្នកសួរសុខទុក្ខខ្ញុំជាហូរហែថា តើខ្ញុំយ៉ាងម៉េចហើយ? មានបញ្ហាអីទេ? មានប្រែប្រួលក្នុងខ្លួនដែរឬអត់? ភាគច្រើនគឺជាមិត្តភ័ក្តិ អ្នកស្រឡាញ់រាប់អានគ្នា បារម្ភពីសុខភាពខ្ញុំ ហើយគេជូនពរឱ្យខ្ញុំចៀសផុតគ្រោះទាំងឡាយ ហើយបានឆាប់ត្រឡប់មកកាន់ជីវភាពធម្មតាឡើងវិញ»។
ឯកឧត្ដមបន្តថា៖ «អ្នកខ្លះក៏ភិតភ័យខ្លាចខ្ញុំទទួលការចម្លងមេរោគពីលោករដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលអាចនាំឱ្យរាលដាលដល់អ្នកផ្សេងទៀត ពិសេសក្រោយពេលមន្ត្រីនគរបាលយើងម្នាក់ដែលបំរើការជាអង្គរក្សជូនលោករដ្ឋមន្ត្រី ព្រមទាំងទូតហុងគ្រី និងមន្ត្រីជាន់ខ្ពស់របស់យើង២នាក់ទៀត រកឃើញថាមានមេរោគ Covid-19 ។ តែក៏មានអ្នករាប់អានពីឆ្ងាយៗផ្ញើការសាកសួរសុខទុក្ខ និងជូនពរសុខភាពល្អ និងសុវត្ថិភាព មិនដាច់ដែរ» ។
សារដដែលនេះ ឯកឧត្ដមប្រាក់ សុខុន បញ្ជាក់ថា៖ «ក្រុមគ្រួសារខ្ញុំ អ្នកធ្វើការនៅក្នុងផ្ទះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ និងរូបខ្ញុំផ្ទាល់ បានធ្វើតេស្តចំនួន២ដងហើយ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ព្រមទាំងមានសុខភាពល្អជាធម្មតា ។ តំាងពីថ្ងៃបន្ទាប់ពីទស្សនកិច្ចលោករដ្ឋមន្ត្រីការបរទេសហុងគ្រីមក ខ្ញុំនៅតែរក្សាទំលាប់ប្រចាំថ្ងៃរបស់ខ្ញុំដដែល គឺក្រោកហាត់ប្រាណខ្ទង់ម៉ោង ៥ ភ្លឺ ទទួលទានអាហារពេលព្រឹកចន្លោះពីម៉ោង ៦:៤៥ ទៅម៉ោង ៧:០០ រួចចូលបន្ទប់ធ្វើការ (ពេលនេះគឺធ្វើការក្នុងផ្ទះ) ដូចកាលមិនទាន់មានករណីព្រឹត្តិការណ៍ ៣ វិច្ឆិកា យ៉ាងដូច្នេះ ។ កំដៅក្នុងខ្លួនធម្មតា បាយក៏បាន សម្រាន្តក៏ស្រួល។ ខ្លាចតែឡើងគីឡូទៅវិញទេ»! ៕