អុញ! កូនខ្ចីមិនទាន់គ្រប់ ១ ខែផង ឌី សូនីតា ត្អូញស្រកអស់ ១៨ គីឡូ
កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ តារាសម្ដែង ឌី សូនីតា បានសម្រាលកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ឈ្មោះ ហ្សូតា ម៉ីហាណា ឬហៅក្រៅថា អូនស្មាយ ធ្វើឱ្យមិត្តភក្ដិនៅក្នុងរង្វង់សិល្បៈ ក៏ដូចជាមហាជនជាច្រើន ចូលរួមអបអរសាទរស្វាគមន៍សមាជិកថ្មី បើទោះបីជាតារាស្រីរូបនេះ មានកូនទាំងមិនទាន់ឮសំឡេងភ្លេងការតាមប្រពៃណីក៏ដោយ ។
ចាប់តាំងពីទទួលបានកូនស្រីម្នាក់នេះមក ឌី សូនីតា តែងបង្ហាញក្ដីស្រឡាញ់ ផ្ដល់ភាពកក់ក្ដៅ ថ្នាក់ថ្នមមើលថែនាងតូចប្រៀបដូចជាព្រះនាង បង្ហោះតាមរយៈគណនីហ្វេសប៊ុកសឹងតែមិនសល់ថ្ងៃឡើយ ។ ក្រៅពីបង្ហាញអារម្មណ៍រំភើបរីករាយ ព្រោះបានក្លាយជាម្ដាយគេលើកដំបូងក្នុងជីវិត ក្នុងនោះ ឌី សូនីតា ក៏បានត្អូញត្អែរថា នាងបានស្រកអស់ ១៨ គីឡូ ព្រោះតែនឿយហត់ក្នុងការមើលថែកូនស្រីខ្លាំងពេក ។
ឌី សូនីតា បានលើកឡើងថា «មើលមុខអ្នកម៉ែដាច់យប់ផងលោកស្រីកូនអើយ និយាយពីថា គាត់នៅអាមេរិកខ្ញុំនៅស្រុកខ្មែរចាស យប់គាត់ថ្ងៃខ្ញុំ យប់ខ្ញុំថ្ងៃគាត់ ឥលូវដល់ពេលព្រឹកខ្ញុំ គាត់ចូលក្រឡាបន្ទំវិញម្តង ឆាកជីវិត ស្រកអស់ ១៨គីឡូភ្លាមៗ ហក់មកជាមួយអ្នកម្តាយ ។ សុំប្តូរបាលីហើយបងប្អូន បាលីមុន ប្រពន្ធអញ អញត្រូវតែទ្រាំ យ៉ាងណានៅតែប្រពន្ធអញ បាលីឥលូវ កូនអញ អញត្រូវតែទ្រាំ យ៉ាងណានៅតែជាកូនអញ» ៕