នីកូ បន់ស្រន់រាល់យប់ ដល់ថ្នាក់ដោះដូរនឹងជីវិតខ្លួនពាក់កណ្ដាល ដើម្បីលោកយាយ
នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាចម្រៀងប្រុស-ស្រីត្រកូល ណុប ដែលមានដូចជា លោក ណុប បាយ៉ារិទ្ធ , នីកូ និង កញ្ញា តាក់ម៉ា ព្រមទាំងក្រុមគ្រួសារទាំងមូលបានជួបទុក្ខធំ ដោយលោកយាយជាទីស្រឡាញ់បានទទួលមរណភាពហើយក្នុងជន្មាយុ ៩៧ ឆ្នាំ បន្សល់តែក្តីអាឡោះអាល័យនៃការបាត់បង់ចំពោះកូនចៅប៉ុណ្ណោះ ។
ទន្ទឹមនឹងការបាត់បង់លោកយាយជាទីស្រឡាញ់ចេញពីទ្រូងគ្មានថ្ងៃវិលត្រឡប់នេះដែរ នីកូ បានបង្ហាញក្ដីស្ដាយស្រណោះចំពោះយាយក្រៃលែង ព្រោះថារឿងដែលលោកភ័យខ្លាចបំផុតនៅក្នុងជីវិត ដែលលោកតែងបន់ស្រន់កុំឱ្យវាកើតឡើងនោះ ទីបំផុតវានៅតែកើតឡើងដដែល ដោយសារតែមិនអាចប្រឆាំងនឹងព្រេងវាសនាបាន ។
នីកូ បានរៀបរាប់ទាំងសោកសៅនៅលើគណនីអ៊ីនស្ត្រាក្រាមផ្លូវការថា «វេលាដែលភ័យខ្លាចពេញមួយជីវិត ទីបំផុតបានមកដល់ ខ្ញុំតែងជឿលើការបន់ស្រន់រាល់រាត្រីដោះដូរនឹងជីវិតរបស់ខ្ញុំពាក់កណ្តាល ជឿលើអភិនីហារដែលតែងថែរក្សាលោកយាយ រហូតដល់ 97 វស្សា តែមនុស្សលោកមិនអាចប្រឆាំងព្រេងវាសនាបានរហូតទេ ស្លឹកឈើដែលទុំបានជ្រុះក្នុងរយៈពេលមួយពព្រិចភ្នែក សូមបុណ្យកុសលក្រុមគ្រួសារទាំងអស់ជូនដំណើរលោកយាយទៅកាន់សុគតិភព» ៕