ប្រមាណជា ១ ឆ្នាំមុនដែលយុវជន សូ សុទ្ធ បច្ចុប្បន្នជាម្ចាស់កសិដ្ឋានអាហ្សូឡាស្វាយរៀង បានសម្រេចចិត្តដាំរុក្ខជាតិអាហ្សូឡា ព្រោះតែចាប់អារម្មណ៍រុក្ខជាតិមួយនេះថាវាមានសារធាតុជំនួយដល់ការធំធាត់របស់សត្វ ដូច្នេះអ្នកចិញ្ចឹមសត្វពិតជាត្រូវការទិញដើម្បីយកទៅឱ្យសត្វដែលគេចិញ្ចឹមស៊ី និង ឱ្យមាន់ទាគាត់ចិញ្ចឹមវាស៊ីជាចំណី ពិសេសដោយរូបគេសុខភាពមិនសូវល្អ និង មិនចង់ចំណាកស្រុកទើបចាប់ប្រកបរបរនេះ ។
ក្នុងការដាំចកអាហ្សូឡាដំបូងយុវជន សូ សុទ្ធ បានទិញពូជចំនួន ៣ គីឡូក្រាមដាក់ក្នុងអាងមួយ ដោយកាលនោះពូជមួយគីឡូក្រាមថ្លៃ ៤០០០០ រៀល តែបានតថ្លៃគេត្រឹម ៣០០០០ រៀល ។ តាំងពីនោះមកចកអាហ្សូឡារបស់គេចេះតែដុះលូតលាស់ល្អ និង លក់ឱ្យអ្នកស្រុកភូមិ និង លក់ទៅដល់ក្រុងភ្នំពេញ ព្រមទាំងខេត្តត្បូងឃ្មុំ ដែលគេបានកុម្ម៉ង់ទិញទៀតផង ។
កន្លងទៅរូបគេអាចលក់អាហ្សូឡា ប្រមាណ ១០ ទៅ ២០ គីឡូក្រាម ជាមួយនឹងតម្លៃ ២ ម៉ឺនរៀល ក្នុង ១ គីឡូក្រាម ។ ជាមធ្យមចំណូលពីការលក់រុក្ខជាតិ អាហ្សូឡាក្នុង ១ ខែ បានប្រមាណ ២ ទៅ ៣ លានរៀល ។ ក្រៅពីចំណូលនេះ យុវជន សូ សុទ្ធ ក៏ទទួលបានចំណូលពីការលក់មាន់ ទា ត្រី និង កង្កែប បន្ថែមទៀតដែរ ។
គិតមកទល់ពេលនេះកសិករ សូ សុទ្ធ សម្រេចដាំចកអាហ្សូឡាបានសរុបជាង ១០ អាងទាំងតូចទាំងធំ និង មានចិញ្ចឹមកង្កែប,ត្រី,មាន់,ទា បានមួយចំនួនថែមទៀតសម្រាប់លក់ដោះស្រាយជីវភាពក្រុមគ្រួសារឱ្យធូរធារ ។
អាហ្សូឡា ជារុក្ខជាតិអណ្ដែតទឹកម្យ៉ាង ស្រដៀងនឹងចក ហើយវាជារុក្ខជាតិដែលមានសារធាតុជំនួយដល់ការធំធាត់របស់សត្វ ។ រុក្ខជាតិនេះត្រូវបានគេយកទៅលាយជាមួយកន្ទក់ ស្រូវ និង បាយកក ធ្វើជាចំណីធម្មជាតិសម្រាប់សត្វចិញ្ចឹមដូចជា មាន់ ទា ត្រី កង្កែប កន្ធាយ ជ្រូក ជាដើម ។
ការដាំចកអាហ្សូឡា ចំណាយដើមទុនប្រមាណជា ១០ ម៉ឺនរៀលប៉ុណ្ណោះក្នុង ១ អាង ពិសេសងាយក្នុងការដាំដុះ ទើបពេលនេះគេសង្កេតឃើញថា ចកអាហ្សូឡាសំបូរនិង មានការធ្លាក់ថ្លៃផងដែរ ដោយពីមុនមួយគីឡូក្រាមថ្លៃ ៤០០០០ រៀល ឥឡូវធ្លាក់ថ្លៃនៅត្រឹម ១០០០០ រៀលប៉ុណ្ណោះ ព្រោះមានគេដាំបានច្រើនគ្រប់ទីកន្លែង ៕